៥ ស្នៀត​របស់​អ្នក​លក់​ខោអាវ​ ត្រជាក់​ដូច​ទឹក​អម្រឹត តែ​ចំណេញ​កប់ក្ដោង

  • 2017-07-13 02:50:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំលៀកបំពាក់​ជា​តម្រូវ​ការ​ចាំបាច់​មិន​អាច​ខ្វះ​បាន ហើយ​ការ​ដើរ​ផ្សារ​ក៏​ជា​រឿង​ពេញ​និយម​មិន​ថា​មនុស្ស​វ័យ​ណា​នោះ​ទេ។ ចំណែក​ស្នៀត​របស់​អ្នក​លក់​សំលៀក​បំពាក់​វិញ មាន​ច្រើន​សម្បូរ​បែប​ បើ​សិន​អ្នក​ទិញ​គិត​មិន​ដល់​ទេ អ្នក​លក់​អាច​ចំណេញ​កប់​ក្ដោង យ៉ាង​ត្រជាក់​ដូច​ទឹក​អម្រឹត។ ខាង​ក្រោម​នេះ​ជា​ស្នៀត​ទាំង​ ៥​របស់​អ្នក​លក់​ ហើយ​អ្នក​ទិញ​គួរ​តែ​ដឹង៖

១.ពោល​សរសើរ​លើស​ពី​ការពិត

យុវតី​វ័យ​ក្មេង អេនដា ជា​កំពូល​ជើង​ខ្លាំង​ដើរ​ផ្សារ​មួយ​រូប​លើក​ឡើង​ថា ក្បាច់​មួយ​របស់​អ្នក​លក់​ខោអាវ គួរ​ឱ្យ​កត់​សម្គាល់​នោះ​ គឺ​លើក​សរសើរ​ពី​រូបរាង​អ្នក​ទិញ​ហួស​ពី​ការ​ពិត​ចូល​លក្ខណៈ​បញ្ជរ​តែ​ម្ដង​។ អេន​ដា និយាយ​ថា៖ "អ្នក​លក់​ខ្លះ​ពូកែ​ណាស់​បង សរសើរ​ថា​រូបរាង​អូន​ឯង​ស្អាត​ចឹង ស្លៀក​មួយ​ឈុត​ហ្នឹង​ដឹង​តែ​សម​ហើយ រាង​ប៉ិន​ៗ​អូន ស្លៀក​ចឹង​សម​ណាស់ បង​មិន​មែន​ចេះ​តែ​និយាយ​ទេ។" ដូច្នេះ​អ្នក​ចូល​ចិត្ត​ឱ្យ​គេ​សរសើរ​រឿង​អី​មិន​ទិញ ហើយ​មិន​សូវ​ហ៊ាន​ត​ថ្លៃ​ទៀត បែប​នេះ​ហើយ​ទើប​អ្នក​លក់​អាច​ចំណេញ​កប់​ក្ដោង។

២. និយាយ​ថា​តម្លៃ​លក់​ពិសេស​ខុស​ពី​គេ

យុវតី​ខាង​លើ​លើក​ឡើង​មួយ​ចំណុច​ទៀត​ថា ក្បាច់​របស់​អ្នក​លក់​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ទៀត​នោះ គឺ តែង​និយាយ​ថា តម្លៃ​នេះ​មិន​ធ្លាប់​លក់​ពី​មុន​ទេ លើក​នេះ​ជា​តែ​លក់​យក​ហេងៗ​ទៅ។ អេន​ដា​និយាយ​ថា៖ តាម​ពិត​ឈុត​ហ្នឹង​ពី​មុន​បង​លក់​បាន ២០​ដុល្លារ​ឯណោះ ឥឡូវ​លក់​ឱ្យ​អូន​តែ ១០​ដុល្លារ​ទេ តែ​កុំ​មាត់​ប្រាប់​គេ​ណា ព្រោះ​នេះ​តម្លៃ​ពិសេស​ហើយ​អូន ខ្លាច​ម៉ូយ​បង​ខឹង។ អ្នក​ទិញ​កាល​ឭ​បែប​នេះ​ត្រេក​អរ​ណាស់​ប្រញាប់​ដក​លុយ​ទិញ​ទាំង​អារម្មណ៍​ក្ដុកក្ដួល។ ចំណែក​អ្នក​លក់​វិញ​បែរ​ជា​ធ្វើ​មុខ​ជូរ​លាក់​អារម្មណ៍​ពិត។ ​

៣. តែងនិយាយ​ថា​ម៉ូយ​ទោះ​ទៅ​ទិញ​លើក​ទី១

ដោយ​ឡែក​កញ្ញា សុធារី ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ ចូល​ចិត្ត​ដើរ​ផ្សារ​ដែរ​នោះ បាន​ប្រាប់​ថា ស្នៀត​មួយ​របស់​អ្នក​លក់​អន្ទង​ចិត្ត​អ្នក​ទិញ​នោះ គឺ​តែង​និយាយ​ថា​អ្នក​ទិញ​ម៉ូយ​គ្រប់​គ្នា​ទោះ​ទើប​តែ​ទៅ​លើក​ទី​១​ក៏​ដោយ​។ ចំណែក​អ្នក​ទិញ​វិញ​កាល​បើ​បាន​អ្នក​លក់​ថា ខ្លួន​ជា​ម៉ូយ​ហើយ​ស្រាប់​តែ​ទន់​ចិត្ត​ចូលចិត្ត​អ្នក​ទិញ ព្រោះ​មាន​អារម្មណ៍​ថា​ស្និទ្ធស្នាល។ សុធារី​និយាយ​ថា៖ "ក្បាច់​នេះ​អាច​ឱ្យ​អ្នក​ទិញ​មាន​អារម្មណ៍​ថា ដោយសារ​យើង​ជា​ម៉ូយ​របស់​គាត់ ទើប​គាត់​លក់​តម្លៃ​នេះ​ឱ្យ​យើង តាម​ពិត​គ្មាន​ទៅ​ម៉ូយ​អី​ទេ ហើយ​ចំណេញ​ឡើង​កប់។"

៤. ធានា​អះអាង​ថា​ខោអាវ​មក​ពី​នាយ​ទើប​មក​ដល់

សុធារី​ដដែល​បន្ថែម​មួយ​ចំណុច​ទៀត​ថា វិធីសាស្ត្រ​នេះ​អ្នក​លក់​តែង​ប្រើ​ដដែល​ៗ តែ​អ្នក​ទិញ​នៅ​តែ​ជឿជាក់។ ធារី ប្រាប់​ថា អ្នក​លក់​តែង​និយាយ​បែប​នេះ ដើម្បី​ឱ្យ​អ្នក​ទិញ​ជឿជាក់​ថា ខ្លួន​បាន​ស្លៀក​ពាក់​មុន​គេ​ម៉ូត​ថ្មី ហើយ​អ្នក​លក់​តែង​និយាយ​ថា៖ "ម៉ូត​នឹង​ណា​មាន​តែ​អូន​ហើយ​ស្លៀក​មុន​គេ បង​ធានា ទើប​មក​ពី​នាយ​ សាច់​ក្រណាត់​ល្អ​ណាស់ សម​នឹង​អូន​តែ​ម្ដង។" ដូច្នេះ​ហើយ​អ្នក​ទិញ​វិភាគ​មិន​បាន​ស៊ី​ជម្រៅ បាក់​ចិត្ត​ទិញ​ទាំង​គ្មាន​គិត​វែង​ឆ្ងាយ​នោះ​ទេ។

៥. ត្អូញត្អែរ​បែប​កម្សត់​រហូត​អ្នក​ទិញ​ទន់​ចិត្ត

មក​ជួប​កញ្ញា សុខណា​វិញ បាន​ប្រាប់​ដែរ​ថា វិធីសាស្រ្ត​ចុង​ក្រោយ​របស់​អ្នក​លក់​គឺ​ ពោល​ពាក្យ​កម្សត់​ៗ ស្ទើរ​ស្រក់​ទឹក​ភ្នែក រហូត​អ្នក​ទិញ​ទប់​ចិត្ត​មិន​បាន​ជួយ​ទិញ​តែ​ម្ដង​ទោះ​មិន​សូវ​ពេញ​ចិត្ត តែ​ទិញ​ដោយ​ក្ដី​អាណិត។ សុខណា ប្រាប់​ថា ពាក្យ​កម្សត់ៗ​ទាំង​នោះ មាន​ដូចជា៖ "ថ្ងៃ​នេះ​ស្ងាត់​ណាស់​អូន​អើយ​ជួយ​យក​បង​មួយ​ទៅ ហឹមម..មិន​ចំណេញ​ទេ​លក់​ទាំង​ខាត តែ​ណ្ហើយ​ចុះ​ចេះ​តែ​លក់​ទៅ តូប​ឥឡូវ​ឡើង​ថ្លៃ​ណាស់​អូន​អើយ មិន​សូវ​ចំណេញ​ទេ​....”៕

អត្ថបទ៖ វឌ្ឍនៈ