ខែល​ការពារ​មី​ស៊ី​ល​អាមេរិក​ ដំណើរការ​ដូច​ម្ដេច​ខ្លះ​ដើម្បី​ប្រឆាំង​កូរ៉េខាងជើង​?

  • 2017-08-15 07:47:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ដែល​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​ផ្ដោះផ្ដង​វោហារ​សាស្ត្រ​ក្ដៅ​គគុក​ទៅវិញទៅមក គឺ​ការដំឡើង​ប្រព័ន្ធ​ការពារ​ដែនអាកាស THAAD នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​។

ប្រព័ន្ធ​ការពារ​ដែនអាកាស THAAD

​ប៉ុន្តែ​ប្រព័ន្ធ THAAD ​នេះ​មិន​មែន​ជា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​តែមួយគត់ ដែល​អាមេរិក​មាននៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នោះ​ទេ​។ នៅ​មាន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ពីរ​ទៀត​គឺ​ប្រព័ន្ធ Aegis និង​ប្រព័ន្ធ Patriot។​

THAAD ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បាញ់​ទម្លាក់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចម្ងាយ​ខ្លី​និង​មធ្យម​ក្នុង​ដំណាក់​កាល​ចុងក្រោយ​នៃ​​ការ​ហោះ​ហើរ​របស់​មី​ស៊ី​ល​។ វា​​មាន​ប្រព័ន្ធ​រ៉ា​ដា​ដ៏​ខ្លាំងក្លា​មួយ ដែល​អាច​ផ្ដល់​ការព្រមាន​ជា​លើកដំបូង​អំពី​មី​ស៊ី​ល​ដែល​បាញ់​ចេញពី​កូរ៉េខាងជើង​។​

​នៅ​ពេល​ណា​ដែល​ប្រព័ន្ធ THAAD រក​ឃើញ​ការ​បាញ់​មី​ស៊ី​ល ជើង​ទម្រ​របស់​វា​នឹង​បញ្ជូន​ទិន្នន័យ​តាមដាន​តាម​រយៈ​​រ៉ា​ដា ទៅ​នាវាចម្បាំង​របស់​ក​ង​ទ័ព​ជើង​ទឹក​អាមេរិក ដែល​បំពាក់​ដោយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Aegis ដែល​កំពុង​បើក​លើ​សមុទ្រ​រវាង​កូរ៉េខាងត្បូង​និង​ជប៉ុន​។ ប្រព័ន្ធ Aegis នឹង​បាញ់​ស្ទាក់​ចាប់​​នូវ​មី​ស៊ី​ល​នៅ​កណ្ដាល​អាកាស​។​

ប្រព័ន្ធ Aegis

​ប្រសិនបើ​ប្រព័ន្ធ Aegis បរាជ័យ នោះ​ទិន្នន័យ​រ៉ា​ដា​របស់​វា និង​ទិន្នន័យ​របស់​​ប្រព័ន្ធ THAAD នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ជើង​ទម្រ​កាំជ្រួច​ Patriot ​ដែល​ធ្លាប់​​បាន​សាកល្បង​រួចហើយ​នៅ​ក្នុង​សង្គ្រាម​ឈូង​សមុទ្រ​ពែក្ស​នៅ​ឆ្នាំ ១៩៩១ និង​សង្គ្រាម​អ៊ីរ៉ាក់​នៅ​ឆ្នាំ ២០០៣​។​

ជើង​ទម្រ​កាំជ្រួច​ Patriot

​ការគ្រប់គ្រង​ប្រតិបត្តិការ​ពេល​សង្គ្រាម​គឺ​ស្ថិតនៅក្នុង​ដៃ​របស់​សហរដ្ឋអាមេរិក ទោះបីជា​រដ្ឋាភិបាល​កូរ៉េខាងត្បូង​កំពុង​ប្រឹងប្រែង ដើម្បី​យក​ការគ្រប់គ្រង​ត្រឡប់មកវិញ​ក៏ដោយ​៕

ប្រភព ៖ rasmeinews.com