ឆ្នាំ​ពន្លឺ​ស្ដាប់​ទៅ​រាង​ជ្រៅ ប៉ុន្តែ​តាម​ពិត​ស្រួល​យល់​ន័យ​ណាស់​

  • 2017-05-17 03:33:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ឆ្នាំ​ពន្លឺ​គឺ​ជា​ខ្នាត​ដែល​អ្នក​វិទ្យាសាស្ត្រ​និយម​​ប្រើ​សម្រាប់​វាស់​រយៈ​ចម្ងាយ​ឆ្ងាយៗ​ ដូច​ជា​ចម្ងាយ​ពី​ភព​មួយ​ទៅ​ភព​មួយ​ ឬ ចម្ងាយ​ពី​កាឡាក់ស៊ី​មួយ​ទៅ​កាឡាក់ស៊ី​មួយ​ជា​ដើម។ មាន​មនុស្ស​ជា​ច្រើន​នៅ​តែ​មិន​ទាន់​ដឹង​ច្បាស់​ថា​ ឆ្នាំ​ពន្លឺ ស្មើ​នឹង​ប៉ុន្មាន​គីឡូម៉ែត្រ ហើយ​គេ​បាន​ប្រើ​វា​តាំង​ពី​ពេល​ណា។

​​​​​​ឆ្នាំ​ពន្លឺ​គឺ​ជា​ចម្ងាយ​ដែល​ពន្លឺ​អាច​ធ្វើ​ដំណើរ​បាន​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ ហើយ​​ក្នុង​មួយ​វិនាទី​ពន្លឺ​អាច​ធ្វើ​ដំណើរ​បាន​ជិត ៣០០ ០០០ ​គីឡូម៉ែត្រ​ឯណោះ។ ដូច​នេះ​ក្នុង​មួយ​ឆ្នាំ​ពន្លឺ​អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​​ប្រមាណ​ ៩ ៥០០ ០០០ ០០០ ០០០ ​​ គីឡូម៉ែត្រ។ និយាយ​ឲ្យ​ស្រួល​ស្ដាប់​ទៅ​មួយ​ឆ្នាំ​ពន្លឺ​​គឺ​ប្រមាណ​ជា​ ១០ លាន​លាន​គីឡូម៉ែត្រ។

មូលហេតុ​នាំ​ឲ្យ​មាន​ការ​ប្រើ​ខ្នាត​ឆ្នាំ​ពន្លឺ​នេះ​ព្រោះ​តែ​រយៈ​ចម្ងាយ​ក្នុង​លំហអាកាស​ពិត​ជា​ធំ​មហិមា​មែន​ទែន ប្រសិន​បើ​ប្រើ​ត្រឹម​ខ្នាត​គីឡូម៉ែត្រ​ពិត​ជា​ពិបាក​ខ្លាំង។ ជាក់​ស្ដែង​ចម្ងាយ​ពី​​កាឡាក់ស៊ី​របស់​យើង (កាឡាក់ស៊ី​ Milky Way) ទៅ​កាន់​កាឡាក់ស៊ី​ Andromeda គឺ​ ២១ ០០០ ០០០ ០០០ ០០០ ០០០ ០០០ គីឡូម៉ែត្រ។ គ្រាន់​តែ​ឃើញ​លេខ​សូន្យ​ក៏​ចង់​វិល​មុខ​ដែរ ហេតុ​នេះ​ទើប​គេ​ប្រើ​ខ្នាត​ឆ្នាំ​ពន្លឺ​ជំនួស វិញ។

​ឆ្នាំ​ ១៦៧៦ ​លោក​ Ole Rømer អ្នក​វិទ្យាសាស្ត្រ​សញ្ជាតិ​​ដាណឺម៉ាក​​​ ជា​អ្នក​ដែល​អាច​​ប៉ាន់ស្មាន​ពី​ចម្ងាយ​ដែល​ពន្លឺ​អាច​ធ្វើ​ដំណើរ​ក្នុង​រយៈពេល​ ១ ឆ្នាំ​ដំបូង​គេ។ ចំណែក​ការ​ប្រើ​ខ្នាត​ឆ្នាំ​ពន្លឺ​នេះ​កើត​មាន​ឡើង​ក្រោយ​​ ២ ទៅ ៣ ឆ្នាំ​​នៃការ​វាស់​​រយៈ​ចម្ងាយ​ពី​ដួង​ផ្កាយ​មួយ​ទៅ​កាន់​ព្រះអាទិត្យ​ដោយ​ជោគជ័យ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​ ១៨៣៨ ដោយ​តារាវិទូ​សញ្ជាតិ​អាល្លឺម៉ង់​លោក​ Friedrich Bessel តាម​រយៈ​ការ​ប្រើ​ឧបករណ៍​វាស់​ចម្ងាយ​ផ្កាយ​ដែល​មាន​ទំហំ​ ៦,២ អ៊ីញ៕​​​​​​

ប្រភព៖ Wikipedia | Kinooze   ប្រែ​សម្រួល៖ សុខហេង