មូលហេតុ​នេះ​ ទើប​កើត​មាន​បាតុភូត​ចន្ទគ្រាស

  • 2017-08-08 07:17:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​​ផែនដី​កើត​មាន​បាតុភូត​ដ៏​កម្រ​មួយ​ប្រចាំ​ឆ្នាំ​គឺ​ចន្ទគ្រាស ដែល​មាន​តែ​បណ្ដា​ប្រទេស​ភាគ​ច្រើន​នៅ​​ទ្វីប​អឺរ៉ុប​, អាហ្វ្រិក​, អូស្ត្រាលី និង ប្រទេស​​នៅ​តំបន់​អាស៊ីអាគ្នេយ៍ (​រួម​ទាំង​កម្ពុជា) ​​ប៉ុណ្ណោះ​អាច​​មើល​ឃើញ។ ត​ទៅ​នេះ​នឹង​បក​ស្រាយ​ខ្លះ​ពី​ដើម​ហេតុ​នាំ​ឲ្យ​មាន​បាតុភូត​ចន្ទគ្រាស​ សម្រាប់​អ្នក​មិន​ទាន់​ដឹង៖​​​

​ដូច​ដឹង​ហើយ​ថា​​ព្រះចន្ទ​ធ្វើ​ដំណើរ​លើ​គន្លង​ជុំវិញ​ផែនដី ហើយ​ក្នុង​ពេល​ជា​មួយ​គ្នា​ផែនដី​ធ្វើ​ដំណើរ​លើ​គន្លង​ជុំវិញ​ព្រះអាទិត្យ។ ពេល​ខ្លះ​ផែនដី​រំកិល​ខ្លួន​ស្ថិត​នៅ​ចន្លោះ​ព្រះអាទិត្យ និង ព្រះចន្ទ ហើយ​ពេល​ដែល​​ហេតុការណ៍​នេះ​កើត​ឡើង ​​ផែនដី​នឹង​បាំង​ពន្លឺ​ព្រះអាទិត្យ​ដែល​ជា​ធម្មតា​​ពន្លឺ​នេះ​ត្រូវ​ចំណាំង​​ប្លាត​ទៅ​លើ​ព្រះចន្ទ។ ពន្លឺ​ព្រះអាទិត្យ​នេះ​ហើយ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ព្រះចន្ទ​មាន​ពន្លឺ។

​​ពេល​ដែល​ផែនដី​បាំង​ពន្លឺ​ដូច​នេះ​ ស្រមោល​របស់​ផែនដី​នឹង​​ត្រូវ​ជះ​ទៅ​លើ​ព្រះចន្ទ​ ដែល​បង្កើត​បាន​ជា​បាតុភូត​ចន្ទគ្រាស។ បាតុភូត​ចន្ទគ្រាស​អាច​កើត​មាន​ឡើង​តែ​នៅ​ពេល​ព្រះចន្ទ​​រះ​ពេញ​វង់​ប៉ុណ្ណោះ។ បាតុភូត​នេះ​ទៀត​សោត​មាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ​ ចន្ទគ្រាស​ពេញ​វង់​ និង ចន្ទគ្រាស​ចំណិត។

ដំណើរនៃចន្ទគ្រាសពេញវង់

ចន្ទគ្រាស​ពេញ​វង់​កើត​មាន​នៅ​ពេល​ព្រះអាទិត្យ ផែនដី​ និង ព្រះចន្ទ​ស្ថិត​នៅ​លើ​គន្លង​ត្រង់​តែ​មួយ។ ត្បិត​ថា​ស្រមោល​របស់​ផែនដី​ត្រូវ​ជះ​លើ​ផ្ទៃ​ព្រះចន្ទ​ទាំង​ស្រុង ​ប៉ុន្តែ​​មាន​ពន្លឺ​ព្រះអាទិត្យ​ខ្លះ​ចាំង​ដល់​ព្រះចន្ទ​តាម​រយៈ​បរិយាកាស​នៃ​ភព​ផែនដី​ដែល​នាំ​ឲ្យ​ផែនដី​បាត់​បង់​ពន្លឺ​ពណ៌​ខៀវ។ មូលហេតុ​នេះ​ហើយ​ទើប​ព្រះចន្ទ​​មើល​ពី​ផែនដី​ទៅ​មាន​ពណ៌​ក្រហម។

ចន្ទគ្រាស​ចំណិត​កើត​មាន​នៅ​ពេល​​ដែល​មួយ​ផ្នែក​នៃ​ព្រះចន្ទ ចូល​ទៅ​ក្នុង​ស្រមោល​របស់​ភព​ផែនដី។ ក្នុង​បាតុភូត​នេះ​​ស្រមោល​របស់​ផែនដី​បង្ហាញ​រូបរាង​ងងឹត​ខ្លាំង​ទៅ​លើ​ផ្ទៃ​ព្រះចន្ទ​ដែល​បែរ​មុខ​ចំ​ផែនដី។ សណ្ឋាន​ចំណិត​ដែល​​មើល​ឃើញ​ពី​បាតុភូត​នេះ​អាស្រ័យ​លើ​​​ការ​នៅ​ទន្ទឹម​គ្នា​រវាង​​​ព្រះអាទិត្យ ព្រះចន្ទ និង ផែនដី។

ដំណើរចន្ទគ្រាសចំណិត

ជា​ធម្មតា​បាតុភូត​ចន្ទគ្រាស​កើត​មាន​ឡើង​រយៈពេល​ ២ – ៣ ម៉ោង​ ហើយ​យ៉ាងហោចណាស់​មួយ​ឆ្នាំ​មាន​បាតុភូត​នេះ​កើត​ឡើង​ពីរ​ដង ប៉ុន្តែ​ចន្ទគ្រាស​ពេញ​វង់​កម្រ​កើត​មាន​បំផុត៕​​​

វីដេអូពន្យល់លម្អិត ៖

ប្រភព៖ NASA   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី