ប្រទេស៤ កាត់ផ្ដាច់​ទំនាក់ទំនងពីប្រទេសកាតា ក្រោយរក​ឃើញគាំទ្រក្រុមភេរវក

  • 2017-06-05 08:07:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប បារ៉ែន និង​អារ៉ាប់រួម ​បាន​ផ្ដាច់​ទំនាក់​ទំនង​ការទូត​ពី​ប្រទេស​កាតា ដោយ​ចោទ​ប្រកាន់​ថា​ បាន​ធ្វើ​ឲ្យ​អស្ថិរភាព​​ក្នុង​តំបន់​។

ប្រទេស​ទាំង​បួន​បាន​និយាយ​ថា ​កាតា​បាន​គាំទ្រ​ក្រុម​ភេរវក​នានា​រួម​ទាំង​ក្រុម​រដ្ឋ​ឥស្លាម​ជ្រុលនិយម (IS) ផង។ សារព័ត៌មាន​រដ្ឋ​អារ៉ាប៊ីសាអូឌីត SPA ​បាន​ផ្សាយ​ថា រដ្ឋាភិបាល​បាន​បិទ​ព្រំ​ដែន​របស់​ខ្លួន ផ្លូវគោក ​ផ្លូវ​សមុទ្រ និង​ផ្លូវ​អាកាស​ជាមួយ​ប្រទេស​​កាតា​ស្ទើរ​ទាំង​ស្រុង។ ​មន្ត្រី​រដ្ឋាភិបាល​លើក​ឡើង​ថា គឺ​ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ពី​គ្រោះ​ថ្នាក់​នៃ​ភេរវកម្ម និង​​ក្រុម​ជ្រុល​និយម។

ចំណាត់​ការ​មិន​ធ្លាប់​មាន​នេះ ​កើត​ឡើង​នៅ​រយៈពេល ២​សប្ដាហ៍ បន្ទាប់​ពី​ប្រទេស​ទាំង៤ បាន​បិទ​ទំព័រ​ព័ត៌មាន​នានាចេញ​ពី​​​ប្រទេស​កាតា។ ការ​បិទ​នេះ​​ដែរ ​​បាន​ធ្វើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​កាតា រិះគន់​អារ៉ាប៊ីសាអ៊ូឌីត និង​ចាត់​ទុក​ថា ​ជា​រឿង​ប្រឌិត និង​ជា​របាយ​ការណ៍​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​គួរ​ឲ្យ​អាម៉ាស់។

ចំណាត់​ការ​ខ្លះ​ៗ​របស់​ប្រទេស​ខាង​លើ​​​រួម​មាន៖

ប្រទេស​អារ៉ាប់រួម​ទុក​ពេល​ ៤៨​ម៉ោង ឲ្យ​មន្ត្រី​ទូត​កាតា​ចាក​ចេញ​ពី​ប្រទេស ដោយ​ចោទ​ថា​​កាតា​គាំទ្រ និង​ឧបត្ថម្ភ​ដល់​សកម្មភាព​ភេរវកម្ម ជ្រុលនិយម និង​អង្គការ​ជា​ច្រើន។

ជើង​ហោះហើរ​រដ្ឋ​អារ៉ាប៊ីសាអ៊ូឌីត Etihad Airways ថា ​​ខ្លួននឹង​ព្យួរ​គ្រប់​ជើង​ហោះហើរ​ចេញ​ពី​ក្រុង​ដូហា ចាប់​ពី​ម៉ោង ២៖៤៥​រសៀល​នៅ​ថ្ងៃ​អង្គារ​ស្អែក។

បារ៉ែន បាន​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​កាតា ព្រោះ​ទីក្រុង​ដូហា ​បាន​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​សន្តិសុខ និង​ស្ថិរភាព​ប្រទេស​បារ៉ែន និង​បាន​ចូល​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ខ្លួន។

ចំណែក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​ Rex Tillerson ​បាន​មាន​ប្រសាសន៍​ពី​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ​ដោយ​ជំរុញ​ឲ្យ​ប្រទេស​ទាំង​នេះ​​ដោះ​ស្រាយ​បញ្ហា​តាម​រយៈ​ការ​សន្ទនា។ គួរ​​បញ្ជាក់​ថា កាតា​ក៏​ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និត​របស់​សហរដ្ឋ​អាមេរិក​ដែរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ឡេង ភារុណ