កូរ៉េខាងជើងពិចារណាគម្រោង​បាញ់តំបន់មួយ​របស់អាមេរិក ក្រោយ​ដូណាល់ ត្រាំ គំរាម

  • 2017-08-09 03:06:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កូរ៉េខាងជើង​កំពុង​ពិចារណា​វាយ​ប្រហារ​ទៅ​ដល់​​ទឹក​ដី​អាមេរិក​តំបន់​ Guam គឺ​នៅ​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ប្រធានាធិបតី ដូណាល់ ត្រាំ គំរាម​ទីក្រុង​ព្យុងយ៉ាង​ ជា​មួយ​ភ្លើង​សង្គ្រាម​កំហឹង។

​ភ្នាក់ងារ​​សារព័ត៌មាន​​ផ្លូវការ​របស់​កូរ៉េខាងជើង​បាន​ផ្សាយ​ថា ​ក្រុង​ព្យុងយ៉ាង​កំពុង​ពិចារណា​គម្រោង​បាញ់​រ៉ុកកែត​ធន់​មធ្យម​ទៅ​វែង​ដាក់​​តំបន់ Guam ដែល​ជា​មូលដ្ឋាន​​​យន្តហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធសាស្ត្រ​អាមេរិក​ស្ថិត​​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ ការ​ឆ្លង​ឆ្លើយ​វោហារ​សាសន៍​រវាង​ប្រទេស​ទាំង​ពីរ​​បាន​កើត​ឡើង​យ៉ាង​ក្ដៅ​គគុក។

ថ្មី​ៗ​នេះ អង្គការ​សហប្រជាជាតិ​បាន​យល់​ព្រម​​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​ប្រឆាំង​​កូរ៉េខាងជើង។ ចំណែក ប្រសាសន៍​របស់​ប្រធានាធិបតី ​ដូណាល់ ត្រាំ​ ពេល​នេះ គឺ​កើត​ឡើង​ក្រោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​រាយការណ៍​ថា ​កូរ៉េខាងជើង​បាន​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​តូច​សម​ល្មម​សម្រាប់​បំពាក់​នៅ​ក្នុង​មីស៊ីល​របស់​ខ្លួន។ ការ​វិវឌ្ឍ​មួយ​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ឧបសគ្គ​ចុង​ក្រោយ​គេ​របស់​កូរ៉េខាងជើង​ដែល​រដ្ឋ​​ពោរពេញ​ទៅ​ដោយ​នុយក្លេអ៊ែរ។

ភ្នាក់​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​​ផ្សាយ​​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​​ថា "​យោធា​របស់​ខ្លួន​កំពុង​ត្រួត​ពិនិត្យ​យ៉ាង​ប្រុងប្រយ័ត្ន​លើ​គម្រោង​ប្រតិបត្តិការ​បាញ់​​​ដាក់​តំបន់ Guam ​ដោយ​ប្រើ​រ៉ុកកែត​ប្រភេទ Hwasong-12 ធន់​មធ្យម​ទៅ​វែង"។

ការ​ថ្លែង​ដ៏​ក្ដៅ​គគុក​​រវាង​អាមេរិក និង​កូរ៉េខាងជើង បន្ទាប់​ពី​ក្រុង​ព្យុងយ៉ាង​បាន​តេស្ដ​មីស៊ីល​អន្តរទ្វីប​​កាល​ពី​ខែ​កក្កដា ដោយ​អះអាង​ថា​ អាច​បាញ់​ដល់​​អាមេរិក​ដីគោក។

លោក​ ដូណាល់ ត្រាំ ​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​​​ចេញ​ពី​កន្លែង​វាយ​កូន​គោល Bedminster Golf Club ​នៅ​រដ្ឋ New Jersey ​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា "​កូរ៉េខាងជើង​យកល្អ​កុំ​​គំរាម​កំហែង​ណា​មួយ​ដាក់​អាមេរិក។ ពួក​គេ​នឹង​​ប្រឈម​​ជាមួយ​ភ្លើង​សង្គ្រាម​​កំហឹង​ដែល​ពិភព​លោក​មិនធ្លាប់​បាន​ឃើញ​ជា​មិន​ខាន​"៕

Hwasong-12

ប្រភព៖ BBC   ប្រែ​សម្រួល៖ ឡេង ភារុណ