អស្ចារ្យ! SCG Muangthong នឹងមកប្រកួតនៅកម្ពុជាម្ដងទៀតក្នុងព្រឹត្តការណ៍ Asean Tour

  • 2017-05-20 23:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន អេស ស៊ី ជី ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ាន បានប្រកាសពីការវិលត្រឡប់មកវិញនៃព្រឹត្តិការណ៍ Asean Tour របស់ក្លឹប SCG Muangthong United ឆ្នាំ២០១៧។

ក្នុងការប្រកួតទេសចរណ៍ Asean Tour របស់ខ្លួន Muangthong United ដែលជាក្លឹបខ្លាំងមួយនៃលីគកំពូលថៃ និងនៅអាស៊ី នឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុមតាមបណ្ដាប្រទេសមួយចំនួននៅអាស៊ាន ហើយប៉ះ K-Cement Cambodian All Star របស់កម្ពុជាសារជាថ្មីនៅថ្ងៃទី២០ ខែកក្កដា ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងសន្និសីទសារព័ត៌មាននៅកីឡដ្ឋាន SCG Muangthong ក្នុងប្រទេសថៃកាលពីថ្ងៃម្សិលមិញ លោក Pramote Techasupatkul មានប្រសាសន៍ថា ដោយសារមានការគាំទ្រខ្លាំងពីប្រិយមិត្តជាង ៤ម៉ឺន ៥ពាន់នាក់ ក្នុងការប្រកួតនៅកម្ពុជាកាលពីឆ្នាំមុន ទើបមានការរៀបចំ Muangthong United Asean Tour ម្ដងទៀតនៅឆ្នាំនេះ។

ទីប្រឹក្សាអគ្គនាយក អេស ស៊ី ជី ដដែលបន្តថា ក្រុមហ៊ុន អេស ស៊ី ជី ចង់បង្កើតការប្រកួតនេះឡើងដើម្បីអ្នកគាំទ្រកម្ពុជា ក៏ដូចជារួមចំណែកលើកកម្ពស់វិស័យបាល់ទាត់, សមត្ថភាពកីឡាករកម្ពុជា ថែមទាំងអាចឲ្យប្រជាជនខ្មែរស្គាល់ ម៉ាកយីហោ អេស ស៊ី ជី កាន់តែច្បាស់។

មិនខុសពីឆ្នាំមុន ការមកដល់ កម្ពុជាលើកនេះ Muangthong United ដែលមានកីឡាករកំពូលៗកំពុងប្រកបអាជីពនៅទីនោះ នឹងរៀបចំសកម្មភាព Kick & Share ដើម្បីជួយណែនាំបច្ចេកទេសបាល់ទាត់ដល់យុវជនកម្ពុជាដែលស្នេហាវិស័យកីឡាបាល់ទាត់។

អេស ស៊ី ជី លើកទឹកចិត្តឲ្យប្រិយមិត្តអ្នកគាំទ្រកម្ពុជាទាំងអស់ ចូលរួមទស្សនាការប្រកួតដោយផ្ទាល់ឲ្យបានច្រើនកុះករ។ គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៦ Muangthong United ប្រកួតចាញ់ K-Cement Cambodian All Star ក្នុងលទ្ធផល ៣-៤៕

អត្ថបទ៖ វីរ័ត្ន