សាស្ត្រាចារ្យ​បណ្ឌិត Kenny និយាយ​អ្វី​ខ្លះ​ពី​ទីផ្សារ​នៅ​កម្ពុជា?

  • 2017-07-31 03:02:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​សាស្ត្រាចារ្យ​បណ្ឌិត Kenny Teoh Guan Cheng ជំនាញ​ផ្នែក​ទី​ផ្សារ​នៅ​សកល​វិទ្យាល័យ Putra Malaysia បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​និន្នាការ​របស់​អ្នក​ជំនួញ​នៅ​ប្រទេស​កម្ពុជា សម្លឹង​ឃើញ​តែ​ទីផ្សារ​ក្នុង​ស្រុក​នៅ​ឡើយ មិន​ទាន់​មាន​និន្នាការ​បង្កើត​ស្លាក​សញ្ញា​ផលិត​ផល​ទៅ​កាន់​ទីផ្សារ​លើ​ពិភពលោក​ទេ។ លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​សិក្ខាសាលា​លំដាប់​អន្តរជាតិ “THE NEXT CAMBODIAN MARKETERS(CPM-ASIA)” ក្រោម​ប្រធានបទ «ផ្លាស់ប្តូរ​ការ​ប្រកួត​ប្រជែង ទៅ​ជា​សហ​សញ្ញា​ម៉ាក​ផលិត​ផល» ដែល​រៀបចំ​ដោយ​សមាគម​អ្នក​ទីផ្សារ​កម្ពុជា(MAC)។

សាស្ត្រាចារ្យ​មាន​បទពិសោធន៍​ផ្នែក​ទីផ្សារ​ជាង ២០​ឆ្នាំ​មក​ពី​ប្រទេស​ម៉ាឡេស៊ី​បាន​ផ្ដល់​ជា​គំនិត​ថា អ្នក​រកស៊ី​នៅ​កម្ពុជា គួរ​រួម​គ្នា​កសាង​ស្លាក​សញ្ញា​ផលិត​ផល​មួយ​ ដើម្បី​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក​ឧទាហរណ៍​ថា៖ KAMPUCHEA ឬ Proudly Khmer ជា​ដើម។ លោក​សាស្ត្រាចារ្យ Kenny បន្ត​ទៀត​ថា ប្រជាជន​នៅ​កម្ពុជា​មាន​ចំនួន​តែ​ជាង ១៥​លាន​នាក់ តែ​បើ​នៅ​ប្រទេស​ដទៃ​គ្រាន់​តែ​ទីក្រុង​មួយ​អាច​មាន​ប្រជាជន​ជាង ២០​លាន​នាក់។ ដូច្នេះ​ហើយ​​ទីផ្សារ​ធំ​ទូលាយ​ណាស់ ក្រុមហ៊ុន​ធំៗ​នៅ​កម្ពុជា គួរ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត សម្លឹង​ទៅ​កាន់​​ទីផ្សារ​ពិភពលោក ធ្វើ​យ៉ាង​ណា​ឱ្យ​គេ​ស្គាល់​ថា ផលិត​ផល​ ឬ​ស្លាក​សញ្ញា​នេះ មក​ពី​ប្រទេស​កម្ពុជា។

ដើម្បី​អាច​ឈាន​ជើង​ចូល​ទៅ​កាន់​ទីផ្សារ​ពិភពលោក លុះ​ត្រា​ពាណិជ្ជករ​នោះ គិត​ឱ្យ​ទូលំទូលាយ​មុន​បង្កើត​ក្រុមហ៊ុន​មួយ មាន​ន័យ​ថា​ស្លាក​សញ្ញា​នោះ​មិនមែន​សំដៅ​តែ​ទីផ្សារ​ក្នុង​ស្រុក តែ​ត្រូវ​គិត​ថា​ស្លាក​សញ្ញា​នោះ​នឹង​ល្បី​ទៅ​កាន់​ពិភពលោក​នៅ​ថ្ងៃ​ណា​មួយ។ ហេតុនេះ​ទាមទារ​ឱ្យ​អ្នក​ជំនួញ នៅ​កម្ពុជា​ទាំង​អស់ ត្រូវ​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​គំនិត ថា​ហេតុ​អ្វី​បាន​ជា​ផលិតផល​នៅ​បរទេស​អាច​ឱ្យ​ប្រជាជន​ខ្មែរ​ស្គាល់? ហើយ​គួរ​ធ្វើ​យ៉ាង​ម៉េច​ទើប​ឱ្យ​បរទេស​ស្គាល់​ថា ផលិត​នោះ​របស់​កម្ពុជា? សាស្ត្រាចារ្យ​បណ្ឌិត Kenny បន្ថែម។

​គួរ​ឱ្យ​ដឹង​ដែរ​ថា សិក្ខាសាលា​“THE NEXT CAMBODIAN MARKETERS(CPM-ASIA)” បង្កើត​ឡើង​ក្នុង​គោល​បំណង​ជួបជុំ​អ្នក​ជំនួញ​ធំៗ​ក្នុង​ប្រទេស​កម្ពុជា ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ក្នុង​ទីផ្សារ និង​រួម​គ្នា​ធ្វើ​យ៉ាង​ណា​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ពី​ពាណិជ្ជករ​ក្នុង​ស្រុក អាច​ធ្វើ​ជា​ពាណិជ្ជករ​អន្តរជាតិ ជួយ​លើក​ស្ទួយ​ឱ្យ​ផលិតផល ស្លាក​សញ្ញា​របស់​កម្ពុជា មាន​វត្តមាន​នៅ​លើ​ពិភពលោក៕

​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី