យុវជន​បោះបង់ចំណាកស្រុក​ ​ក្រោយ​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ការងារ

  • 2017-07-06 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​មួយ​ចំនួន​ ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ ពី​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា ពួក​គេ​ ប្រែ​ចិត្ត​ពី​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ពលករ​នៅ​ស្រុក​គេ​ មក​ធ្វើ​ការ​នៅ​ស្រុក​កំណើត​ខ្លួន​វិញ។

យុវតី ឡន ស្រីកា រស់​នៅ​ភូមិវត្ដ ឃុំត្បែង ស្រុក​បន្ទាយ​​​ស្រី ខេត្ដ​សៀមរាប បាន​ឲ្យ​ដឹង​ថា ខ្ញុំ​​រៀន​បាន​​ត្រឹម​ថ្នាក់​ទី៩ ព្រោះ​កត្តា​ជីវភាព​ មិន​បាន​បន្ត​ការ​សិក្សា​ទៅ​មុខ​ទៀត​​ ក៏​ឈប់​រៀន​​​ ហើយ​មក​ជួយ​ធ្វើ​ស្រែ​ឪពុក​ម្តាយ​ និង​ស៊ី​ឈ្នួល​​ច្រូត​ស្រូវ​ឲ្យ​គេ​។​

យុវតី ឡន ស្រីកា

យុវតី​វ័យ​២២ឆ្នាំ​រូបនេះ​បន្ដថា ​​ខ្ញុំ​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​ផ្នែក​ប្រព័ន្ធ​ទឹក​ស្អាត​ពី​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា កាល​ពី​អំឡុង​ពេល​បី​ឆ្នាំ​មុន ​ក្រោយ​មក​ចូល​​ធ្វើ​ការ​ងារ​ជា​ភ្នាក់ងារ​ចែកចាយ​ទឹក​ស្អាត​ដល់​ប្រជា​ពលរដ្ឋ ​នៅ​ក្នុង​ស្រុក​ភូមិនេះ។ នាង​ធ្លាប់​គិត​ពី​ការ​ទៅ​ស្វែង​រក​ការ​ងារ ​នៅ​ស្រុក​គេ​ដែរ។ ប៉ុន្តែ​ក្រោយ​ពី​បាន​រៀន​ជំនាញ​ និង​ទទួល​បាន​ការ​ងារ​ បាន​ប្រាក់​ខែ​សមរម្យ ​​នៅ​ក្នុង​ស្រុក​ភូមិ​ផង ក៏​សម្រេច​ចិត្ត​មិន​ចង់​ទៅ​បន្ត​ទៅ​ធ្វើ​ការ​នៅ​ឯណា​ទៀត​ទេ ។

យុវតី​រូប​នេះ​បន្ត​ថា ខ្ញុំ​បាន​ធ្វើ​ការ​ជំនាញ​ផ្នែក​ប្រព័ន្ធ​ទឹក​ស្អាត​នេះ​មិន​សូវ​បាន​ប្រាក់​ខែ​ច្រើន​ប៉ុន្មាន តែ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ ​ព្រោះ​បាន​ធ្វើ​ការ​នៅ​ក្នុង​ស្រុក​ភូមិ​ខ្លួន​ឯង ដែល​ខ្ញុំ​មិន​សូវ​ជា​ត្រូវ​ចំណាយ​ច្រើន ហើយ​ប្រាក់​ខែ​បើក​មក​សល់ ​និង​​អាច​ជួយ​ដល់​អ្នក​ភូមិ ប្រជាពលរដ្ឋ​ឲ្យ​បាន​ប្រើ​ប្រាស់​ទឹក​ស្អាត​ថែម​ទៀត​ផង។

មិន​ខុស​គ្នា​ប៉ុន្មាន​នោះ​ដែរ​ យុវជន ទឹម ពេទ្យ ​វ័យ​២៨ឆ្នាំ ​បាន​បោះ​បង់​ការ​សិក្សា​ បន្ទាប់​ពី​ប្រឡង​ធ្លាក់​បាក់​ឌុប និង​កំពុង​ធ្វើ​ការ​នៅ​សហគមន៍​ទឹក​ស្អាត​ អូ-វី ឃុំត្បែង ដែល​ស្ថានីយ​ទឹក​ស្អាត​នេះ ត្រូវ​បាន​កសាង​ឡើង​ដោយ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ សហការ​ជាមួយ ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​អង្គការ​ទឹក​ស្អាត ​១ ០០១​។

យុវជន ទឹម ពេទ្យ

យុវជន​រូប​នេះ​បន្ដ​ថា ខ្ញុំ​ចង់​បន្ត​ការ​សិក្សា​ដែរ​ តែ​ព្រោះ​ជីវភាព​គ្រួសារ​ ហើយ​ប្រឡង​​ធ្លាក់​បាក់​ឌុប​ផង ខ្ញុំ​ក៏​ឈប់​រៀន ហើយ​នៅ​ផ្ទះ​ធ្វើស្រែ។ ខ្ញុំ​ក៏​ធ្លាប់​ចង់​ទៅ​ធ្វើ​ការ​ចំណាក​ស្រុក​ជា​មួយ​អ្នក​ភូមិ​នៅ​ថៃ​​ដែរ ព្រោះ​ឃើញ​គេ​ទៅ​ធ្វើ​ការ​នៅ​​ទីនោះ​​ច្រើន។ ក្រោយ​មក ខ្ញុំ​ក៏​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​លើ​ជំនាញ​ផ្នែក​ផលិត​ទឹកស្អាត​ ហើយ​ខ្ញុំ​ក៏​នៅ​ធ្វើ​ការ​នៅ​ក្នុង​ភូមិ​តែ​ម្ដង​ទៅ។

យុវជន​រូប​នេះ​បាន​លើក​ឡើង​ថា ​ប្រជា​ជន​នៅ​សហគមន៍​​ គួរ​ងាក​មក​ប្រើ​ប្រាស់​ទឹក​ស្អាត​ដែល​ អង្គការ និង​ប្រជាជន​សហគមន៍​ផលិត​វិញ​​ ទឹក​ស្អាត​នេះ​បាន​​ទទួល​ស្គាល់​គុណភាព​ពី​ក្រសួង អភិវឌ្ឍន៍​ជនបទ និង​មាន​ការ​ថែ​ទាំ​ល្អពី​អ្នក​ជំនាញ​បែប​វិទ្យាសាស្រ្ដ​ អាច​បញ្ចៀស​ការ​កើត​ឡើង​នៅ​ជម្ងឺ​ផ្សេង​។ និង​លក់​ក្នុង​មួយ​ធុង(២០លីត្រ) ត្រឹម​ ១ ៣០០រៀល​ប៉ុណ្ណោះ​។

ក្រុម​ការងារ​ទឹក​ស្អាត

លោក អ៊ឹម សុភាព មន្ត្រី​ជំនាញ​គម្រោង​ផ្នែក​ទឹក​ស្អាត និង​អនាម័យ នៃ​អង្គការ​ភ្លែន​អន្ដរជាតិ ប្រចាំ​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា គម្រោង​​ទឹក​ស្អាត​នៅ​ស្រុក​បន្ទាយ​ស្រី​នេះ​បាន​ចាប់​ផ្ដើម​ឡើង​តាំង​ពី​ឆ្នាំ​ ២០១៤ ដោយ​បាន​បណ្ដុះ​បណ្ដាល​យុវជន​បោះ​បង់​ការ​សិក្សា​នៅ​សហគមន៍​ផ្ទាល់​ឲ្យ​មាន​ជំនាញ​ផលិត​ និង​ថែ​ទាំង​ទឹក​ស្អាត​ ដើម្បី​ផលិត​ទឹក​ស្អាត​ចែក​ជូន​ប្រជា​ពល​រដ្ឋ​នៅ​សហគមន៍​របស់​ពួកគេ ។

លោក​បន្ដថា គម្រោង​ទឹក​ស្អាត​នេះ ក្រៅ​ពី​ជួយ​ឲ្យ​យុវជន​នៅ​សហគមន៍​ទទួល​បាន​ជំនាញ​ និង​ការងារ​ដែល​មាន​ប្រាក់​ខែ​សមរម្យ​ហើយ យើង​ក៏​ចង់​ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន​ងាក​មក​ប្រើ​ប្រាស់​ទឹក​ស្អាត​ឲ្យ​បាន​គ្រប់ៗ​​គ្នា​ដែរ​​ ដោយ​ពី​មុន​កាល​ពី​មិន​ទាន់​មាន​ទឹក​ស្អាត​ប្រើ​ប្រជាជន​បាន​ប្រើប្រាស់​ទឹក​អណ្ដូង ដែល​​មិន​មាន​អនាម័យ​ល្អ​ ហើយ​មាន​ប្រជាពលរដ្ឋ​ខ្លះ​តែង​តែ​មាន​បញ្ហា​រាគ​រុះ​ច្រើន​៕

អត្ថបទ៖ ហេង នាង (CCJ)

អត្ថបទថ្មី