អ្នកខ្លះថាទូរសព្ទ Android ចម្លង iPhone ចុះមើលមុខងារពិសេសៗនរណាមានមុន?
- 2017-08-17 03:25:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកខ្លះថាទូរសព្ទ Android ចម្លង iPhone ចុះមើលមុខងារពិសេសៗនរណាមានមុន?
ចន្លោះមិនឃើញ
មានមតិមួយចំនួនតែងលើកឡើងច្រំដែលថាទូរសព្ទ Android តែងចម្លងមុខងារពិសេស និង ការរចនារូបរាងពី iPhone របស់ Apple រហូតដល់កើតមានសង្រ្គាមពាក្យសម្ដីរវាងអ្នកប្រើប្រាស់ទូរសព្ទទាំងពីរប្រភេទនេះទៀតផង។ ថ្ងៃនេះមកស្វែងយល់ទាំងអស់គ្នាថាមុខងារពិសេសៗមួយចំនួនដូចជាទ្រនាប់ស្កេនខ្ចៅដៃ មានប្រើលើទូរសព្ទណាមុនគេ៖
-មុខងារស្កេនខ្ចៅដៃដើម្បីដោះសោ
ទូរសព្ទដំបូងគេដែលប្រើទ្រនាប់ស្កេនខ្ចៅដៃគឺ Toshiba G500 ដែលប្រកាសចេញនៅខែកុម្ភៈ ឆ្នាំ ២០០៧។ ទ្រនាប់ស្កេនខ្ចៅដៃរបស់ទូរសព្ទនេះស្ថិតនៅផ្នែកខាងក្រោយនៃអេក្រង់ដែលហូតបានរបស់វា ដោយប្រើសម្រាប់បង្កើនកម្រិតសុវត្ថិភាពនៃទូរសព្ទ។
ដោយឡែកចំពោះស្មាតហ្វូនដែលមានទ្រនាប់ស្កេនខ្ចៅដៃដំបូងគេវិញគឺ Motorola ATRIX ដែលមានបំពាក់នៅលើប៊ូតុង Power។ ចំណែកឯ iPhone វិញទើបមានមុខងារនេះកាលពីឆ្នាំ ២០១៣ ប៉ុណ្ណោះ ចំពោះម៉ូដែល iPhone 5s។
-អេក្រង់ Touch Screen
ទូរសព្ទមានអេក្រង់អាច Touch បានដំបូងគេគឺ IBM Simon ដែលផលិតឡើងដោយក្រុមហ៊ុន IBM នាឆ្នាំ ១៩៩២។ ទូរសព្ទនេះក៏ត្រូវបានគេចាត់ទុកថាជាស្មាតហ្វូនដំបូងផងដែរ។
-កាមេរ៉ាថតរូបខាងមុខ
Motorola A835 ជាទូរសព្ទមានថតរូបខាងមុខដំបូងគេដែលចេញអំឡុងឆ្នាំ ២០០៣ ប៉ុន្តែទំនោរនៃការថតរូបដោយប្រើកាមេរ៉ាពេលនោះមិនទទួលបានការពេញនិយមខ្លាំងប៉ុន្មានឡើយ។ ត្រកូល iPhone ទើបតែមានកាមេរ៉ាថតរូបខាងមុខ នៅឆ្នាំ ២០១០ តែប៉ុណ្ណោះ ជាមួយម៉ូដែល iPhone 4។
-កាមេរ៉ាភ្លោះ
ប្រព័ន្ធកាមេរ៉ាភ្លោះទើបតែល្បីខ្លាំងពេល Apple យកទៅបំពាក់លើ iPhone 7 Plus ប៉ុន្តែប្រព័ន្ធកាមេរ៉ានេះមានប្រើតាំងពីខែមេសា ឆ្នាំ ២០០៧ មកម្ល៉េះ ដោយបានបំពាក់លើទូរសព្ទ Samsung ម៉ូដែល SCH-B710។
-ជំនួយការសិប្បនិម្មិត
IBM Simon ដែលចេញនៅឆ្នាំ ១៩៩២ ក៏ជាស្មាតហ្វូនដំបូងគេដែលមានជំនួយការសិប្បនិម្មិតដ៏ឆ្លាតវៃដែរ ហើយជំនួយការសិប្បនិម្មិតសម័យថ្មីដំបូងគេដែលដំឡើងលើស្មាតហ្វូនគឺ Siri ដែលជាមុខងារមួយលើ iPhone 4s៕