សឹងមិនជឿ! ល្បឿនអ៊ីនធឺណិត 4G នៅកម្ពុជាខ្លាំងជាងថៃ
- 2017-06-12 02:02:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សឹងមិនជឿ! ល្បឿនអ៊ីនធឺណិត 4G នៅកម្ពុជាខ្លាំងជាងថៃ
ចន្លោះមិនឃើញ
អង្គភាពសិក្សាពីល្បឿនអ៊ីនធឺណិត OpenSignal បានបញ្ចេញរបាយការណ៍សកលមួយអំពីស្ថានភាពអ៊ីនធឺណិត 4G LTE សម្រាប់ត្រីមាសដំបូងនាឆ្នាំ ២០១៧។ របាយការណ៍ដែលធ្វើឡើងគឺផ្អែកលើការវាស់ស្ទង់ ១៩ ពាន់លានដងផ្សេងៗគ្នា នៅទូទាំងប្រទេសចំនួន ៧៥ ក្នុងអំឡុងត្រីមាសទីមួយ។
ស្ថិតិដំបូងក្នុងរបាយការណ៍គឺនិយាយអំពីចំនួនភាគរយដែលសេវា 4G LTE មានគ្របដណ្ដប់នៅតាមប្រទេសនីមួយៗ ហើយប្រទេសដែលមានចំនួនភាគរយខ្ពស់ជាងគេគឺប្រទេសកូរ៉េខាងត្បូង ដែលមានសេវា 4G LTE គ្របដណ្ដប់ដល់ ៩៦,៣៨% នៃផ្ទៃប្រទេស។ ប្រទេសដែលនៅចំណាត់ថ្នាក់លេខពីរក៏ជាប្រទេសនៅទ្វីបអាស៊ីដែរ នោះគឺប្រទេសជប៉ុន ដែលមានសេវាអ៊ីនធឺណិតគ្របដណ្ដប់ ៩៣,៤៨%។
ដោយឡែកប្រទេសកម្ពុជាវិញស្ថិតនៅចំណាត់ថ្នាក់ទី ៤៨ ដែលមានសេវាគ្របដណ្ដប់ ៦៣,៦៣% នៅពីលើប្រទេសបារាំង, ប្រេស៊ីល, រុស្សី និង អ៊ីតាលីជាដើម។
ស្ថិតិទីពីរបង្ហាញពីល្បឿនដោនឡូដជាមធ្យមនៃសេវា 4G LTE ក្នុងប្រទេសនីមួយៗដែលមានប្រទេសសិង្ហបុរីនៅចំណាត់ថ្នាក់កំពូលជាមួយល្បឿន ៤៥,៦២ Mbps តាមពីក្រោយដោយប្រទេសកូរ៉េខាងត្បូងដែលមានល្បឿន ៤៣,៤៦ Mbps។
ចំណែកកម្ពុជាវិញមានល្បឿនជាមធ្យម ១២,៧៨ Mbps ឈរនៅចំណាត់ថ្នាក់ទី ៦៤ នៅពីលើប្រទេសថៃចំណាត់ថ្នាក់ទី ៦៥ ដែលមានល្បឿន ១១,៨៥ Mbps។ ចំពោះអាមេរិកជាប្រទេសមហាអំណាចវិញឈរនៅលេខរៀងទី ៥៩ ដែលមានល្បឿន ១៤,៩៩ Mbps៕