បុរស​អេស្ប៉ាញ​ម្នាក់ បាញ់​ថៃ​ចុក​ៗ​រឿង​​គ្មាន​អនាម័យ

  • 2017-08-11 12:51:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វីដេអូ​របស់​បុរស​សញ្ជាតិ​អេស្ប៉ាញ​ជា​ភ្ញៀវ​ទេសចរ​ម្នាក់ ​បាន​ល្បី​ពេញ​បណ្ដាញ​សង្គម បន្ទាប់​ពី​បុរស​រូប​នេះ​បាន​រិះ​គន់​ចំៗ​អំពី​បញ្ហា​សំរាម​នៅ​តំបន់​ទេសចរណ៍​ឆ្នេរ​របស់​ប្រទេស​ថៃ ហើយ​បាន​ប្រាប់​ប្រជាជន​ប្រទេស​នេះ​ថា​ឲ្យ​កែ​ប្រែ បើ​មិន​អញ្ចឹង​ទេ ​ចំណូល​ពី​វិស័យ​ទេសចរណ៍​នឹង​ត្រូវ​បាត់​បង់។

  ភ្ញៀវ​ទេសចរ​រូប​នេះ​មាន​ឈ្មោះ​ថា Albaro Perreiro បាន​សម្ដែង​ការ​ខក​ចិត្ត​របស់​ខ្លួន​​ចំពោះ​ប្រទេស​ថៃ ដោយ​សារ​តំបន់​ឆ្នេរ​ដែល​គេ​​ទៅ​លេង សម្បុរ​​ទៅ​ដោយ​សំរាម កន្ទុយ​បារី ថង់​ប្លាស្ទិក ព្រម​ទាំង​ក្រដាស​ជា​ច្រើន។ Albaro ​បាន​និយាយ​ថា "ឥឡូវ​អ្នក​ឯង (ប្រជាជន​ថៃ) រក​លុយ​បាន​ច្រើន​ណាស់​ពី​វិស័យ​ទេសចរណ៍ ចំណូល​ពី​វិស័យ​នេះ​មាន​លក្ខណៈ​ខ្ពស់​ណាស់។"

ជាមួយ​នឹង​សំលៀក​បំពាក់​ខោ​ខ្លី អាវ​យឺត អម​​នឹង​វ៉ែន​តា​ផង​ បុរស​រូប​នេះ​បាន​បន្ត​ទៀត​ថា "ប៉ុន្តែ​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ទៅ​មុខ​ទៀត អ្នក​ឯងនឹង​មិន​មាន​ឋាន​សួគ៌ (កន្លែង​ទេសចរណ៍​ស្អាតៗ) ដូច​ដែល​អ្នក​ឯង​មាន​ដូច​សព្វ​ថ្ងៃ​នេះ​ទេ"។លោក​ចង់​បញ្ជាក់​ក្នុង​ន័យ​ថា បើ​ស្ថាន​ភាព​នៃ​ការ​ចោល​សំរាម​បែប​នេះ​នៅ​តែ​បន្ត នា​ពេល​១០​ឆ្នាំ​ខាង​មុខ​ទៀត​នឹង​មិន​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ មក​លេង​នៅ​ទី​នោះ​ទៀត​ទេ ដែល​ធ្វើ​ឲ្យ​បាត់​បង់​ចំណូល​ពី​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​មួយ​នេះ។  

វីដេអូ​រិះ​គន់​នេះ​ត្រូវ​បាន​គេ​ចែក​រំលែក​ជា​ច្រើន​ក្នុង​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​ថៃ។ បុរស​អេស្ប៉ាញ​នា​ពេល​ចុង​បញ្ចប់​នៃ​វីដេអូ​បាន​សង្ឃឹម​ថា វីដេអូ​ខ្លី​របស់​ខ្លួន​មួយ​នេះ នឹង​បាន​ទៅ​ដល់​អ្នក​មាន​អំណាច​ក្នុង​ប្រទេស​ថៃ ដើម្បី​ឲ្យ​ពួក​គេ​រក​វិធាន​ការ​ដោះ​ស្រាយ​បញ្ហា​មួយ​នេះ។  

ប្រភព៖ Coconut   ប្រែសម្រួល៖ ហ៊ីម រស្មី