៣ឃ្លារបស់ឧកញ៉ា គួច ម៉េង លី ដើម្បីក្លាយជាអ្នកដឹកនាំ និងរកស៊ីដ៏ជោគជ័យបំផុត
- 2017-06-12 02:36:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ឃ្លារបស់ឧកញ៉ា គួច ម៉េង លី ដើម្បីក្លាយជាអ្នកដឹកនាំ និងរកស៊ីដ៏ជោគជ័យបំផុត
ចន្លោះមិនឃើញ
ក្នុងនាមមេដឹកនាំ និងជាបុគ្គលមានវោហារសព្ទទន់ភ្លន់ក្នុងចំណោមអ្នកជំនួញជោគជ័យជាច្រើននៅកម្ពុជា លោកឧកញ៉ា គួច ម៉េង លី តែងរំលេចពាក្យសម្ដីពាក់ព័ន្ធការធ្វើអាជីវកម្មឲ្យទទួលបានជោគជ័យ។ ទន្ទឹមនឹងនេះ Sabayសូមលើកយកសម្ដីដ៏មានន័យមួយចំនួនរបស់លោកឧកញ៉ា គួច ម៉េងលី ដែលបានបង្ហាញទស្សនៈក្នុងការប្រតិបត្តិអាជីវកម្ម ដែលមានរៀបរាប់ដូចខាងក្រោម៖
អ្នកជំនួញជោគជ័យ គឺជាបុគ្គលកាច់បំបាក់បាននូវភាពអំនួតរបស់ខ្លួន
លោកឧកញ៉ា គួច ម៉េង លី បានមានប្រសាសន៍ថា អ្នកជំនួញដែលជោគជ័យភាគច្រើន គឺជាបុគ្គលកាច់បំបាក់បាននូវភាពអំនួតរបស់ខ្លួន មានន័យថា ជាបុគ្គលដែលគ្មានអំនួតនិយមនៅក្នុងខ្លួន។ បុគ្គលជាអ្នកដឹកនាំដែលមានអំនួត សំដៅលើអ្នកដឹកនាំខ្លះ ដើរពើងទ្រូង អំនួត មោទនភាពជ្រុលនិយម ខណៈដែលគេបានធ្វើជាថៅកែក្រុមហ៊ុន ឬគ្រាន់តែមានឈ្មោះជាប្រធាន តែនេះគ្រាន់តែជាឈ្មោះតំណាង ប៉ុណ្ណោះ។ ដូច្នេះ ដើម្បីកាច់បំបាក់បាននូវភាពអំនួត យើងត្រូវមានឥរិយាបថថ្លៃថ្នូរ ហើយត្រូវមានអារម្មណ៍ថា ដឹកនាំគេដើម្បីឲ្យគេអភិវឌ្ឍ។
ឡើងកុំអឿ តឿកុំទាប
បុគ្គលមួយចំនួន ពេលបានក្លាយជាអ្នកធំ តែងមានឫកអឿ ឆ្មើងឆ្មៃ ចូលចិត្តធ្វើឲ្យអ្នកដទៃភ័យខ្លាច ញញើតបាក់ស្បាត។ បន្ថែមលើចំនុចនេះ លោកឧកញ៉ា គូច ម៉េងលី បានផ្ដល់អនុសាសន៍ថា “ឡើងកុំអឿ តឿកុំទាប” ដោយពន្យល់ថា បើនរណាម្នាក់ធ្វើខុសអី្វមួយ ជាមេដឹកនាំត្រូវចេះណែនាំគេ សូមកុំច្រត់ចង្កេះបញ្ជា ត្រូវចេះដាក់ខ្លួន ត្រូវចេះស្រឡាញ់គេ ត្រូវយល់ពីគំនិតគេ និងត្រូវដឹកនាំបង្ហាញឲ្យគេធ្វើ មានន័យថា ធ្វើអ្វីក៏ដោយធ្វើក្នុងនាមជាគំរូ។
“យកអ្នក ៥ ធ្វើបាន ១០ តែកុំយកអ្នក ១០ ធ្វើបានតែ ៥”
ពាក្យមួយឃ្លានេះ លោកឧកញ៉ា យកអ្នក ៥ ធ្វើបាន ១០ តែកុំយកអ្នក ១០ ធ្វើបានតែ ៥” មកធ្វើការបកចង់ផ្ដល់ដំបូន្មានទៅដល់អ្នកដឹកនាំក្រុមហ៊ុននានា ក្នុងការធ្វើការជ្រើសរើសបុគ្គលិកឲ្យបានត្រឹមត្រូវ។ លោកឧកញ៉ាបានឲ្យដឹងថា មានមនុស្សមួយចំនួនមានចំណេះដឹងខ្ពស់ ហើយថែមទាំងមានភាពថ្លៃថ្នូរ មិនវាយឫក មានភាពទន់ភ្លន់ រួសរាយរាក់ទាក់ គួរឲ្យប្រពៃ មានន័យថា មនុស្សប្រភេទនេះ ចេះតែ ៥ទេ ប៉ុណ្ណោះតែអាចធ្វើបាន ១០៕