មកស្ដាប់ CEO កម្ពុជាវ័យ​ក្មេង​​បំផុត ៣រូប ចែករំលែកបទពិសោធន៍រៀងខ្លួន

  • 2017-05-18 02:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​តស៊ូ​ព្យាយាម​មិន​បោះបង់ ហ៊ាន​ប្រថុយ​ទទួល​យក​ហានិភ័យ​រាប់​មិន​អស់ រហូត​ក្លាយ​ជា​សហគ្រិន​វ័យ​ជោគជ័យ​មួយ​រូប​ គឺ​មិន​មែន​ជា​រឿង​ងាយ​នោះ​ឡើយ​។ ​ប៉ុន្តែ​បុរស​វ័យ​ក្មេង​រូប​សង្ហា​ ទាំង​៣​រូប​​នេះ​វិញ មិន​ត្រឹម​តែ​មាន​វ័យ​ក្មេង រូប​សង្ហា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ចិត្ត​ល្អ ចែក​រំលែក​នូវ​បទពិសោធន៍​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ចង់​ធ្វើ​ជំនួញ​ទៀត​ផង​។ ​ខាង​ក្រោម​នេះ​ជា​ការ​ចែក​រំលែក​នូវ​បទពិសោធន៍ ល្អៗ​ជា​ច្រើន​ពី​នាយក​ប្រតិបត្តិ​វ័យ​ក្មេង​របស់​កម្ពុជា​។

១. ​លោក​ សេង ពិសិដ្ឋ

​លោក សេង ពិសិដ្ឋ ​ជា​នាយក​ប្រតិបត្តិ​​​​វ័យ​ក្មេង​បំផុត​របស់ ក្រុមហ៊ុន ANUSSA។ ​មិន​ត្រឹម​តែ​ជា​អ្នក​ជំនួញ​កំពុង​ជោគជ័យ​លើ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រូប​លោក​ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា ជា​នាយក​ប្រតិបត្តិ​ដែល​ តែង​តែ​រក​គន្លឹះ​ធ្វើ​យ៉ាង​ណា​ឱ្យ​បុគ្គលិក​របស់​ស្រឡាញ់​ការងារ​ទៀត​ផង​។ គិត​មក​ដល់​ឆ្នាំ ២០១៧​នេះ លោក​​មាន​វ័យ​ទើប​តែ ២៦​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន ASNUSSA Event Planner របស់​លោក បាន​បង្កើត​ឡើង​ពាក់​កណ្ដាល ឆ្នាំ​២០១៣។

កន្លង​មក​លោក​ធ្លាប់​បាន​ចែក​រំលែក​នូវ​គន្លឹះ​មួយ​ចំនួន ដើម្បី​រក្សា​បុគ្គលិក​ល្អ​ៗ មក​កាន់​ Sabay ទៀត​ផង​។ ​ជា​យុទ្ធសាស្ត្រ​លោក​មាន​គន្លឹះ​មួយ​ចំនួន ដូច​ខាង​ក្រោម​៖

-ត្រូវ​ឱ្យ​បុគ្គលិក​យល់​ថា ក្រុមហ៊ុន​​នេះ​ដូច​ជា​ផ្ទះ​របស់​គេ

-បន្ត​ជំរុញ​សមត្ថភាព​របស់​បុគ្គលិក

-បណ្ដុះបណ្ដាល​​​បុគ្គលិក​នូវ​ ស្មារតី ជំនាញ និង​ការងារ​ផ្សេងៗ​

-អនុញ្ញាត​ឱ្យ​បុគ្គលិក​​បញ្ចេញ​ស្នាដៃ កសាង​សមិទ្ធផល​របស់​ខ្លួន

-ក្រៅ​ពី​ប្រាក់​ខែ ត្រូវ​ចេះ​ផ្ដល់​ជា​​រង្វាន់ ប្រាក់​លើកទឹកចិត្ត និង​ភាគហ៊ុន​ដល់​បុគ្គលិក​ ពេល​ក្រុមហ៊ុន​រីកចម្រើន

-មិន​ត្រូវ​ចាត់​ទុក​ពួកគេ​​​ត្រឹម​តែ​បុគ្គលិក​ទេ ប៉ុន្តែ​ជា​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន

លោក ពិសិដ្ឋ ប្រាប់​ថា បុគ្គលិក​ល្អជា​បុគ្គល​មាន​សមត្ថភាព មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ ដែល​​អាច​ដើរ​ទៅ​មុខ​ជាមួយ​ក្រុមហ៊ុន​បាន​​ហើយ​ពួកគេ​រួមចំណែក​​សំខាន់ ក្នុង​ការ​ជួយ​ឱ្យ​ក្រុមហ៊ុន​រីកចម្រើន។

  ២. ឃន ឈុនដារ៉ា

មក​ស្គាល់​ CEO វ័យ​ក្មេង​រូប​សង្ហា​មួយ​រូប​ទៀត​ គឺ លោក ឃន ឈុនដារ៉ា ​ជា​​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Karanak Capital KOI ​​បច្ចុប្បន្ន​ លោក​ជា​សហគ្រិន​វ័យ​ក្មេង​កំពុង​ជោគជ័យ​ខ្លាំង​បំផុត ​ក្នុង​មុខ​ជំនួញ​។ ​មិន​ត្រឹម​តែ ជា​សហគ្រិន វ័យ​ក្មេង​ប៉ុណ្ណោះ​ទេ តែ​លោក​ថែម​ទាំង​មាន​ចិត្ត​ល្អ ​​ចែក​រំលែក​នូវ​គន្លឹះ​សំខាន់​ៗ​ដើម្បី​ក្លាយ​ជា​សហគ្រិន​​ជោគជ័យ​មួយ​រូប​ទៀត​ផង​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ Sabay កន្លង​ទៅ​ នាយក​ប្រតិបត្តិ​ KOI រូប​នេះ បាន​ប្រាប់​ពី​គន្លឹះ​សំខាន់ៗ មួយ​ចំនួន​ ដើម្បី​ក្លាយ​ជា​សហគ្រិន​វ័យ​ក្មេង​ដូចជា​៖

ភាព​ក្លាហាន​ក្នុង​ការ​

ទទួល​យក​ហានិភ័យ

ទំនុក​ចិត្ត​ខ្ពស់​ទៅ​លើ​ខ្លួន​ឯង

ត្រូវ​មាន​បណ្ដាញ​ទំនាក់ទំនង​ច្រើន

យល់​ដឹង​ពី​សមាសភាព​ខ្លួន​ឯង​ឱ្យ​បាន​ច្បាស់​លាស់

មាន​ចក្ខុ​វិស័យ​ច្បាស់លាស់​

ចេះ​ស្រាវជ្រាវ

ហ៊ាន​អារកាត់​ និង​វិនិច្ឆ័យ

មិន​បោះ​បង់​ការ​ព្យាយាម

៣. លោក គង់ សុលី​យ៉ា

​ចំណែក CEO ចុង​ក្រោយ​នេះ គឺ លោក គង់ សុលី​យ៉ា ​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ដឹក​ជញ្ជូន "Joonaak Delievery” ​។ រូប​លោក​ ត្រូវ​បាន​មនុស្ស​ជា​ច្រើន​កត់​សម្គាល់​ថា ជា​នាយក​ប្រតិបត្តិ​មួយ​រូប មាន​ចរិត​ស្លូត​បូត​ សុភាព​រាប​សា​​គួរ​ឱ្យ​គោរព​ស្រឡាញ់​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ កន្លង​មក​ លោក​ធ្លាបើ​ចែក​រំលែក បទ​ពិសោធន៍​ ដើម្បី​ជោគជ័យ​ក្នុង​មុខ​ជំនួញ​ទៀត​ផង​។

​CEO វ័យ​ក្មេង​រូប​នេះ អះ​អាង​ថា បើ​ចង់​រក​ស៊ី​ជោគជ័យ ត្រូវ​ចាប់​ឱកាស​ឲ្យ​បាន នោះ​ភាគ​រយ​មាន​ខ្ពស់។ ទោះ​យ៉ាងណា លោក សុលីយ៉ា បាន​បន្ថែម​ថា បន្ទាប់​ពី​ចាប់​ឱកាស​បាន​ហើយ ត្រូវ​ពុះពារ​ឲ្យ​ខ្លាំង ព្រោះ​ភាព​ជោគជ័យ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ។ អ្នក​ជំនួញ​វ័យ​ក្មេង​បាន​​បង្ហើរ​ពាក្យ​មួយ​ឃ្លា​ថា "ហ៊ាន​ចាប់​ផ្ដើម ទើប​ដឹង​ថា​ជោគ​ជ័យ​ឬ​អត់"៕

 

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម