ករណីចាប់ក្មេងគូររូបផ្កាចំណាំលើមុខ ល្បីកក្រើកនៅថ្ងៃនេះ ដឹងការពិតហើយ
- 2017-07-13 07:18:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ករណីចាប់ក្មេងគូររូបផ្កាចំណាំលើមុខ ល្បីកក្រើកនៅថ្ងៃនេះ ដឹងការពិតហើយ
ចន្លោះមិនឃើញ
នៅព្រឹកនេះ មានការបង្ហោះសារតគ្នាជាច្រើនដងតាមបណ្ដាញសង្គម ទាក់ទងនឹងករណីចាប់ក្មេងចេញពីសាលារៀន ធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមអាណាព្យាបាលនានា។ បើតាមប្រធានក្រុមប្រចាំការនៃនាយកដ្ឋានកណ្ដាលសន្តិសុខ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីនេះជាការយល់ច្រឡំប៉ុណ្ណោះ ហើយមន្ត្រីមានសមត្ថកិច្ចកំពុងស្រាវជ្រាវក្រែងមានករណីផ្សេងទៀត។
សារមួយដែលមានសំឡេងមនុស្សស្រីរយៈពេល ៥៨វិនាទី បានណែនាំថា សាលារៀនទាំងអស់គួរប្រាប់ក្មេង បើឃើញជនចម្លែកកុំឲ្យនៅក្បែរ ហើយអាណាព្យាបាលគួរជូនកូនឲ្យដល់សាលា កុំឲ្យទៅតាមគេផ្សេង ព្រោះអាចមានអ្នកចាប់យកទៅវះយកគ្រឿងក្នុង។ ចំណែកសារមួយទៀត គឺឪពុករបស់ក្មេងស្រីម្នាក់ អះអាងថាមានគេចាប់កូន រហូតរកឃើញនៅម្ដុំស្ទឹងមានជ័យ ដោយមានសញ្ញាផ្កាលើមុខ។
យ៉ាងណាក្ដី លោកវរសេនីយ៍ទោ ប៊ុត ភីន ប្រធានក្រុមប្រចាំការនៃនាយកដ្ឋានកណ្ដាលសន្តិសុខ ក្រសួងមហាផ្ទៃបានអះអាងថា ករណីចាប់ក្មេងនៅស្ទឹងមានជ័យ ជារឿងយល់ច្រឡំប៉ុណ្ណោះ។ លោកថា បើតាមព័ត៌មានទទួលបាន គឺក្មេងស្រីនោះបានរៀបរាប់ថា នាងបានជិះកង់ជាមួយមិត្តភ័ក្ដិ ២នាក់ និងម្ដាយមីងម្នាក់ ទៅដើរលេងដល់វិហារយេស៊ូមួយ ម្ដុំបឹងទំពុន។
ពេលទៅលេងវិហារយេស៊ូនោះ មានស្ត្រីជនជាតិបារាំងម្នាក់ បានគូររូបផ្កាលើថ្ពាល់ក្មេង៤នាក់ ព្រមទាំងឲ្យហូបនំ លេងហ្គេមខ្លះ រហូតដល់ម៉ោង ៥កន្លះ។ ដោយសារល្ងាចវង្វេងផ្លូវរកផ្ទះមិនឃើញ នាងបានជិះទៅដល់ផ្សារស្ទឹងមានជ័យ។ ពេលនោះអ្នកជិតខាងម្នាក់បានឃើញ និងនាំនាងទៅផ្ទះវិញ តែនាងភ័យខ្លាចឪពុកខ្លាំង ក៏មិនហ៊ាននិយាយ ដោយយំជាប់រហូត ទើបធ្វើឲ្យមានការយល់ច្រឡំនេះឡើង៕