មូល​ហេតុ​នៃ​ការ​កកើត​អង្គ​បុរាណ​១០០១​អង្គ​ នៅ​ទូទាំង​ខេត្ត​តាកែវ

  • 2017-07-10 02:24:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទួល​អង្គ​បុរាណ​កើត​មាន​ឡើង​ស្ទើរ​គ្រប់​ទីកន្លែង​ពាស​ពេញ​ទឹក​ដី ​នៃ​ខេត្ត​តាកែវ​ ទី​កន្លែង​កំណើត​នៃ​ប្រទេស​កម្ពុជា​។ អង្គ​បុរាណ​ទាំង​អស់​នោះ​ គឺ​មាន​អាយុកាល​រាប់​រយ​ឆ្នាំ​មក​ហើយ​ ដោយ​ប្រជាជន​ជា​ទូទៅ​មិន​បាន​ដឹង​ច្បាស់​ទេ​ថា​មូល​ហេតុ​អ្វី​បាន​ជា​ទឹក​ដី​នៃ​ខេត្ត​តាកែវ​សម្បូរ​ទៅ​ដោយ​ទួល​អង្គ​បុរាណ​បែប​នេះ។

បើ​តាម​សៀវភៅ​ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​៥​ និង​ការ​និទាន​របស់​លោក​តា​ ទេព​ រឿន​ អាចារ្យ​វត្ត​ប្រាសាទ​ស្រះ​កែវ បាន​ដំណាល​ស្រប​គ្នា​ថា​ មាន​ស្ដេច​មួយ​អង្គ​ព្រះ​នាម​ព្រះ​បាទ​បាយ៉ង់​ ដែល​មាន​មហេសី​ព្រះ​នាម​ ព្រះ​នាង​សក់​ក្រអូប​ ដែល​ប្រកប​ដោយ​រូប​ឆោម​លោម​ពណ៌​ដូច​ទេព​ធីតា​ សាយ​ក្លិន​ក្រអូប​ចេញ​ពី​ព្រះ​កាយ​ចម្ងាយ​១​យោជន៍​ ល្បី​ដល់​ស្ដេច​ក្រុង​សៀម ​(ថៃ)។

លោកតា ទេព រឿន ដែលចាស់ទុំ រៀបរាប់រឿង​​ព្រេង

ស្ដេច​សៀម​ក៏​លើក​ពល​សេនា​មក​តាម​ចាប់​ ធ្វើ​ឱ្យ​ស្ដេច​បាយ៉ង់​ និង​មហេសី​ ភៀស​ព្រះ​កាយ​ទៅ​ដល់​ទីតាំង​ប្រាសាទ​បាយ៉ង់​កោ​ក្នុង​ទឹក​ដី​ស្រុក​គីរីវង់​ ខេត្ត​តាកែវ​បច្ចុប្បន្ន​។ ទៅ​ដល់​ទីនោះ​បាន​សេចក្ដី​សុខ​ព្រះ​អង្គ​ក៏​កោ​សក់​លា​បំណន់​ទើប​ជាប់​ងារ​ព្រះ​បាទ​បាយ៉ង់កោ​រហូត​មក។ នៅ​ទីនោះ​ព្រះនាង​សក់​ក្រអូប​ប្រសូត​បាន​បុត្រា​មួយ​ព្រះ​អង្គ​ដាក់​ព្រះនាម​ថា​ ព្រះ​បាទ​ដៃ​ខ្លី។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ស្ដេច​សៀម​ស៊ើប​ដឹង​ក៏​ប្រើ​ល្បិច​នាំ​ល្ខោន​យក​មក​លេង​ រហូត​អ្នក​ស្រុក​ជឿ​ទុក​ចិត្ត​ និង​ចុង​ក្រោយ​ឈាន​ដល់​អាច​ចាប់​យក​ព្រះ​នាង​សក់​ក្រអូប​ទៅ​បាន។ ងាក​ទៅ​ព្រះ​បាទ​ដៃ​ខ្លី​វិញ​ ក្រោយ​ធំ​ដឹង​ក្ដី​ពេញ​វ័យ​ ​ក៏​ចេះ​តែ​ទទូច​សួរ​រក​ព្រះ​មាតា​ រហូត​ព្រះ​បិតា​ដាច់​ចិត្ត​ប្រាប់​ការពិត​ថា​ត្រូវ​ពួក​សៀម​ចាប់​យក​ទៅ​បាត់។ ព្រះ​អង្គ​ក៏​សុំ​រាជា​អនុញ្ញាត​ទៅ​ដណ្ដើម​ព្រះ​មាតា​មក​វិញ។

ទៅ​ដល់​ស្រុក​សៀម​ពិត​ជា​បាន​ជួប​នឹង​ព្រះមាតា​មែន​ ប៉ុន្តែ​ដោយ​ការ​បែក​គ្នា​តាំង​ពី​នៅ​កុមារភាព​ ធ្វើ​ឱ្យ​មិន​ស្គាល់​គ្នា។ ដោយសារតែ​ព្រះ​នាង​សក់​ក្រអូប​នៅ​មាន​សម្រស់​ស្រស់​ស្អាត​ រីឯ​ព្រះ​បាទ​ដៃ​ខ្លី​មាន​រាង​សង្ហារ​មាំ​មួន​ផង​ ចំណង​មេត្រី​ស្នេហា​ប្រុស​ ស្រី​ក៏​កើត​មាន​ឡើង​ ឈាន​ដល់​ការ​រួម​រស់​ជាមួយ​គ្នា​ និង​បាន​នាំ​យក​ព្រះ​នាង​មក​កាន់​ព្រះ​នគរ​វិញ។

មក​ដល់​នគរ​ព្រះ​បិតា​ប្រាប់​ថា​ នេះ​ហើយ​ជា​មាតា​របស់​បុត្រ​ ហេតុ​​នេះ​ធ្វើ​ឱ្យ​ព្រះ​បាទ​ដៃ​ខ្លី​ភ័យ​ញាប់ញ័រ​ជា​ខ្លាំង​ បើ​ទោះ​បី​ជា​បិតា​មិន​យក​ទោស​ពៃ​ក្ដី។ ដោយ​ខ្លាច​បុត្រ​ធ្លាក់​ទៅ​ក្នុង​អបាយភូមិ​ ព្រះ​អង្គ​បាន​ប្រជុំ​ក្រុម​បុរោហិត​ ហើយ​សម្រេច​ឱ្យ​បុត្រា(ព្រះបាទ​ដៃ​ខ្លី)ជីក​ស្រះ​កសាង​ទួល​អង្គ​ចំនួន​ ១ ០០១​អង្គ​ ដើម្បី​រំដោះ​កម្មពៀរ​ ដែល​ខុស​ឆ្គង​លើ​ម្ដាយ​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​ហើយ​ ទើប​ទឹក​ដី​នៃ​ខេត្ត​តាកែវ​សម្បូរ​ទៅ​ដោយ​អង្គ​បុរាណ​ស្ទើរ​គ្រប់​ភូមិ​ស្រុក​ រហូត​ដល់​បច្ចុប្បន្ន៕

ការ​រៀប​រាប់​របស់​លោក​តា​ ទេព​ រឿន​៖

អត្ថបទ៖ សូទ្រី

អត្ថបទថ្មី