សៀវភៅ​អេឡិចត្រូនិក សម្រាប់​កុមារ​កំពុង​ត្រូវ​ការ​អ្នក​មាន​ស្នាដៃ​តែង​និពន្ធ

  • 2017-07-04 03:25:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"E-book Hackathon" ជា​កម្មវិធី​ផលិត​សៀវភៅ​​អេឡិចត្រូនិក ​កំពុង​ស្វែង​រក​អ្នក​ដែល​មាន​ទេពកោសល្យ​តែង​និពន្ធ​សម្រាប់​ក្មេង​ៗ​យក​ទៅ​សិក្សា​ ក្រោម​ប្រធានបទ៖ "ស្ទែម​សម្រាប់​កុមារ"។

"E-book Hackathon" គឺ​ជា​កម្មវិធី​ដែល​ប្រមូល​ផ្ដុំ​ដោយ​អ្នក​ជំនាញ​ឲ្យ​ធ្វើការ​ជា​ក្រុម ក្នុង​រយៈពេល​ខ្លី ដើម្បី​បង្កើត​បាន​ជា​សមិទ្ធផល​រួម​មួយ)។ ក្នុង​អំឡុង​ពេល​នៃ​កម្មវិធី​ដែល​មាន​រយៈពេល ២ ថ្ងៃ អ្នក​និពន្ធ​នឹង​ធ្វើការ​ជា​ក្រុម​ជាមួយ​វិចិត្រករ​និង​អ្នក​រចនា​សៀវភៅ​ដើម្បី​បង្កើត​ជា​សៀវភៅ​ដែល​ទាក់​ទាញ ​និង​មាន​រូបភាព​ស្រស់​ស្អាត។ លើស​ពី​នេះ អ្នក​ចូល​រួម​នឹង​មាន​ឱកាស​ធ្វើការ​ជាមួយ​នឹង​និពន្ធ​នាយក​តាម​រយៈ​សិក្ខាសាលា​រយៈពេល ១ថ្ងៃ​នៅ កម្មវិធី​តោះអាន ផ្ទាល់​តែ​ម្ដង។

ដើម្បី​ចូលរួម​អ្នក​ត្រូវ​ដាក់​ពាក្យ​សុំ និង​ផ្ញើ​សាច់​រឿង​ក្រោម​ប្រធានប​ទ "ស្ទែម​សម្រាប់​កុមារ" មក​កាន់​ក្រុម​ការងារ​តោះ​អាន។ សាច់​រឿង​ត្រូវ​មាន​តួអង្គ ដែល​ស្រមៃ​ចង់​បាន​ការងារ​ផ្នែក​ស្ទែម (STEM) ដែល​មាន​ដូចជា​ផ្នែក​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា។

កាលបរិឆ្ឆេទ​ឈប់​ទទួល​​ពាក្យ

បេក្ខជន​ដែល​មាន​បំណង​​ដាក់​ពាក្យ​អាច​ដាក់​ពាក្យ​ពី​ថ្ងៃ​នេះ​ រហូត​ដល់​​ត្រឹម ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ទើប​​ផុត​កំណត់។

លក្ខខណ្ឌ​នៃ​ការ​ដាក់​ពាក្យ​៖

  • អ្នក​អាច​ដាក់​ពាក្យ​សុំ​តាម​រយ:៖ http://bit.ly/2rpXE0p
  • សូម​ផ្ញើ​សាច់​រឿង​ពង្រាង​ទៅ​កាន់​អ៊ីម៉ែល elita.ouk@asiafoundation.org។
  • អ្នក​នឹង​មាន​ឱកាស​ធ្វើការ​ជាមួយ​នាយក​និពន្ធ​លើ​សាច់រឿង​ពង្រាង​នេះ​បន្ថែម​ទៀត ប្រសិន​បើ​សាច់រឿង​របស់​អ្នក​ត្រូវ​បាន​ជ្រើសរើស។
  • សូម​ផ្ទៀងផ្ទាត់​ថា សាច់រឿង​មាន​លក្ខណៈ​សមស្រប​សម្រាប់​កម្រិត​អំណាន​ថ្នាក់​ទី៣។

អត្ថប្រយោជន៍ទទួល​បាន​៖

  • អ្នកចូលរួមអាចបង្ហាញស្នាដៃនិពន្ធដែលនឹងលេចចេញ​ជា​រូបរាង​​ឡើង តាម​រយៈ​ការបោះ​ពុម្ព​បែបអេឡិចត្រូនិច
  • ទទួលបានយោបល់ថ្មីៗពីនិពន្ធនាយក និង អ្នកបោះពុម្ព ដែលមានជំនាញ
  • រៀនសូត្រពីបទពិសោធន៍ល្អៗ ក្នុងការបោះពុម្ពសៀវភៅបែបអេឡិចត្រូនិច
  • រៀនអំពីផ្នែកផ្សេងៗ នៃការផលិតសៀវភៅកុមារពីសមាជិកក្នុងក្រុម
  • រង្វាន់ជាសាច់ប្រាក់ និង អំណោយពីក្រុមហ៊ុនទូរស័ព្ទ Smart Axiata។

តម្រូវការសាច់រឿង៖

#១) សាច់​រឿង​ដែល​ផ្ញើរ​មក​កាន់​គម្រោង តោះ​អាន! ត្រូវ​មាន​លក្ខណៈ​ដូច​ខាងក្រោម៖

  • មាន​ភាព​ច្នៃ​ប្រឌិត។ សាច់រឿង​ត្រូវ​លើក​កម្ពស់​ភាព​ស្រមើស្រមៃ​របស់​កុមារ និង បង្ក​លក្ខណៈ​សប្បាយ​ក្នុង​ការ​អាន។
  • ដើម្បី​ឲ្យ​សាច់រឿង​មាន​លក្ខណៈ​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​កុមារ សាច់​រឿង​នោះ​គួរ​តែ​មាន​បញ្ហា ភាព​ចម្រូងចម្រាស ឬ អាថ៌កំបាំង​អ្វីមួយ​ដែល​ត្រូវ​ដោះ​ស្រាយ។
  • កុមារ​អាច​យល់​ពី​តួអង្គ​ក្នុង​សាច់រឿង​បាន។
  • មាន​លក្ខខ័ណ្ឌ​សមស្រប​ដូច​ចំណុច​ខាងក្រោម។

#២) តោះ​អាន! កំពុង​ស្វែងរក​សាច់​រឿង​សម្រាប់​កុមារ​ដែល​ស្ថិត​ក្រោម​ប្រធានបទ “ស្ទែម​សម្រាប់​កុមារ”។ សាច់រឿង​ក្រោម​ប្រធានបទ​នេះ​ត្រូវ​បង្ហាញ​អំពី​ប្រធានបទ​ស្ទែម​ (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា) សម្រាប់កុមារថ្នាក់ទី៣។​

សាច់​រឿង​នេះ​អាច​បង្ហាញ​អំពី​គំនិត​ទាក់ទង​នឹង​មុខវិជ្ជា​ស្ទែម ឫ និយាយ​អំពី​តួអង្គ​ដែល​មាន​ការ​ស្រមើ​ស្រមៃ ចង់​បាន​ការងារ​ផ្នែកស្ទែម​ ដែល​មាន​ដូចជា​អ្នកវិទ្យាសាស្ត្រ អ្នក​សរសេរ​កម្មវិធី ស្ថាបត្យករ គីមីវិទូ ពេទ្យ ឫ ឱសថការី។

សាច់រឿង​ដែល​ក្រុម​ការងារ តោះអាន​! ​ចង់​បាន​មាន​លក្ខណៈ​ដូចខាងក្រោម៖

  • សាច់រឿង​ដែល​បណ្ដុះ​កុមារ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​លើ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា។
  • សាច់រឿង​ត្រូវ​ប្រើប្រាស់​ភាសា​ដែលសាមញ្ញ គួរ​ឲ្យ​ចាប់អារម្មណ៍​និង​ធ្វើ​ឲ្យ​ប្រធានបទ​មាន​ភាព​ទាក់ទាញ​សប្បាយ​រីករាយ​សម្រាប់​កុមារ។
  • ពីឈីជាប់ក្នុងព្យុះ ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ សម្រាប់​សៀវភៅ​ដែល​បង្ហាញ​អំពី​ព័ត៌មាន​វិទ្យាសាស្ត្រ​ជាក់លាក់ ប៉ុន្តែ​ជា​សាច់​រឿង​ដែល​មាន​លក្ខណៈ​បែប​ផ្សងព្រេង។
  • យើង​ក៏​ស្វែងរក​សាច់​រឿង​ ដែល​មាន​តួអង្គ​ឯក​ដែល​ដោះស្រាយ​បញ្ហា​ណាមួយ​ដោយ​ប្រើប្រាស់​ជំនាញ STEM។

#ឧទាហរណ៍៖

១. គីមីវិទូ​វ័យក្មេង​ម្នាក់ បង្កើត​បានជា​គ្រឿង​ផ្សំ ដែល​ជួយ​ភូមិ​របស់គេ ឲ្យ​ដាំ​ដំណាំ​លូតលាស់​បាន​ល្អ។

២. ស្ថាបត្យករ​វ័យក្មេង​បាន​ជួយ​ធ្វើ​ជម្រក​សម្រាប់​សត្វ​ស្វា​មួយ​ក្រុម។

៣. ឧទាហរណ៍​នៃ​រឿង​ដែល​បាន​បោះពុម្ព​ពី​មុន មាន​ដូចជា​ ស្កាយផត​នៅភ្នំពេញ

តួ​អង្គ​​ចម្បង គឺ​ក្មេង​ស្រី​ម្នាក់​ដែល​បង្កើត​ម៉ាស៊ីន​សម្រាប់​ជួយ​នាង​ក្នុងការ​ធ្វើ​កិច្ចការ​ផ្ទះ ហើយ​នាង​បាន​ក្លាយ​ជា​វិស្វករ​នៅ​ពេល​នាង​ធំ​ពេញវ័យ។ (សូម​ចំណាំ​ថា​កម្រិត​អំណាន​ក្នុង​រឿង ស្កាយ​ផត​ភ្នំពេញ មាន​កម្រិត​ខ្ពស់​ជាង​តម្រូវការ​សម្រាប់​កម្មវិធី Hackathonនេះ) សាច់រឿង​ត្រូវ​មាន​ការ​ច្នៃប្រឌិត​ខ្ពស់​និង​គួរ​ឲ្យ​ទាក់ទាញ​សម្រាប់​កុមារ​ថ្នាក់​ទី៣។

គម្រោង​នេះ​មាន​គោលបំណង​ចែកចាយ​សៀវភៅ​ទៅ​កាន់​សាធារណៈជន ​ដើម្បី​លើកកម្ពស់​វប្បធម៌​នៃ​ការ​អាន​នៅ​ប្រទេស​កម្ពុជា។ សៀវភៅ​អេឡិចត្រូនិក​ដែល​បាន​បង្កើត​ឡើង​ នឹង​ត្រូវ​បាន​ទៅ​កាន់​សាធារណៈជន ហើយ​សៀវភៅ​អេឡិចត្រូនិក​ទាំងអស់​នេះ ​ក៏​នឹង​អាច​យក​ទៅ​បោះពុម្ភ​ជា​សៀវភៅ​បាន​ផង​ដែរ។

គោលដៅ​ចម្បង​នៃ​ការ​បង្កើត​សៀវភៅ​នេះ គឺ​ការ​ជម្រុញ​ឲ្យ​មាន​ការ​ប្រើប្រាស់ និង​ចែកចាយ​សៀវភៅ​ឱ្យ​បាន​ទូលំទូលាយ ទៅ​ដល់​កុមារ​គ្រប់រូប ជា​ពិសេស​កុមារ​ដែល​ជួប​ប្រទះ​ភាព​ខ្វះខាត។

សម្រាប់​ព័ត៌មាន​ដែល​ទាក់ទង​នឹង​អាជីព​ការងារ​ផ្នែក​ស្ទែម សូម​ចូល​មើល​សៀវភៅ អាជីព​ការងារ​ផ្នែក​ស្ទែម​នា​ពេលអនាគត នៅទីនេះ

ដៃគូសហការ

អត្ថបទថ្មី