ជា​ស្ដ្រី​កំដរ​ភ្ញៀវ ​មាន​ការ​លំបាក​ខុស​ពី​កិច្ចការ ​របស់​នារី ​ដទៃ​ទៀត

  • 2017-06-13 04:19:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​នៅ​ក្រោម​ពន្លឺ​ភ្លើង​ពណ៌​ផ្ទៃ​មុខ​លម្អរ​បន្ថែម​ដោយ​ក្រេម​ម្សៅ​យ៉ាង​ស្រស់​ផូរផង់ រួម​ទាំង​ឈុត​សំលៀក បំពាក់​បង្ហាញ​នូវ​ភាព​សិចស៊ី​ដ៏​ជាទី​ពេញ​ភ្នែក​ពី​សំណាក់​បុរសៗ កញ្ញា ឌីណា​ និង​មិត្ត​នារី​ដទៃ​ទៀត​កំពុង​តែ​អង្គុយ​តម្រៀប​គ្នា​ជា​ជួរ​នៅ​ពី​មុខ​ហាង ខារ៉ាអូខេ​ដើម្បី​រង់ចាំ​ភ្ញៀវ​មក​ជ្រើស​រើ​ស​យក​ទៅ​អង្គុយ​កំដរ​​ច្រៀង​រាំ ផឹក​ស៊ីយ៉ាង​សប្បាយ​​ក្អាក្អាយ​​។

ជា​នារី​កំដរ​ភ្ញៀវ​ច្រៀង​រាំ ផឹក​ស៊ី​ ​គឺ​ត្រូវ​​ផ្ដល់​ភាព​សប្បាយ រីករាយ​ជូន​ភ្ញៀវ​ដែល​​ ដែល​មើល​ទៅ​ហាក់​ដូចជា​នារី​ដែល​មិន​ចេះ​ខ្វល់​ខ្វាយ និង​មាន​ទុក្ខ​ព្រួយ​អ្វី​នៅ​ក្នុង​ខ្លួន​​សោះ​ឡើយ។ នេះ​ជា​សម្ដី​របស់​កញ្ញា ឌីណា អាយុ ២៤ឆ្នាំ​ ជា​នារី​បម្រើ​សេវា​កម្សាន្ត​នៅ​ក្នុង​ហាង​ខារ៉ា​អូខេ​មួយ​កន្លែង​នៅ​ម្ដុំ​ផ្លូវ​បឹង​ត្របែក​ ​។

កញ្ញា​បាន​បន្ដ​ថា ជា​ស្ត្រី​កំដរ​ភ្ញៀវ​មាន​ការ​លំបាក​ខុស​ពី​កិច្ចការ​របស់​នារី​ដទៃ​ទៀត ​ដែល​ពួក​គាត់​មាន​សមត្ថភាព​ និង​មាន​ចំ​ណេះ​ដឹង​ខ្ពស់​អាច​រក​បាន​ការ​ងារ​ល្អ​ៗ ហើយ​​​ពួក​គាត់​មាន​ភាព​រីករាយ​ និង​សប្បាយ​ចិត្ត​នឹង​ការ​ងារ​ដែល​គាត់​កំពុង​ធ្វើ​ បើ​ទោះ​បី​ជា​ការ​ងារ​ពួក​គាត់​មាន​ការ​លំ​បាក​ខ្លះ តែ​ពួក​គាត់​អាច​មាន​ពេល​វេលា និង​ថ្ងៃ​សម្រាក​គ្រប់​គ្រាន់។

សម្រាប់​ការ​ងារ​នារី​កំដរ​ភ្ញៀវ​នៅ​ក្នុង​ហាង​ខារ៉ាអូខេវិញ​ត្រូវ​បាន​ ឌី​ណា​ និយាយ​ថា ​​ខ្ញុំ​​ជួប​ផល​លំ​បាក​ជា​ច្រើន ។ រៀងរាល់ថ្ងៃ​ភ្ញៀវ​​តែងតែ​​បង្ខំ​ឲ្យខ្ញុំ​​ញ៉ាំ​គ្រឿងស្រវឹង​ច្រើន​ ​​បើខ្ញុំ​​មិន​ញុំា​​គេ​នឹង​ខឹង​​​​​ហើយ​​ប្រាប់​មេការ​ឲ្យ​ដូរខ្ញុំ​ចេញ ​នឹង​ត្រូវ​មេការស្តីឲ្យទៀត។​ កញ្ញាបន្តថា ​ពេល​ខ្លះ​​​ខ្ញុំ​​​​ត្រូវ​បាន​ភ្ញៀវ​​លូក​លាន់​បំពាន់លើ​រូប​កាយ​​​ ហើយ​​​ខ្ញុំ​បាន​បដិសេធ​​មិន​​ឲ្យ​​​លូក​លាន់​ដោយ​ខ្ញុំ​ប្រកែក គេ​ក៏​ឲ្យ​ខ្ញុំ​ចេញ​ពី​បន្ទប់ និង​មិន​ឲ្យ​លុយ​ធីបនោះ​ទេ៕

កញ្ញា​បាន​បន្ដទៀត​ថា ដោយ​ការ​ងារ​នេះ​ត្រូវ​​​​ទទួល​ទាន​គ្រឿង​ស្រវឹ​ង​ច្រើន​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ដែល​មាន​​ថ្ងៃ​ខ្លះ​ខ្ញុំធ្លាក់​ខ្លួនឈឺ ហើយ​ធ្វើទុក្ខខ្លាំង​ជាងគេគឺ​​ក្រពះ​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​ទៅ​ធ្វើ​ការ​រួច​ មិន​បាន​លុយ​ធីប ហើយថែម​ទាំង​​​ត្រូវ​ថៅកែហាង​កាត់​ប្រាក់​ខែ​មួយ​ថ្ងៃ​៥ដុល្លារទៀត​ ។

ដោយ​ខ្លាច​​ត្រូវ​​ថៅ​កែ​ហាង​កាត់​ប្រាក់​ខែ នឹង​អត់​បាន​លុយ​ធីប​ផង​ កញ្ញា ឌីណា ប្រាប់​ថា ពេល​ខ្លះ​គឺ​ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​ទៅ​ធ្វើ​ការ​ទាំង​ឈឺ​ ​បើ​មិន​ទៅ​​​គឺ​អត់​មាន​លុយ​សម្រាប់​ចាយ​ប្រចាំ​ថ្ងៃ​ទេ​ ព្រោះ​ ​ប្រាក់​ខែ ១១០ ដុល្លារ​​​​ក្នុង​មួយ​ខែ​ ​​ជា​ចំនួន​មិន​គ្រប់​គ្រាន់​សម្រាប់​ចិញ្ចឹមជីវិត​ និង​ថ្លៃ​ផ្ទះ​ ថ្លៃ​ទឹក​ភ្លើង​នោះ​ទេ ពីព្រោះ​​ខ្ញុំ​​ត្រូវ​ចំណាយ​​យ៉ាង​ហោច ១៥ ០០០ រៀល​សម្រាប់​ម្ហូប និង​​ការ​ផាត់​មុខ ​​ធ្វើ​សក់​ជា​រៀងរាល់​ថ្ងៃ៕

អត្ថបទ៖ ហេង នាង (CCJ)