អ្នក​ណា​ថា​ថ្នាក់ IT គ្មាន​ស្រី​ស្អាត! កន្និដ្ឋា ស្រី​ស្អាតពី​បាត់ដំបង​ចាប់​ជំនាញ​ IT ជម្នះ​ទស្សនៈជុំវិញ

  • 2017-06-14 02:11:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ថ្នាក់​​ IT នានា រមែង​ឃើញ​មាន​សិស្ស​ប្រុស​ភាគច្រើន ហើយ​សិស្ស​ស្រី​មាន​ត្រឹម​តែ​ ២ ទៅ​ ៣ នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្នាក់​។

កញ្ញា​ ឆាយ​ កែវកន្និដ្ឋា ស្ថិត​នៅ​ក្នុង​សិស្ស​ស្រី​តិចតួចនោះ​ហើយ​​ដែល​កំពុង​ចាប់​ជំនាញ​ព័ត៌មានវិទ្យា​នៅ​សាកលវិទ្យាល័យ​បាត់ដំបង។

យុវតី​ស្រស់​សោភា​កូន​អ្នក​បាត់​ដំបង​រូប​នេះ​ប្រាប់ Sabay ថា កត្តា​ដែល​ជំរុញ​ឱ្យ​កញ្ញា​ចាប់​សិក្សា​លើ​ជំនាញ​មាន​ ៣ ចំណុច​ធំៗ។

  • ចំណូលចិត្ត​តាំង​ពី​តូច ព្រោះ​កញ្ញា​យល់​ថា​តែ​បច្ចេកវិទ្យា​រុញ​ឲ្យ​មាន​ការ​បង្កើត​គំហើញ​ថ្មី​ជួយ​ដល់​សង្គម។ កញ្ញា​ផ្ទាល់​ធ្លាប់​ស្រមៃ​ថា​នឹង​ផ្ដល់​ភាព​រីករាយ​ក៏​ដូច​ជា​ភាព​ងាយ​ស្រួល​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន​។​

  • ដើម្បី​ជម្នះ​នឹង​ផ្នត់​គំនិត​សង្គម ដែល​ទស្សនៈ​មួយ​លើក​ឡើង ស្ត្រី​បង្វិល​ជើង​ចង្ក្រាន​មិន​ជុំ ដែល​កញ្ញា​ចង់​រៀន​ឲ្យ​បាន​ខ្ពង់ខ្ពស់​ដូច​មនុស្ស​ប្រុស​ដែរ។

  • ទីផ្សារ​ការងារ​បច្ចេកវិទ្យា​មាន​ភាព​ធំ​ទូលាយ​ ជា​កត្តា​ជំរុញ​ឲ្យ​កញ្ញា​សិក្សា​ជំនាញ​នេះ ព្រោះ​គិត​ថា​អាច​នឹង​រក​ការងារ​បាន​ស្រួល​។

​​​​ទាក់ទង​នឹង​ការ​សិក្សា​ កញ្ញា​ដឹង​ថា​ជំនាញ​ព័ត៌មាន​វិទ្យា​ទាមទារ​ឱ្យ​មាន​ការ​ចងចាំ​ខ្ពស់ ហើយ​ត្រូវ​អនុវត្ត​លំហាត់​ដដែលៗ។ ​ ​យុវវតី​វ័យ​ ១៧ ឆ្នាំ​បន្ត​ថា ការ​ជ្រើសរើស​ជំនាញនេះ​សិក្សា​​ក៏​មាន​ការ​ជំទាស់​ពី​ក្រុម​គ្រួសារ​ដែរ ព្រោះ​ពួក​គាត់​គិត​ថា​ជំនាញ​នេះ​តម្រូវ​ឱ្យ​មាន​ការ​ចំណាយ​ពេល​សិក្សា​ច្រើន និង​ត្រូវ​ខិតខំ​ខ្ពស់។ ប៉ុន្តែ​នាង​បាន​ព្យាយាម​ពន្យល់​ទៅ​កាន់​ក្រុម​គ្រួសារ​ រហូត​ក្រោយ​ពេល​ប្រលង​បាក់ឌុប​ជាប់ រួច​ពួក​គាត់​ក៏​យល់​ព្រម​តាម​ការ​សម្រេច​ចិត្ត​របស់​កញ្ញា​តែ​ម្តង​ទៅ​។

និយាយ​ពី​គោលដៅ​ខាង​មុខ កន្និដ្ឋា​ចង់​ចាប់​យក​ដំណែង​ជា​អ្នក​សរសេរ​កម្មវិធី (Programmer) និង​អ្នក​រចនា​ក្រាហ្វិក​ (Graphic Designer) ក៏​ដូច​​ចង់​ក្លាយ​ជា​ស្ត្រី​ម្នាក់​ដែល​ជួយ​ជំរុញ​វិស័យ​បច្ចេកវិទ្យា​ឱ្យ​មាន​ការ​រីក​ចម្រើន​ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ភាព​ងាយ​ស្រួល​ក្នុង​ការ​រស់​នៅ​របស់​មនុស្ស​។

ចុងក្រោយ​កញ្ញា​បាន​ផ្ញើ​សារ​មួយ​ទៅ​កាន់​ក្មេង​ស្រី​គ្រប់​រូប កុំ​ដោយ​សារ​តែ​គំនាប​សង្គម​និង​អ្នក​នៅ​ជុំវិញ​ខ្លួន​បោះបង់​ក្ដី​ស្រមៃ ព្រោះ​យើង​ជា​អ្នក​គូសវាស​វា​ដោយ​ខ្លួន​ឯង​។ ក្រៅ​ពី​នោះ មនុស្ស​ស្រី​និង​មនុស្ស​ប្រុស មាន​សិទ្ធិ​ស្មើ​គ្នា ម្ល៉ោះ​ហើយ​អ្វី​ដែល​មនុស្ស​ប្រុស​អាច​ធ្វើ​បាន មនុស្ស​ស្រី​ក៏​នឹង​ធ្វើ​បាន​ដូច​គ្នា។​​​​​

អត្ថបទ៖ កៅ រក្សា

អត្ថបទថ្មី