លក្ខណៈពិសេស និងកន្លែងអាថ៌កំបាំង នៃព្រលានយន្តហោះ ទាំង៩ អ្នកធ្វើដំណើរ គួរតែដឹង!

  • 2017-07-12 03:17:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រលានយន្តហោះ គឺ​ជា​ទីកន្លែង​ដំបូង​គេ​បង្អស់ ដែល​អ្នក​មើល​ឃើញ នៅ​ពេល​ទៅ​ដល់​ប្រទេស​ថ្មី​មួយ។ ព្រលានយន្តហោះ​នា​សម័យ​ទំនើប​នេះ មិន​ត្រឹមតែ​ជួយ​អ្នក​ឲ្យ​ធ្វើ​ដំណើរ​ពី ទីតាំង​មួយ​ទៅ​ទីតាំង​មួយ​ទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកវា​ថែម​ទាំង​ផ្ដល់​នូវ​ការ​កម្សាន្ត ដែល​មាន​តម្លៃ​ធូរ​ថ្លៃ ឬ​ឥត​គិត​ថ្លៃ​សម្រាប់​អ្នក​ដំណើរ ទៀត​ផង។

នៅ​ក្នុង​ថ្ងៃ​នេះ យើង​នឹង​ណែនាំ​ប្រិយមិត្ត​ទាំង​អស់​គ្នា ឲ្យ​បាន​ដឹង​ពី​អាថ៌កំបាំង ក៏​ដូច​ជា​លក្ខណៈ​ពិសេស​ដ៏​មាន​ប្រយោជណ៍​មួយ​ចំនួន នៅ​ឯ​ព្រលានយន្តហោះ​ល្បីៗ ទាំង ៩ នៅ​ជុំវិញ​ពិភពលោក។

#១ ព្រលានយន្តហោះ Hong Kong International Airport ស្ថិត​ក្នុង​ទីក្រុង​ហុងកុង

ព្រលានយន្តហោះ​មួយ​នេះ មាន​ការ​តាំង​ពិព័រណ៍​បណ្ដោះ​អាសន្ន​ឥតគិតថ្លៃ ដែល​ប្រព្រឹត្តិ​ទៅ​តាម​ពេល​វេលា​ផ្សេងៗ​គ្នា និង​ផ្ដល់​ជូន​នូវ​ដំណើរ​ទេសចរណ៍​អន្តរកម្ម​សម្រាប់​កុមារ និង​មនុស្ស​ពេញ​វ័យ​ទៀត​ផង។ ប៉ុន្តែ​លក្ខណៈ​ពិសេស​សំខាន់​គឺ រោងកុន UA IMAZ Theatre ដែល​មាន​អេក្រង់​ធំ​បំផុត នៅ​ក្នុង​ទីក្រុង​ហុងកុង ហើយ​មាន​កៅអី​ចំនួន ៣៥០ ដោយ​ចាក់​បញ្ចាំង​ទាំង​រឿង ប្រភេទ 2D និង 3D។ ឯ​តម្លៃ​សំបុត្រ​ប្រហែល ១០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

#២ ព្រលានយន្តហោះ Kloten Airport ស្ថិត​ក្នុង​ទីក្រុង Zurich នៃ​ប្រទេស​ស្វីស

វា​គឺ​ជា​ព្រលានយន្តហោះ​ដ៏​មមាញឹក​បំផុត​មួយ​នៅ​ទ្វីប​អឺរ៉ុប ហើយ​វា​ផ្ដល់​ឲ្យ​អ្នក​ដំណើរ​នូវ​ឱកាស​ដើម្បី​មើល​ឃើញ ការ​ធ្វើ​ដំណើរ​តាម​អាកាស​ទាំង​អស់ ពី​មុំ​មួយ​នៃ​ព្រលានយន្តហោះ។ មគ្គុទ្ទេសក៍​របស់​ព្រលានយន្តហោះ​ខាង​លើ នឹង​នាំ​អ្នក​ទៅ​មើល​គ្រប់​បរិវេណ​ទាំង​អស់ ប៉ុន្តែ​មគ្គុទ្ទេសក៍​ដែល​មាន​បទពិសោធន៍ នឹង​នាំ​អ្នក​ទៅ​កន្លែង​អាថ៌កំបាំង ហើយ​ប្រាប់​អ្នក​អំពី​របៀប​ដែល ស្វីស គ្រប់គ្រង​អាជីវកម្ម​ដ៏​ធំ​បែប​នេះ។ ចំពោះ​តម្លៃ​នៃ​ដំណើរ​ទស្សនកិច្ច​បែប​នេះ គឺ ១០ ដុល្លារ ដោយ​មាន​ការ​បញ្ចុះ​តម្លៃ សម្រាប់​ដំណើរ​ទស្សនកិច្ច​ជា​ក្រុម និង​មិន​គិត​ថ្លៃ​ចំពោះ​កុមារ​ឡើយ។

#៣ ព្រលានយន្តហោះ Changi International Airport ស្ថិត​ក្នុង​ប្រទេស​សិង្ហបុរី

វា​ស្ថិត​នៅ​ក្នុង​បញ្ជី​នៃ​ព្រលានយន្តហោះ​ល្អ​បំផុត​នៅ​លើ​ពិភពលោក។ អ្នក​អាច​មើល​ឃើញ​លក្ខណៈ​ពិសេស​របស់​វា ដូចជា សួនច្បារ ផ្កា​ឈូករ័ត្ន ដើម​ដំបងយក្ស និង​សួនច្បារ​ផ្កាអ័រគីដេ ក៏​ដូច​ជា​សត្វ​ត្រី​ចម្លែក និង សួន​មេអំបៅ ផង​ដែរ។ នៅ​លើ​ដំបូល មាន​អាង​ហែលទឹក​មួយ និង​កន្លែង​ងូតទឹក ដែល​ផ្ដល់​ទិដ្ឋភាព​ដ៏​អស្ចារ្យ។ មិនតែប៉ុណ្ណោះ មាន​ស្ថានីយ​ចំនួន ២ មាន​រោងកុន​ដែល​ចាក់​បញ្ចាំង​រឿង​ដោយ​ឥតគិតថ្លៃ ទៀត​ផង។

#៤ ព្រលានយន្តហោះ Incheon International Airport ស្ថិត​ក្នុង​ទីក្រុង​សេអ៊ូល នៃ​ប្រទេស​កូរ៉េខាងត្បូង

វា​គឺ​ជា​ព្រលានយន្តហោះ​ដ៏​កម្រ​មួយ​នៅ​លើ​ពិភពលោក ដែល​ផ្តល់​ជូន​នូវ​ការ​កម្សាន្ត​ជា​ច្រើន​ប្រភេទ​សម្រាប់​អ្នក​ដំណើរ។ អ្នក​ដំណើរ​អាច​ស្គាល់​ពី​វប្បធម៌​ក្នុង​តំបន់ ទោះ​បី​ជា​ពួកគេ​មិន​ធ្លាប់​ចូល​ទស្សនា​ប្រទេស​កូរ៉េខាងត្បូង​ក៏​ដោយ។ លើស​ពី​នេះ​ទៅ​ទៀត ក៏​មាន​សិប្បកម្ម​បែប​ប្រពៃណី ដែល​អាច​ឲ្យ​អ្នកដំណើរ​រៀន​តាម , តន្ត្រី​ក្នុង​ស្រុក សម្រាប់​អ្នកដំណើរ​ស្ដាប់​កម្សាន្ត និង ពិធីបុណ្យ​ប្រពៃណី​របស់​ជនជាតិ​កូរ៉េ ទៀត​ផង។ អ្វី​ដែល​រឹតតែ​ពិសេស​នោះ​គឺ វា​មាន​ទីលាន​ជិះ​ស្គី​ទឹកកក សម្រាប់​អ្នក​ដំណើរ​ទាំងអស់​តែម្ដង។ អ្វី​ដែល​បាន​រៀបរាប់​ខាងលើ​នេះ សុទ្ធសឹងតែ​ឥតគិតថ្លៃ​ទាំងអស់។

#៥ ព្រលានយន្តហោះ Schiphol Airport ស្ថិត​ក្នុង​រាជធានី Amsterdam នៃ​ប្រទេស​ហូឡង់

នៅ​ទីនោះ អ្នកដំណើរ​ដែល​ចូលចិត្ត​អាន​សៀវភៅ អាច​រីករាយ​ជាមួយ​នឹង​បណ្ណាល័យ ដែល​មាន​សៀវភៅ​រាប់ពាន់​ក្បាល និង​សាល​សម្រាប់​អាន​សៀវភៅ យ៉ាង​កក់ក្ដៅ​ទៀត​ផង។

#៦ ព្រលានយន្តហោះ Taiwan Taoyuan International Airport ស្ថិត​នៅ​កោះ​តៃវ៉ាន់

ក្រៅ​ពី​សេវាកម្ម​ស្តង់ដារ ព្រលានយន្តហោះ​ធំ​បំផុត​នៅ​តៃវ៉ាន់​នេះ ផ្ដល់​ជូន​អ្នក​ដំណើរ​នូវ​អ្វី​ដែល​ពិត​ជា​ពិសេស។ វា​មាន​ថ្នាក់​រៀន​ខុស​ពី​ធម្មតា សម្រាប់​ភ្ញៀវ​ទេសចរ ដូច​ជា​ការ​រៀន​សរសេរ​អក្សរ​ផ្ចង់ និង​ភ្លក់​រសជាតិ​អាហារ​ក្នុង​ស្រុក ជាដើម។ ប៉ុន្តែ លក្ខណៈ​ពិសេស​នៃ​ព្រលានយន្តហោះ ដែល​អាច​ទាក់ទាញ​ក្មេងៗ​មក​ពី​ជុំវិញ​ពិភពលោក​នោះ​គឺ មជ្ឈមណ្ឌល Hello Kitty។

#៧ ព្រលានយន្តហោះ Franz Josef Strauss Airport ស្ថិត​ក្នុង​ទីក្រុង Munich នៃ​ប្រទេស​អាល្លឺម៉ង់

ប្រសិន​បើ​អ្នក​មាន​ពេល​ទំនេរ​ប៉ុន្មាន​ម៉ោង នៅ​ឯ​ព្រលានយន្តហោះ​ខាង​លើ អ្នក​ប្រាកដ​ជា​ត្រូវ​ទៅ​ភោជនីយដ្ឋាន Airbrau ដែល​ស្ថិត​នៅ​ក្នុង​ព្រលានយន្តហោះ​ផ្ទាល់​តែម្ដង។ វា​មិន​ត្រឹមតែ​ជា​កន្លែង​ទទួលទាន​អាហារ និង​ស្រាបៀ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ផ្ដល់​ឲ្យ​អ្នកដំណើរ​នូវ​ដំណើរ​ទស្សនកិច្ច​ផង​ដែរ។ សូម្បីតែ​ក្មេង​ជំទង់ ក៏​អនុញ្ញាត​ឲ្យ​ចូល​ដែរ ទោះ​បី​ជា​ពួកគេ​មិន​ភ្លក់​រសជាតិ​ស្រាបៀ​អាល្លឺម៉ង់ ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ដ៏​ដោយ។ ចំណែក​ឯ​តម្លៃ គឺ​ត្រឹមតែ ៨ ទៅ ១០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

#៨ ព្រលានយន្តហោះ Vancouver International Airport ស្ថិត​ក្នុង​ខេត្ត British Columbia នៃ​ប្រទេស​កាណាដា

នៅ​ទី​នោះ អ្នកដំណើរ​អាច​មើល​ឃើញ​ស្នាដៃ​សិល្បៈ ដែល​បាន​បំផុស​គំនិត​ដោយ​វប្បធម៌​របស់​ប្រជាជាតិ​ដំបូង (First Nations)។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ ទូកចែវ​ប្រវែង ១១ ម៉ែត្រ​របស់​ពួក​គេ។

#៩ ព្រលានយន្តហោះ Dubai International Airport ស្ថិត​ក្នុង​ទីក្រុង​ឌូបៃ នៃ​ប្រទេស​អារ៉ាប់រួម

លក្ខណៈ​ពិសេស​នៅ​ទី​នោះ​គឺ ប្រហែល​ជា​ចំនួន​ហាង​លក់​ទំនិញ​ជា​ច្រើន​កន្លែង ដែល​ឈរ​លើ​ផ្ទៃ​ដី​ទំហំ ១៥ ០០០ ម៉ែត្រការ៉េ។ វា​ជា​ឋានសួគ៌​របស់​អ្នក​ចូលចិត្ត​ដើរ​ទិញ​ទំនិញ។ ទោះ​បី​ជា​អ្នក​មិន​ទិញ​អ្វី​ក៏​ដោយ តែ​អ្នក​នៅ​តែ​អាច​ចូល​ទៅ​ក្នុង​ពិភព​នៃ​ប្រណីតភាព​អារ៉ាប់ និង​ស្គាល់​អ្នក​ស្រុក​នៅ​ទី​នោះ។ ប្រសិន​បើ​អ្នក​មាន​លុយ ពី ២៧ ទៅ ១៣៨ ដុល្លារ​អាមេរិក អ្នក​អាច​សាកល្បង​ផ្សង​សំណាង ដោយ​ចូល​រួម​លេង​ឆ្នោត ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ ឬ រថយន្ត​ស្ព័រ​មួយ​គ្រឿង ទៀត​ផង៕

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង