រឿង​ ៦​យ៉ាង​ត្រូវ​ដឹង ពេល​អង្គុយ​ធ្វើការ​រាប់​ម៉ោង​មិន​សូវ​ងើប​ដើរ

  • 2017-06-06 09:29:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគច្រើន​នា​ពេល​បច្ចុប្បន្ន ចំណាយ​ពេល​វេលា​អង្គុយ​ច្រើន​ម៉ោង (ហោច​ណាស់​៨ម៉ោង​ក្នុង​១​ថ្ងៃ) ដើម្បី​បំពេញ​ការងារ​នៅ​តាម​ទីកន្លែង​ផ្សេងៗ​គ្នា ជា​ពិសេស​អ្នក​ធ្វើការ​នៅ​​ក្នុង​ការិយាល័យ។ ទោះ​ចង់​ឬ​មិន​ចង់ ការ​អង្គុយ​រាប់​ម៉ោង​នេះ នឹង​ផ្ដល់​ជា​ផល​អវិជ្ជមាន​ដល់​យើង​គ្រប់​គ្នា អាច​ជា​ផល​ប៉ះពាល់​រយៈ​ខ្លី ឬ​វែង អាស្រ័យ​លើ​សុខភាព និង​រាងកាយ​របស់​មនុស្ស​នីមួយៗ។ គុណវិបត្តិ​នៃ​ការ​អង្គុយ​នៅ​មួយ​កន្លែង​យូរ​ពេក មាន​ដូច​​ជា៖

១.ជើង​ចុះ​ខ្សោយ និង​អាច​ស្វិត

ប្រសិន​ជា​អ្នក​មិន​ប្រើប្រាស់​ជើង​ឲ្យ​បាន​ល្អ​ទេ នោះ​អ្នក​នឹង​មាន​ឱកាស​បាត់បង់​វា។ ការ​អង្គុយ​យូរ​ពេក អាច​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​ប្រើ​កម្លាំង​ជើង​ខាង​ក្រោម ដើម្បី​ទប់​លំនឹង ដែល​​អាច​បណ្ដាល​ឲ្យ​មាន​ភាព​ស្វិត​នៅ​សាច់​ដុំ និង​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​សាច់​ដុំ។

២.ឡើង​ទម្ងន់ និង​កើត​ជំងឺ​ទឹកនោម​ផ្អែម

ការ​ធ្វើ​ចលនា​រាងកាយ​ជា​ប្រចាំ ធ្វើ​ឲ្យ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ចុះ​ថយ។ ប៉ុន្តែ​បើ​អ្នក​នៅ​នឹង​មួយ​កន្លែង​ក្នុង​រយៈពេល​យូរ​ដោយ​មិន​សូវ​ធ្វើ​ចលនា ជាតិ​ខ្លាញ់ និង​ស្ករ​នឹង​មិន​ត្រូវ​បាន​កាត់​បន្ថយ​ឡើយ ព្រោះ​តែ​ប្រព័ន្ធ​បំលែង​ជាតិ​ស្ករ​ទៅ​ជា​ថាមពល​ក្នុង​រាងកាយ​បាន​ថយ​ចុះ។

៣.ឈឺ​ត្រគាក និង​ខ្នង

ការ​អង្គុយ​យូរ បណ្ដាល​ឲ្យ​សាច់ដុំ​ត្រង់​សន្លាក់​ត្រគាក​ចុះ​ខ្សោយ ហើយ​របៀប​អង្គុយ​ក៏​អាច​រួម​ចំណែក​ធ្វើ​ឲ្យ​ឈឺ​ឆ្អឹង​ខ្នង​ផង​ដែរ។

៤.កើត​ជំងឺ​ធុញ​ថប់​អារម្មណ៍

តាម​ការ​សិក្សា​មួយ​ចំនួន បង្ហាញ​ថា ជំងឺ​ធុញថប់​ច្រើន​កើត​មាន​ចំពោះ​អ្នក​មិន​សូវ​ធ្វើ​ចលនា ឬ​អង្គុយ​នៅ​នឹង​មួយ​កន្លែង​យូរ។ នេះ​អាច​បណ្ដាល​មក​ពី​រាងកាយ​របស់​យើង​មិន​សូវ​មាន​សុខភាព​មាំមួន ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត។

៥.អាច​កើត​មាន​ជំងឺ​មហារីក

តាម​រយៈ​ការ​ស្រាវជ្រាវ​មួយ​ចំនួន រក​ឃើញ​ថា មនុស្ស​ដែល​អង្គុយ​យូរ​ពេក មាន​អត្រា​កើត​ជំងឺ​មហារីក​ច្រើន​ប្រភេទ​ដូចជា មហារីក​សួត ស្បូន និង​ពោះវៀន​ធំ។

៦.ប្រឈម​នឹង​ជំងឺ​បេះដូង

យោង​តាម​ការ​សិក្សា​មួយ បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ចំណាយ​ពេល​ច្រើន​ជាង ២៣​ម៉ោង ក្នុង​១​សប្ដាហ៍ អង្គុយ​មិន​ធ្វើ​អី អាច​កើត​មាន​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​រហូត​ដល់ ៦៤%។ អ្នក​ជំនាញ​មួយ​ចំនួន​ទៀត ក៏​បាន​អះអាង​​ដែរ​ថា បើ​អង្គុយ​ច្រើន​ម៉ោង​ជាង​នេះ​ទៀត នោះ​អ្នក​នឹង​អាច​អត្រា​កើត​ជំងឺ​គាំង​បេះដូង ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល រហូត​ដល់ ១៤៧%៕

ប្រភព៖ Kleykley