មនុស្សច្រើននាក់​ត្រូវបង្អត់អាហារ និង​ឃុំក្នុងបន្ទប់​កម្ដៅ៤៥អង្សា ព្រោះពាក់​ព័ន្ធនឹងភេរវក

  • 2017-07-20 04:36:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​រាប់​សិប​នាក់​​ ត្រូវ​​​បាន​គេ​បង្អត់​អាហារ​រហូត​ស្គម​ស្គាំង និង​អង្គុយ​ប្រជ្រៀត​គ្នា​ក្នុង​បន្ទប់​​ជា​មួយ​កម្ដៅ ៤៥​អង្សា ដោយ​ចោទ​ប្រកាន់​​​ករណី​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​ភេរវក ISIS។ នាយក​រដ្ឋ​មន្ត្រី​អ៊ីរ៉ាក់​បាន​សារភាព​ថា ​រដ្ឋាភិបាល​ពិត​ជា​បាន​រំលោភ​សិទ្ធិ​មនុស្ស​ប្រាកដ​មែន​ បន្ទាប់​ពី​កង​កម្លាំង​វាយ​ដណ្ដើម​បាន​ទីក្រុង​ម៉ូស៊ូល​ ត្រលប់​មក​វិញ។

លោក​នាយក​រដ្ឋមន្ត្រី​ Haider al-Abadi បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ការ​បំពាន​សិទ្ធិ​គឺ​ជា​រឿង​បុគ្គល និង​ចំពោះ​អ្នក​​ពាក់​ព័ន្ធ​នឹង​ក្រុម​ភេរវក ISIS ​ដែល​ព្យាយាម​វាយ​ប្រហារ​កង​កម្លាំង​រដ្ឋាភិបាល និង​ក្រុម​សន្តិសុខ។

​បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​ជ័យជំនះ​លើ​ក្រុម ISIS ក្នុង​ទីក្រុង​ម៉ូស៊ូល ​វីដេអូ​លេច​ធ្លាយ​មួយ​នៅ​​លើ​បណ្ដាញ​សង្គម​បាន​បង្ហាញ​ឲ្យ​ឃើញ​កង​កម្លាំង​​​បាន​ចាប់​គ្រវែង​ជន​សង្ស័យ​ជា​ច្រើន​នាក់​ពី​ជញ្ជាំង​ខ្ពស់​ក្បែរ​ទន្លេ Tigris ​ក្រោយ​មក​ក៏​បាញ់​ពួក​គេ​សម្លាប់​ឆៅ​ៗ​តែម្ដង​។

ចំណែក​នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ វីដេអូ និង​រូបភាព​ផ្សេង​ទៀត​ ​បង្ហាញ​ពី​បុរស​ស្គម​ស្គាំង​រាប់​សិប​នាក់​អង្គុយ​តម្រៀប​គ្នា​ក្នុង​បន្ទប់​តូច​ចង្អៀត​ជា​មួយ​សីតុណ្ហភាព​រហូត​ដល់ ៤៥​អង្សា មិន​មាន​ភ្លើង​អគ្គិសនី និង​ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់។

អ្នក​​ជាប់​ឃុំ​​ម្នាក់​បាន​​អះអាង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ពួក​គេ​មិន​មាន​ទោស​ដូច​ការ​ចោទ​​ទេ។ ទោះ​យ៉ាង​ណា អ្នក​ខ្លះ​ជាប់​នៅ​ទី​នេះ​ជាង ៦​ខែ ​ហើយ​រូប​លោក​បាន​ជាប់​​ជាង​៨​ខែ និង​បាន​ឃើញ​ពន្លឺ​ថ្ងៃ​ម្ដង​គត់។ បុរស​ដដែល​បន្ត​ថា ខ្លួន​ជា​មន្ត្រី​រាជការ ហើយ​​​ត្រូវ​គេ​ចាប់​ឃុំ​ខ្លួន​ពេល​​​ធ្វើ​ដំណើរ​​តាម​ផ្លូវ​ពី​ទីក្រុង​ម៉ូស៊ូល ទៅ​ទីក្រុង​បាដាដ។

ប្រភព​ខាង​លើ​បន្ថែម "​ចាប់​តាំង​ពី​ឃុំ​ខ្លួន ​ខ្ញុំ​មិន​ដែល​ឃើញ​តុលាការ ឬ​ចៅ​ក្រម​ឡើយ។ ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​ជាប់​ចោទ​ពី​អ្វី​ទេ"។ អ្នក​ទោស​ម្នាក់​ទៀត​និយាយ​ថា "​យើង​ពិត​ជា​ចង់​ស្លាប់​ណាស់។ ពួក​យើង​នៅ​ទី​នេះ មិន​មាន​សាច់​ញាតិ​បងប្អូន​​មក​មើល​ទេ។ គ្រួសារ​ពួក​យើង ​មិន​ដឹង​ពួក​យើង​នៅ​ទីណា​​ឡើយ"៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី