ប្រទេស​ចំនួន​៥​ដែល​ប្រជាជន​និយម​ជិះ​កង់​ច្រើន​ជាង​គេ​លើ​លោក

  • 2017-08-10 12:25:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​កាល​ពី​ថ្មីៗ​ក្នុង​ឆ្នាំ ២០១៧​ នេះ​តាម​រយៈ​ការ​ស្ទង់​មតិ​ជាមួយ​មនុស្ស ៤៣០០០ នាក់​ក្នុង ៥២​ប្រទេស របស់​គ្រឹះ​ស្ថាន​ស្រាវជ្រាវ​ Dalia ដែល​មាន​ទី​តាំង​នៅ​អាល្លឺម៉ង់​បាន​រក​ឃើញ​ប្រទេស​ចំនួន​ ៥ ដែល​មាន​អត្រា​អ្នក​ប្រើ​ប្រាស់​កង់​ច្រើន​ជាង​គេ​លើ​លោក។ ប្រទេស​នោះ​មាន​ដូចជា៖ 

១.ប្រទេស​អាល្លឺម៉ង់៖ ប្រទេស​មហា​អំណាច​អឺរ៉ុប​មួយ​នេះ មាន​ប្រជាជន ១៨ ភាគ​រយ ឬ​ប្រហែល ១៤ លាន​នាក់ និយម​ជិះ​កង់។

២. ប្រទេស​ជប៉ុន៖ យក្ស​អាស៊ី​មួយ​នេះ​សំបូរ​ណាស់ Tsukin-ists (អ្នក​ធ្វើ​ការ​ដែល​ចូល​ចិត្ត​ជិះ​កង់​ដើម្បី​គេច​ពី​ភាព​កក​ស្ទះ​ពេល​ធ្វើ​ចរាចរណ៍​ប្រចាំ​ថ្ងៃ) ។ ដោយ​ហេតុ​នេះ​ហើយ ប្រជាជន​ជាង ២៤​លាន​នាក់ ឬ​ស្មើ​នឹង ១៩​ភាគ​រយ​នៃ​ប្រជាជន​សរុប​ដែល​ចូល​ចិត្ត​ជិះ​កង់។

៣. ប្រទេស​ស៊ុយអែត៖ ជាមួយ​នឹង​ការ​ធ្វើ​ផ្លូវ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​កង់ មាន​ប្រជាជន​ប្រមាណ ១៩​ ភាគរយ ឬ ជាង ២​លាន​នាក់ ចូល​ចិត្ត​ប្រើ​កង់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​អឺរ៉ុប​អ្នក​មាន​មួយ​នេះ។

៤. ប្រទេស​ដាណឺម៉ាក៖ ប្រទេស​នេះ​មាន​ប្រវត្តិ​យូរ​លង់​ណាស់​ហើយ ជាមួយ​នឹង​ការ​ជិះ​កង់​តាំង​ពី​អំឡុង​ឆ្នាំ ១៨០០ មក​ម្ល៉េះ។ តាម​ការ​ស្រាវជ្រាវ​របស់​ Dalia មាន​អ្នក​និយម​ជិះ​កង់​ជាង ១.៥​លាន​នាក់ ដែល​ប្រមាណ​ជា ២៩%​នៃ​ប្រជាជន​សរុប​ក្នុង​ប្រទេស​អឺរ៉ុប​ប៉ែក​ខាង​ជើង​មួយ​នេះ។

៥. ប្រទេស​ហូឡង់៖ ជាមួយ​នឹង​ការ​វិនិយោគ​ទុន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​លើ​ការ​កសាង​ផ្លូវ​សម្រាប់​អ្នក​ជិះ​កង់ ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​មួយ ដែល​មាន​សុវត្ថិភាព​បំផុត​ក្នុង​ការ​ជិះ​កង់​នៅ​ក្នុង​លោក ហើយ​អ្នក​​ចូល​ចិត្ត​ជិះ​កង់​វិញ​មាន​រហូត​ដល់​ទៅ ៣៩% ឬ​ប្រហែល ៦.៥ លាន​នាក់ នៅ​ក្នុង​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប​មួយ​នេះ៕

ប្រភព៖ daliaresearch   ប្រែសម្រួល៖ ហ៊ីម រស្មី