Huawei ម៉ូដែលថ្មីទើបចេញក្ដៅៗ មើលចង់ច្រឡំ iPhone 7 Plus

  • 2017-05-26 13:55:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះបន្តិច Huawei បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី​ពីរ​ម៉ូដែលគឺ Nova 2 និង Nova 2 Plus ដែល​មាន​ការ​រចនា​រូបរាង​ស្រដៀង​ទៅ​នឹង iPhone 7/7 Plus មែនទែន។

នៅ​ផ្នែក​ខាង​ក្រោយ​របស់ Nova 2 ទាំងពីរមានបំពាក់​ដោយ​កាមេរ៉ា​ភ្លោះ​ ដោយ​មួយ​មានកម្រិត ១២ MP, Aperture ទំហំ f/1.8 និង មួយទៀត​កម្រិត ៨ MP ជំនួយ​ដល់​ការ​ថត​រូប Portrait (ច្បាស់​មុខព្រាលក្រោយ) ដូចនឹង iPhone 7 Plus ដែរ។ កាមេរ៉ា​ខាង​មុខ​ពិសេស​ខ្លាំង​ដោយ​មាន​កម្រិត​ដល់ ២០ MP ធំជាងកាមេរ៉ាក្រោយទៅទៀត។

អេក្រង់ Nova 2 វិញ​មានទំហំ ៥ អ៊ីញ និង Nova 2 Plus អេក្រង់ ៥,៥ អ៊ីញ ដែលអាចបង្ហាញរូបភាពក្នុងកម្រិត 1080p។ ទូរសព្ទ​ដែល​រចនា​ពី​លោហៈទាំងពីរនេះមានកម្រាស់​ស្ដើង​ត្រឹម ៦,៩ ម.ម ប៉ុណ្ណោះ។ ចំណែក​ថាមពល​ថ្មមានទំហំ ២៩៥០ mAh និង មួយទៀតទំហំ ៣៣៤០ mAh។ ដោយឡែកបន្ទះឈីបគឺជាប្រភេទ Kirin 659 ខុសពីជំនាន់​មុន​ដែល​ប្រើឈីប Snapdragon។

ទាំង Nova 2 និង Nova 2 Plus សុទ្ធតែមាន RAM ទំហំ ៤ GB ប៉ុន្តែ Nova 2 មាន​អង្គផ្ទុក​ទិន្នន័យក្នុង​ម៉ាស៊ីនទំហំ ៦៤ GB និង Nova 2 Plus ទំហំ ១២៨ GB។ យ៉ាងណាក្ដីក៏មានរន្ធសម្រាប់ដោតមេមូរីកាតដើម្បីបន្ថែមទំហំផងដែរ។ ស្មាតហ្វូនទាំងគូនេះនឹងចេញលក់នៅថ្ងៃទី ១៦ ខែ​មិថុនា ដោយ Nova 2 តម្លៃ ៣៦៥ ដុល្លារ ចំណែក Nova 2 Plus តម្លៃ ៤២០ ដុល្លារ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី