សាលា​​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ល្អ​ទាំង​ ១០ ក្នុង​លោក​ មាន​មួយ​នៅ​អាស៊ី

  • 2017-05-30 07:48:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បញ្ចប់​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ពី​​សកលវិទ្យាល័យ​កំពូលៗ​លើ​លោក​ ជួយ​ឲ្យ​និស្សិត​មាន​ឱកាស​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ធំៗ​ដូច​ជា Apple, Google និង Facebook បាន។ ប៉ុន្តែ​សកលវិទ្យាល័យ​ណា​​ខ្លះ​ជាប់​ជា​សកលវិទ្យាល័យ​កំពូល​ក្នុង​ការ​បង្រៀន​​ផ្នែក​នេះ?

ផ្អែក​តាម​តារាង​ QS World University Rankings 2017 ធ្វើ​ឡើង​ដោយ​វិបសាយ​ Top Universities បង្ហាញ​ថា​សកលវិទ្យាល័យ​ផ្នែក​​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ជាប់​ចំណាត់​ថ្នាក់​កំពូល​ទាំង​ ១០ រួម​មាន ៖

​១. Massachusetts Institute of Technology (MIT) ៖

ផ្អែក​តាម​សារព័ត៌មាន​ The Guardianការ​ស្ទង់​មតិ​​ពី​​អតីត​សិស្ស​ MIT រក​ឃើញ​ថា​​​អតីត​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​​ទាំង​ឡាយ​បង្កើត​​ក្រុមហ៊ុន​បាន​ ២៥ ៨០០ ក្រុមហ៊ុន, បង្កើត​ការងារ​ដល់​មនុស្ស​ច្រើន​ជាង ៣ លាន​នាក់ ហើយ​ MIT ថែម​បង្កើត​បាន​កម្លាំង​ពាក់​កណ្ដាល​​ដែល​កំពុង​បំពេញ​ការងារ​យ៉ាង​សកម្ម​នៅ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ Silicon Valley ទៀត​ផង។

២. Stanford University ៖

សកលវិទ្យាល័យ​នៃ​រដ្ឋ​ California មួយ​នេះ​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​ដោយ​​បង្កើត​បាន​ធនធាន​ពូកែ​​ចូល​ទៅ​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដូច​ជា Google, HP, Instagram និង Snapchat ជា​ដើម។

៣. Carnegie Mellon University ៖

ត្បិត​ថា​សកលវិទ្យាល័យ​នេះ​មិន​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ទូទាំង​សកល​លោក​ដូច​ជា Stanford និង Harvard ប៉ុន្តែ​​គុណភាព​នៃ​ការ​បង្រៀន​ផ្នែក​​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង ព័ត៌មាន​វិទ្យា​នៅ​តែ​ទទួល​បាន​ការ​កោត​សរសើរ​ថា​ខ្លាំង។

៤. University of California, Berkeley ៖

មិន​ខុស​ពី​សកលវិទ្យាល័យ​ Carnegie Mellon University ខាង​លើ​ សកលវិទ្យាល័យ​ UCB នេះ​ក៏​មាន​ការ​បង្រៀន​ដែល​មាន​គុណភាព​ខ្ពស់​លើ​ផ្នែក​​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង ព័ត៌មាន​វិទ្យា​​ដែរ។

៥. University of Cambridge ៖

ទីក្រុង​ Cambridge ​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ដ៏​ធំ​មួយ​របស់​ចក្រភព​អង់គ្លេស​ដោយ​សារ​តែ​សកលវិទ្យាល័យ​នៃ​ទីក្រុង​នេះ​តែង​លេច​មុខ​លើ​តារាង​សកល​វិទ្យាល័យ​កំពូល​ជា​ច្រើន​លើក។

៦. Harvard University ៖

ជា​សកលវិទ្យាល័យ​លំដាប់​កំពូល​មួយ​ ប៉ុន្តែ​​លើ​ការ​បង្រៀន​ផ្នែក​​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង ព័ត៌មាន​វិទ្យា​មិន​ស៊ីដាច់​គេ​ឡើយ ហេតុ​នេះ​ទើប​ស្ថិត​នៅ​លេខ​រៀង​ទី​ ៦។ សកលវិទ្យាល័យ​នេះ​ក៏​ធ្លាប់​ជា​ជម្រក​របស់​ស្ថាបនិក​ Facebook លោក​ Mark Zuckerberg ផង​ដែរ។

៧. University of Oxford ៖

ចាប់​កំណើត​ឡើង​តាំង​ពី​ឆ្នាំ​ ១០៩៦ ប៉ុន្តែ​ការ​បង្រៀន​ទាក់​ទង​​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង ព័ត៌មាន​វិទ្យា​​នៅ​តែ​ទទួល​បាន​ការ​កោត​សរសើរ​ថា​មាន​គុណភាព​ខ្ពស់។

៨. Princeton University ៖

មាន​ទីតាំង​នៅ​រដ្ឋ​ New Jersey ហើយ​ក៏​ជា​កន្លែង​សម្រាប់​បង្កើន​ចំណេះ​ដឹង​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង ព័ត៌មាន​វិទ្យា​ដ៏​ល្អ​មួយ​ដែរ។

៩. ETH Zurich - Swiss Federal Institute of Technology ៖

ជា​សកលវិទ្យាល័យ​កំពូល​មួយ​ដែល​មិន​មាន​ទីតាំង​នៅ​ចក្រភពអង់គ្លេស ឬ សហរដ្ឋអាមេរិក​ ប៉ុន្តែ​មាន​ទីតាំង​នៅ​ប្រទេស​ស្វីស​ឯណោះ។ មាន​រង្វាន់​ណូបែល​ចំនួន​ ២១ ធ្លាប់​ប្រគល់​ជូន​សាស្ត្រាចារ្យ​ និង ​សិស្ស​និស្សិត​នៃ​សកលវិទ្យាល័យ​នេះ។

១០. National University of Singapore (NUS) ៖

​ក្នុង​បណ្ដា​សកល​វិទ្យាល័យ​​​ជា​ច្រើន​នៅ​ទ្វីប​អាស៊ី​មាន​តែ​សកលវិទ្យាល័យ​ NUS នៃ​ប្រទេស​សិង្ហបុរី​តែ​មួយ​គត់​ដែល​ជាប់​ជា​​សកលវិទ្យាល័យ​លំដាប់​កំពូល​​លើ​ការ​បង្រៀន​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង ព័ត៌មាន​វិទ្យា ដែល​មាន​សិស្ស​ ៣៥ ០០០ នាក់​ កំពុង​បន្ត​ការ​សិក្សា៕​​​​​​ ​​​​​​​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី