សម្បត្តិបេតិកភណ្ឌពិភពលោកថ្មីនៅកម្ពុជា សំបូរព្រៃគុក មានអាយុកាលជាង ១ពាន់ឆ្នាំហើយ
- 2017-07-09 02:09:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្បត្តិបេតិកភណ្ឌពិភពលោកថ្មីនៅកម្ពុជា សំបូរព្រៃគុក មានអាយុកាលជាង ១ពាន់ឆ្នាំហើយ
ចន្លោះមិនឃើញ
តំបន់ប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដាម្សិលមិញ។ ទំព័រអង្គការ UNESCO ដែលដាក់បញ្ចូលទិន្នន័យភ្លាមៗ បង្ហាញទៅកាន់ពិភពលោក បានបញ្ជាក់ថា ប្រាសាទចំណាស់មួយនេះ កសាងឡើងនៅចុងសតវត្សទី៦ និងដើមសតវត្សទី៧។
តំបន់ប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក គឺជារាជធានីរបស់ចក្រភពចេនឡា សម័យបុរាណ ដែលបន្សល់ទុកសំណង់ជាច្រើនលាក់ខ្លួនពួនជ្រកក្នុងព្រៃ នៃភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ចម្ងាយ ២៥គីឡូម៉ែត្រពីទីរួមខេត្ត។ ទីក្រុងចំណាស់នេះ លាតសន្ធឹងលើផ្ទៃដីប្រមាណ ២៥គីឡូម៉ែត្រការ៉េ ប៉ុន្តែបាត់ដានខ្លះ សល់តែប្រាសាទចំណាស់មួយចំនួន ដែលបង្ហាញពីស្ថាបត្យកម្មមុនសម័យអង្គរ។
បន្ទាប់ពីដាក់ពាក្យស្នើសុំតាមនីតិវិធី និងការខិតខំប្រឹងប្រែងរបស់ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា អង្គការ UNESCO បានសម្រេចដាក់បញ្ចូលតំបន់ប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី០៨ កក្កដា ម្សិលមិញនេះ៕