Sabay នឹង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ វិបសាយ​មួយ​ចំនួន​ដែល​ប្រើប្រាស់​ Logo និង ព័ត៌មាន​ Sabay ពុំ​មាន​ការ​អនុញ្ញាត

  • 2017-05-28 08:40:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ​ Sabay បាន​កត់​សម្គាល់​ឃើញ​ថា បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន​ជាពិសេស​គេហទំព័រ បាន​យក​ព័ត៌មាន ដូចជា រូបភាព វីដេអូ អត្ថបទ និង បាន​ប្រើប្រាស់​ Logo របស់​ក្រុម​ហ៊ុន Sabay យក​ទៅ​ប្រើប្រាស់​ពុំ​មាន​ការ​អនុញ្ញាត​ ដែល​ធ្វើ​ឲ្យ​សាធារណៈ​ជន​មាន​ការ​យល់​ច្រឡំ​ មក​លើ​វិប​សាយ​ Sabay។ ទង្វើ​នេះ​គឺជា​ការ​រំលោភ​ច្បាប់​ កម្មសិទ្ធិបញ្ញា​ផង និង រំលោភ​លើ​ច្បាប់​ស្ដីពី "ម៉ាក​ពាណិជ្ជ​នាម និង​​អំពើ​នៃ​ការ​ប្រកួត​ប្រជែង​មិន​ស្មោះត្រង់" ចុះ​ថ្ងៃ​ទី ០៧ ខែ​កុម្ភៈ ឆ្នាំ ២០០២​ផង។

ដូច្នេះ Sabay ជា​ក្រុមហ៊ុនDigital ទំនើប​ និង​ជា​បណ្ដាញ​សារព័ត៌មាន​អន​ឡាញ​សំបូរ​បែប​ឈាន​មុខ​គេ​នៅ​ប្រទេស​កម្ពុជា នឹង​​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល ឬ អង្គភាព​ណា ដែល​បាន​យក​ផលិតផល​របស់​ Sabay មិន​មាន​ការ​អនុញ្ញាត ដូចជា អត្ថបទ​ រូបភាព វីដេអូ ជាដើម។ មួយទៀត បណ្ដាញ​សារព័ត៌មាន​អនឡាញ​មួយ​ចំនួន​ដែល​បាន​ប្រើប្រាស់​ឈ្មោះ រូបភាព​ Logo Sabay ឬ យក​ឈ្មោះ​ ​Sabay ទាំង​អក្សរ ឬ​អាន​ជា​សូរសៀង​ស្រដៀង​នឹង​ក្រុម​ហ៊ុន Sabay ដែល​ធ្វើ​ឲ្យ​សាធារណជន​មាន​ការ​ភ័ន្តច្រឡំ Sabay នឹង​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ព្រោះ​គេហទំព័រ Sabay បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​ត្រឹមត្រូវ និង ក្រុមហ៊ុន Sabay បាន​ចុះបញ្ជី​នៅក្រសួង​ពាណិជ្ជកម្ម រួមទាំង ពាណិជ្ជនាមផង។

ចាប់ពី​ពេល​នេះ សូម​សាធារណជន​ឈប់​មាន​ការ​ភ័ន្តច្រឡំ ហើយ​គេហទំព័រ​របស់​ Sabay ដែលត្រឹមត្រូវ គឺ​មាន​តែ​មួយ​គត់ តាមរយៈ​អាសយដ្ឋាន www.news.sabay.com.kh។ ដូច្នេះ​បើ​គេហទំព័រ បណ្ដាញ​សារព័ត៌មាន​ណា​ដែល​មាន​អាសយដ្ឋាន​ស្រដៀង​គ្នា​នេះ Sabay សូម​ច្រាន​ នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ដោយ​ផ្អែក​លើ​ច្បាប់​ កម្មសិទ្ធិបញ្ញា និង "ម៉ាក​ពាណិជ្ជ​នាម និង​​អំពើ​នៃ​ការ​ប្រកួត​ប្រជែង​មិន​ស្មោះត្រង់"។

វិបសាយ​មួយ​នេះ​បាន​ប្រើប្រាស់​ឈ្មោះ និង Logo ស្រដៀង​នឹង​ក្រុមហ៊ុន Sabay ហើយ​បាន​ផ្សព្វផ្សាយ​ព័ត៌មានមួយចំនួន​ដែល​ធ្វើ​ឲ្យ​សាធារណជន​មាន​ការ​ភ័ន្តច្រឡំ

វិបសាយមួយនេះក្រៅពី​សរសេរ​ឈ្មោះស្រដៀងនឹងក្រុមហ៊ុន Sabay ក៏បាន​យក​ផលិតផល​របស់​ Sabay យក​មក​ចុះផ្សាយ​មិន​បាន​សុំការអនុញ្ញាត

ការប្រើប្រាស់ឈ្មោះស្រដៀងនឹងក្រុមហ៊ុន Sabay

អត្ថបទ៖ ប៊ិន ប៊ុណ្ណា