គ្រូកម្ពុជាថា បើកូនក្រុមដាក់ចិត្តលេង១០០% នឹងមានលទ្ធផលល្អ
- 2017-06-12 05:11:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូកម្ពុជាថា បើកូនក្រុមដាក់ចិត្តលេង១០០% នឹងមានលទ្ធផលល្អ
ចន្លោះមិនឃើញ
លោក Leonardo Vitorino គ្រូបង្វឹកក្រុមកម្ពុជាបានលើកឡើងក្នុងសន្និសីទកាសែតត្រៀមជួបអាហ្វហ្គានីស្ថានមុននេះថា ប្រសិនបើកូនក្រុមរបស់លោកទាំងអស់ដាក់ចិត្តប្រឹងប្រែងលេង ១០០% នោះនឹងអាចទទួលបានលទ្ធផលល្អ សម្រាប់ការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2019 ស្អែកនេះ។
ជំនួបស្អែកនេះ នឹងធ្វើឡើងវេលាម៉ោង ៦:៣០ នាទីនៅពហុកីឡដ្ឋានជាតិ ដែលមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV។ ទាក់ទងនឹងការប្រកួតគ្រូបង្វឹកកម្ពុជារូបនេះបានឲ្យដឹងថា លោកគិតថា បញ្ហាកាយសម្បទាមិនសំខាន់ខ្លាំងពេកទេ ទោះកីឡាកររបស់កម្ពុជាមានមាឌតូចជាងដៃគូ អាហ្វហ្គានីស្ថាន ក៏ដោយ។ លោកគិតថាប្រសិនបើកីឡាករទាំងអស់ដាក់ចិត្តលេងឲ្យបាន ១០០ % នោះលទ្ធផលល្អ នឹងអាចកើតឡើងបានសម្រាប់កម្ពុជា។
លោកបន្ថែមថា ជាការពិតក្រុមភ្ញៀវសម្បូរកីឡាករ ដែលលេងនៅក្រៅប្រទេស មានបទពិសោធន៍ច្រើន និងមានសមត្ថភាពបច្ចេកទេសខ្ពស់ ដែលធ្វើឲ្យក្រុមកម្ពុជាមានការព្រួយបារម្ភច្រើន។ ប៉ុន្តែកីឡាករទាំងអស់កំពុងមានទំនុកចិត្ត ដែលធ្វើឲ្យលោកជាគ្រូបង្វឹកមានក្ដីសង្ឃឹមទៅតាមនោះដែរ។
សូមបញ្ជាក់ថា កម្ពុជាធ្លាប់ចាញ់ក្រុមអាហ្វហ្គានីស្ថានចំនួន ២លើករួចមកហើយ ក្នុងការប្រកួតជម្រុះ World Cup ក្នុងពូល E កាលពីពេលកន្លងមកគឺចាញ់ ១-០ ក្នុងទឹកដីកម្ពុជា និងចាញ់ ៣-០ នៅទឹកដីអាហ្វហ្គានីស្ថាន៕