មូល​ហេតុ​នេះ​តើ ​បាន​ជា​ក្រុម​បាល់ទះ​កម្ពុជា ​ចាញ់​៣-០ ​២​ប្រកួត​ជាប់​គ្នា

  • 2017-08-24 01:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ ​ស៊ីហ្គេម​លើក​ទី​២៩​នៅ​ម៉ាឡេស៊ី​នេះ ​ក្រុម​កីឡា​បាល់ទះ​កម្ពុជា​មិន​ទាន់​រក​ឃើញ​ជ័យជម្នះ​នៅ​ឡើយ​ទេ ​ដោយ​២​ប្រកួត​កន្លង​មក​ចាញ់​ទាំង​ពីរ​ប្រកួត។

បើក​ឆាក​ប៉ះ​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី ​កម្ពុជា​ចាញ់​ក្នុង​លទ្ធផល ៣-០ ​ហើយ​ប្រកួត​បន្ទាប់​មក​ទៀត​បន្ដ​ចាញ់​ក្រុម​ជិត​ខាង​ថៃ​ក្នុង​លទ្ធផល ៣-០ ​ដូច​គ្នា។ លទ្ធផល​នេះ​ដែរ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​និង​គ្រូ​បង្វឹក​ហាក់​មិន​ពេញ​ចិត្ត​នោះ​ទេ ត្បិត​អី​កម្ពុជា​មាន​ក្ដី​រំពឹង​ខ្ពស់​ជាង​នេះ​ហើយ​ពេល​ហ្វឹកហាត់​ក៏​ធ្វើ​បាន​ល្អ​ជាង​ពេល​ប្រកួត​ច្រើន​ដែរ។

លោក សាន សុខរេន

បើ​តាម​លោក សាន សុខរេន ​ដែល​ជា​គ្រូ​បង្វឹក​បាន​ឱ្យ​ដឹង​ដូច្នេះ​ថា​ក្រុម​ទាំង​មូល​បាន​ហ្វឹកហាត់​រយៈ​ពេល​៦​ខែ ​ប៉ុន្តែ​ពួកគេ​នៅ​ខ្វះ​បទ​ពិសោធ​ក្នុង​ការ​ប្រកួត​ធំ​ៗ​ច្រើន។ កីឡាករ​លើក​នេះ ភាគ​ច្រើន​ជា​កីឡាករ​ថ្មី ​ខ្វះ​ការ​ប្រកួត​នៅ​ប្រទេស ខណៈ​ដែល​ការ​ហ្វឹកហាត់​កន្លង​មក​ក៏​មិន​បាន​ទៅ​ប្រកួត​នៅ​ឯ​ណា​ដែរ ដូច្នេះ​ទើប​ពួកគេ​ហាក់​មិន​ទាន់​តាំង​អារម្មណ៍​បាន​ល្អ។

បន្ថែម​ពី​លើ​នេះ​ដែរ ​លោក​បន្ដ​ថា​នៅ​ពេល​ប៉ះ​ជាមួយ​ក្រុម​មីយ៉ាន់ម៉ា​នា​ប្រកួត​ក្រោយ ​នឹង​ប្រាប់​កីឡាករ​ឱ្យ​បាន​តាំង​ចិត្ត​ខ្ពស់ ​រក្សា​អារម្មណ៍​លេង​ដោយ​ទំនុក​ចិត្ត​ទើប​ទទួល​បាន​ជ័យជម្នះ។ ​បើ​ទោះ​ជា​មិន​បាន​ឡើង​ទៅ​វគ្គ​បន្ដ ប៉ុន្តែ​ត្រូវ​លេង​ឱ្យ​ឈ្នះ​ដើម្បី​អ្នក​គាំទ្រ​កម្ពុជា។

ស្រដៀង​គ្នា​ទៅ​នឹង​គ្រូ​ខាង​លើ​ដែរ ​គ្រូ​បង្វឹក​ខាង​ថៃ​ក្រោយ​ពី​យក​ឈ្នះ​ក្រុម​កម្ពុជា​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​កម្ពុជា​ត្រូវ​ស្វែង​រក​កីឡាករ​បន្ថែម​ទៀត​ដែល​មាន​កម្ពស់​ល្អ​ៗ ​ហើយ​ឱ្យ​ពួកគេ​ចេញ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​ច្រើន។ បទ​ពិសោធ​ក្រៅ​ប្រទេស​គឺ​ពិត​ជា​ល្អ​ខ្លាំង​សម្រាប់​កីឡាករ ប្រសិន​ណា​បើ​ចង់​ឱ្យ​ពួកគេ​លេង​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច៕

អត្ថបទ៖ មុន្នីរម្យ