កីឡាករបាល់ទាត់ល្បី ៦ដួង ដែលមានកម្ពស់មិនសូវបាន
- 2017-08-14 12:46:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករបាល់ទាត់ល្បី ៦ដួង ដែលមានកម្ពស់មិនសូវបាន
ចន្លោះមិនឃើញ
ក្នុងពិភពបាល់ទាត់អន្តរជាតិ កីឡាករល្បីៗភាគច្រើនដូចជា ខ្សែប្រយុទ្ធមុតស្រួច Cristiano Ronaldoនិងខ្សែបម្រើ Paul Pogba សុទ្ធសឹងតែមានកម្ពស់ខ្ពស់ស្រឡះៗណាស់ ពោលគឺចាប់ពី ១,៨០ ម៉ែត្រឡើងទៅ។ ភាពខ្ពស់បែបនេះ ធ្វើឲ្យពួកគេងាយស្រួលក្នុងការការពារបាល់លេងវែងៗ ក៏ដូចជាយកបាល់ដែលបញ្ជូនមកខ្ពស់ៗពីមិត្តរួមក្រុម ឬតែតបាល់បញ្ចូលទីផងដែរ។ ប៉ុន្តែមិនមែនកីឡាករល្បី និងឆ្នើមៗទាំងអស់សុទ្ធតែមានកម្ពស់ខ្ពស់បែបនេះ។ អត្ថបទនេះនឹងលើកឡើងពីកីឡាករ ៦ រូបដែលមានកម្ពស់មិនសូវខ្ពស់ ដែលមានដូចតទៅ៖
១. Neymar Jr៖ បើទោះជាមានកម្ពស់ត្រឹមតែ ១,៧៤ ម៉ែត្រ វាមិនបានរារាំងកីឡាករសញ្ជាតិប្រេស៊ីលរូបនេះឲ្យអភិវឌ្ឍន៍ខ្លួនរហូតទៅជាកីឡាករលំដាប់ពិភពលោកទេ ហើយថែមទាំងក្លាយជាកីឡាករថ្លៃជាងគេបំផុតលើលោកជាមួយការផ្ទេរពីក្លឹបអ្នកមានបុណ្យ Barca ទៅក្លឹបមហាសេដ្ឋី PSG កាលពីពេលថ្មីៗនេះទៀតផង។
២. David Silva៖ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ មានកម្ពស់ត្រឹមតែ ១,៧៣ ម៉ែត្រ ប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី ខ្សែបម្រើប្រយុទ្ធរបស់ក្លឹបមេឃខៀវ Manchester City មួយនេះ ត្រូវបានគេចាត់ទុកថាជាកីឡាករមួយក្នុងចំណោមកីឡាករក្នុងលីគកំពូលអង់គ្លេសដែលលេងបានល្អ ជាមួយតិចនិចបញ្ជូនបាល់ច្បាស់ៗឲ្យមិត្តរួមក្រុមរបស់ខ្លួនក្នុងការស៊ុតបញ្ចូលទីរហូតបាន ៦៥លើក តាំងពីចូលរួមក្លឹបយក្សមេឃខៀវនេះកាលពីឆ្នាំ ២០១០ ។
៣. Sergio Aguero៖ ដូចមិត្តរួមក្រុមរបស់ខ្លួន Silva ដែរ ខ្សែប្រយុទ្ធជាតិអាហ្សង់ទីនរូបនេះមានកម្ពស់ ១,៧៣ ម៉ែត្រ តែបើនិយាយរឿងស៊ុតបញ្ចូលទីវិញ គឺកីឡាកររូបនេះស៊ុតផ្អើលទឹកផ្អើលដីតែម្តង។ តាំងពីផ្ទេរពី ក្លឹប Atletico មកក្នុងឆ្នាំ ២០១១ Aguero ស៊ុតបញ្ចូលទីឲ្យក្លឹប Manchester City បានរហូត ១៣៣គ្រាប់ នៅក្នុងទឹកដីអង់គ្លេស។
៤. Philippe Coutinho៖ កីឡាករដែលក្លឹបអ្នកមានបុណ្យ Barca ល្បីតាមទិញរូបនេះ មានកម្ពស់តែ ១,៧១ម៉ែត្រ ប៉ុណ្ណោះ ប៉ុន្តែបើបច្ចេកទេសបញ្ជូនបាល់ ស៊ុត ក៏ដូចជាលេងក្នុងក្រុមវិញ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះពិតជាសំខាន់ក្លឹបហង្សក្រហម Liverpool។
៥. Lionel Messi៖ ទាបជាង Coutinho បន្តិច ខ្សែប្រយុទ្ធក្លឹបអ្នកមានបុណ្យវ័យ ៣០ឆ្នាំរូបនេះ មានកម្ពស់ ១,៧០ ម៉ែត្រ ។ កម្ពស់មិនសូវបានមែន ប៉ុន្តែវាបង្អាក់ការអភិវឌ្ឍន៍ខ្លួនរបស់កីឡាករសញ្ជាតិអាហ្សង់ទីនម្ចាស់ជើងឯក Ballon D'or ៥សម័យរូបនេះ រហូតក្លាយជាកីឡាករដែលមនុស្ស ក៏ដូចជាអ្នករួមអាជីពជាច្រើនទទួលស្គាល់ថាជាកីឡាករដែលល្អដាច់គេលើលោក។
៦. Alexis Sanchez៖ ទោះមានកម្ពស់ ១,៦៩ ម៉ែត្រ ខ្សែប្រយុទ្ធស្លាបសញ្ជាតិឈីលីរូបនេះជាកីឡាករមួយក្នុងចំណោមកីឡាករឆ្នើមបំផុតក្នុងក្លឹបកាំភ្លើងធំ Arsenal។ កម្ពស់មិនបានរារាំង Sanchez មិនឲ្យជោគជ័យក្នុងក្លឹបមួយនេះ ផ្ទុយទៅវិញជាមួយនឹងល្បឿន និងបច្ចេកទេសរកគ្រាប់បាល់ឲ្យក្រុមរហូតដល់ ៥៣គ្រាប់ក្នុងការបង្ហាញខ្លួន ១០៣លើកឲ្យ Arsenal៕