បើតារា K-Pop ព្រហើនធ្វើរឿងទាំង ៤ នេះ ដូចបោកឆ្នាំងបាយសិល្បៈចោល

  • 2023-11-20 03:43:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មានអាល្លឺម៉ង់ Stern អតីតសមាជិក DRIPPIN គឹ Alex បានលាតត្រដាង អំពីជីវិតរបស់ខ្លួននាមជាតារា K-Pop

Alex

តារា​ចម្រៀងកូនកាត់អាឡឺម៉ង់-កូរ៉េ​រូបនេះ បាន​បង្ហាញ​ខ្លួន​ដំបូងលើសិល្បៈ​ក្នុង​ឆ្នាំ **២០២០** ហើយ​បាន​ចាក​ចេញ​ពី​ក្រុម​ជា​ផ្លូវ​ការ​នៅ ៣ ឆ្នាំ​ក្រោយ​មក។ ទោះបីជាលោករីករាយនឹងពេលវេលាលើឆាកក៏ពិតមែន ប៉ុន្តែលោកក៏ត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់បំផុត ដោយត្រូវវិលត្រឡប់ទៅសាលារៀនវិញ ហើយរស់នៅក្នុងជីវិតជាជនធម្មតា។

Alex បាន​និយាយថា៖ «ខ្ញុំមិនត្រូវបានអនុញ្ញាតឱ្យនិយាយអំពីរឿងពិតនៅពីខាងក្រោយបាន​ទេ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​គឺ "ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ថា​ខ្ញុំ​មិន​បាន​អភិវឌ្ឍ​ជា​វិជ្ជមាន​តាម​ការ​រំពឹង​ទុក​របស់​ខ្ញុំ"។ ខ្ញុំចំណាយពេលយូរក្នុងការសម្រេចចិត្តចាកចេញ ព្រោះខ្ញុំនៅមានក្ដីរំភើបនឹងឆាកសម្ដែង និងជាមួយអ្នកគាំទ្រ។ ប៉ុន្តែ​វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ ព្រោះខ្ញុំចង់បញ្ចប់ការសិក្សា»។

Alex

លោកបានបញ្ជាក់យ៉ាងច្បាស់ថា តារា K-Pop ដែលគួរជាទីប្រាថ្នាចង់បាន គួរតែមើលទៅអស្ចារ្យហួសពីការស្មាន។ ពួកគេ​គួរ​តែ​គិត​ឲ្យ​ហ្មត់ចត់បំផុត ប្រសិន​បើ​នេះ​ជា​ផ្លូវ​ដែល​ពួកគេ​ចង់​ដើរ។

«ជា​ការ​ពិត​ណាស់ វា​ជា​ការ​សប្បាយ​ពេលបាន​នៅ​លើ​ឆាក។ វាជាកាដូដ៏អស្ចារ្យ ហើយខ្ញុំពេញចិត្តណាស់។ ប៉ុន្តែ​អ្នកណាក៏ដោយ ​ដែល​ក្លាយជា​តារា K-Pop ក៏​ត្រូវ​ដឹង​ច្បាស់​ពី​អ្វី​ដែល​ពួកគេ​កំពុង​ដើរចូលនោះ​ដែរ»។ នេះជាការបន្ថែមរបស់ Alex

Alex ក៏មិនភ្លេចលើកយកចំនុចសំខាន់ដែលត្រូវចៀស និងប្រយ័ត្នឲ្យបាន​ខ្ពស់ក្នុងការប្រព្រឹត្តិរឿងអ្វី​មួយក្នុងពិភពសិល្បៈ។

១. នយោបាយ

ជាដំបូង Alex បាននិយាយថា តារាល្បីៗ គួរតែជៀសវាងនិយាយអំពីប្រធានបទមួយចំនួនដូចជារឿងនយោបាយ។ វា​ជា​ប្រធាន​បទ​ដែល​អាច​នឹងនាំពួកគេចូល​ក្នុង​ទឹក​ក្តៅ​បាន​យ៉ាង​ងាយ​ បើហ៊ានតែនិយាយខុស​មួយ​ម៉ាត់។ ជារួម តារា K-Pop មិនគួរនិយាយពីរឿងនយោបាយទេ។

២. ការជក់បារី

ការជក់បារី ក៏ជារឿងមួយដែលពិបាកគេចផុតពីពិភព K-Pop បានដែរ។ ក្រៅ​ពី​កេរ្តិ៍ឈ្មោះត្រូវបានសាយភាយអាក្រក់ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូងហើយ វា​ក៏​ជះឥទ្ធពិលមិនល្អដល់សំឡេង​របស់​អ្នក​ចម្រៀង​ដែរ។

៣. ជប់លៀងខ្លាំងពេក

Alex ក៏អះអាងយ៉ាងមុតមាំដែរថា បើជប់លៀងសប្បាយក្នុងកម្រិតមធ្យមមិនមានបញ្ហាចោទខ្លាំងនោះទេ ប៉ុន្តែប្រសិនជប់លៀងញឹកពេក ឬក្នុងលក្ខណៈជោគជាំ នឹងមិននាំទៅរកផលឡើយ។

៤. ការណាត់ជួប ឬមានស្នេហា

ដូចដែលប្រិយមិត្តបានដឹងហើយថា ការជាប់ពាក់ព័ន្ធក្នុងរឿងស្នេហា តែងតែធ្វើឲ្យតារា K-Pop ទទួល​រងនូវព្យុះព័ត៌មានអាស្រូវ ខូចកេរ្តិ៍ឈ្មោះ ខណៈអ្នកគាំទ្រភាគច្រើនប្រកាន់ច្រើន។

ប្រសិនបើតារាទាំងនោះ ស្ថិតក្នុងពេលទើបតែបង្ហាញ​មុខលើសិល្បៈ (Debut) យកល្អ កុំយកខ្លួនទៅពាក់ព័ន្ធនឹង​រឿងស្នេហាល្អជាង។

ចុះប្រិយមិត្តវិញ គិតយ៉ាងណាដែរចំពោះការលើកឡើងរបស់ អតីតតារា K-Pop រូបនេះ?

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Koreaboo  

អត្ថបទថ្មី