សេក គឹមរួន៖ ប្ដេជ្ញានឹងខំប្រឹងប្រកួតឲ្យឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់ Leo បន្តទៀត
- 2017-08-14 04:02:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេក គឹមរួន៖ ប្ដេជ្ញានឹងខំប្រឹងប្រកួតឲ្យឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់ Leo បន្តទៀត
ចន្លោះមិនឃើញ
ជើងខ្លាំងមកពីខេត្តសៀមរាប សេក គឹមរួន ប្ដេជ្ញានឹងខំប្រឹងហ្វឹកហាត់និងប្រកួតឲ្យអស់ពីសម្ថភាពដើម្បីឈ្នះដៃគូ ហើយឈានបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ទៀត។
កីឡាករ សេក គឹមរួន បានឲ្យដឹងម្សិលមិញនេះថា គេមានការសោកស្ដាយជាខ្លាំងបន្ទាប់ពីធ្វើមិនបានល្អនៅប្រកួតជុំទី៣ នៃវគ្គសន្សំពិន្ទុនេះដោយចាញ់កីឡាករឡាវដោយពិន្ទុ។ ការចាញ់កីឡាករឡាវ នេះដែរ អ្នកប្រដាល់និយាយរដឺនរូបនេះថា គឺដោយសារតែមានបញ្ហាសុខភាពជាហេតុធ្វើឲ្យគេមិនបានហ្វឹកហាត់បានល្អ និងជាប់លាប់នោះឡើយ។
គឹមរួន បន្ថែមទៀតថា បើឈ្នះមួយប្រកួតម្សិលមិញនេះ គេមានសង្ឃឹមខ្ពស់ថានឹងឡើងទៅវគ្គបន្ទាប់ទៀតនៃកម្មវិធីខ្សែក្រវាត់នេះ។ ក៏ប៉ុន្តែនៅមិនទាន់អស់សង្ឃឹមនោះទេ ព្រោះនៅចាំអ៊ុត១ប្រកួតចុងក្រោយទៀត ប្រសិនបើខ្លួនធ្វើបានល្អ ដោយផ្ដួលដៃគូឲ្យសន្លប់ជាដើមនោះ ភាគរយឡើងទៅវគ្គបន្ទាប់មានច្រើន។ គេនឹងប្រឹងឲ្យខ្លាំងបំផុតនៅប្រកួតចុងក្រោយនេះ ព្រោះក្ដីសង្ឃឹមមានតែមួយគត់សម្រាប់គេ។ សេក គឹមរួន ថាកីឡាករដែលត្រូវជួបគ្នានាប្រកួតចុងក្រោយ គឺខ្លាំងជាងកីឡាករម្សិលមិញនេះទៀត។
សម្រាប់ការឡើងទៅវគ្គខ្វែងនេះគឺគេតម្រូវយកកីឡាករ លេខ១ និង លេខ២ ក្នុងពូលខ្មែរ ខណៈពូលបរទេសគឺយកលេខ១ និង លេខ២ មកខ្វែងជាមួយគ្នា។ បច្ចុប្បន្ននេះកីឡាករ ម៉ុត ខ្លឹមខ្មៅ មាន ៧ពិន្ទុ ប្រកួតបាន ៣ដង ឈ្នះ២ ចាញ់១ ចំណែក សេក គឹមរួន ក៏មាន ៧ពិន្ទុ ដែរ ប្រកួតបាន ៣ដង គឺឈ្នះ ២ ចាញ់១ ខណៈ ចាន់ រតនា មាន ៦ពិន្ទុ ប្រកួតបាន ២ដង ឈ្នះ ២ដង ឯកីឡាករ ឆៃ សារ៉ា មាន ៤ពិន្ទុ ប្រកួតបាន ២ដង ចាញ់១ និងឈ្នះ១៕