​Mark Zuckerberg លែង​មាន​​​ឈ្មោះ​ជា​មហាសេដ្ឋី​​គ្មាន​សញ្ញាប័ត្រ​ទៀត​ហើយ​

  • 2017-05-26 01:46:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mark Zuckerberg​ ធ្លាប់​បាន​បោះបង់​ការ​សិក្សា​នៅ​ឆ្នាំ​ទី​ពីរ​ពី​​សកលវិទ្យាល័យ​ Harvard ដើម្បី​បន្ត​ងាក​ទៅ​ផ្ដោត​លើ​ការ​​បង្កើត​បណ្ដាញ​សង្គម​យក្ស​ Facebook រហូត​ដល់​​ក្លាយ​ជា​មហាសេដ្ឋី​​ទឹក​ប្រាក់​ពាន់​លាន​ដុល្លារ។ ចំណុច​នេះ​ហើយ​ធ្វើ​ឲ្យ​ Mark ជាប់​ឈ្មោះ​ជា​មហា​សេដ្ឋី​គ្មាន​សញ្ញាប័ត្រ​​សកលវិទ្យាល័យ។

​ យ៉ាងណាក្ដី​កាល​ពី​​យប់​ម្សិលមិញ (ម៉ោង​នៅ​អាមេរិក) Mark Zuckerberg បាន​ត្រឡប់​ទៅ​ទទួល​សញ្ញាប័ត្រ​កិត្តិយស​នៅ​ឯ​សកល​វិទ្យាល័យ​ Harvard រួម​ទាំង​បាន​ឡើង​ថ្លែង​​សុន្ទរកថា​បញ្ចប់​ការ​សិក្សា​ទៀត​ផង។

នៅ​អំឡុង​ពេល​​ចាប់​ផ្ដើម​ទទួល​សញ្ញាប័ត្រ​ Mark បាន​និយាយ​ទៅ​កាន់​ក្រុម​និស្សិត​ថា ៖ «ប្រព័ន្ធ​របស់​យើង​ហាក់​ដូច​ជា​មាន​ចំណុច​ខុស​ឆ្គង​ត្រង់​ចំណុច​ណា​មួយ ដោយ​ខ្ញុំ​អាច​ចាក​ចេញ​ពី​ទី​នេះ​ដើម្បី​រក​ចំណូល​បាន​ពាន់​លាន​ដុល្លារ​ក្នុង​ពេល​ ១០ ឆ្នាំ។​ ចំណែក​ឯ​សិស្ស​រាប់​លាន​នាក់​ទៀត​មិន​ទាំង​អាច​រក​ប្រាក់​បង់​ថ្លៃ​សាលា​បាន​ផង។ មាន​មនុស្ស​តែ​ម្នាក់​​អាច​ចាប់​ផ្ដើម​អាជីវកម្ម​របស់​ខ្លួន​បាន»។ ​​មហាសេដ្ឋី​វ័យ​ ៣៣ ឆ្នាំ​បន្ត​ថា ៖ «នៅ​ពេល​ដែល​អ្នក​គ្មាន​សេរីភាព​ក្នុង​ការ​យក​គំនិត​របស់​ខ្លួន​​ទៅ​បង្កើត​ជា​អ្វី​ដែល​អស្ចារ្យ​មួយ​ នោះ​​យើង​ជា​អ្នក​ខាត​បង់»។

Mark ហាក់​ទទួល​បាន​សញ្ញាប័ត្រ​កិត្តិយស​លឿន​ជាង​លោក​​ Bill Gates ដែល​បាន​បោះបង់​ការ​សិក្សា​ទៅ​បង្កើត​ក្រុមហ៊ុន​ Microsoft នៅ​ឆ្នាំ​ ១៩៧៥ ប៉ុន្តែ​រហូត​ដល់​ឆ្នាំ​ ២០០៧ ទើប​ទទួល​បាន​សញ្ញាប័ត្រ​កិត្តិយស៕

ប្រភព៖ BBC | telegraph   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី