បង្កង​ធម្មជាតិ​តាកែវ​ ចាប់​មាន​បណ្ដើរៗ​ហើយ

  • 2017-08-29 03:08:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បង្កង​ធម្មជាតិ​ឆ្នាំ​នេះ ​ចាប់ផ្ដើម​មាន​តាំងពី​ពាក់កណ្ដាល​ខែ សីហា​មក​ម្ល៉េះ ដែល​​ឆ្នាំ​នេះ​ខុស​ពី​ឆ្នាំ​មុនៗ ប៉ុន្តែ​មិនទាន់​សំបូរ​ខ្លាំង​នៅឡើយ​ទេ​។​ នេះ​តាម​ការ​ឲ្យ​ដឹង​របស់​ម្ចាស់​ទីតាំង​លក់​បង្កង​ស្រី អូន​នៅ​ខាង​កើត​មន្ទីរ​ពាណិជ​កម្ម​ផ្សារណាត់​ខេត្ត​តាកែវ​។​ ​

ម្ចាស់​ទីតាំង​លក់​បង្កង​ខាងលើ​ប្រាប់ថា ​ក្នុង​ខែ​ដំបូង​នេះ​បង្កង​ធម្មជាតិ​មាន​​មែន តែ​មិនទាន់​សំបូរ​ខ្លាំង​ទេ​ហើយ​បង្កង​ក៏​នៅ​តូចៗ​ដែរ​ គឺ​ប្រហែលជា​ជាង​២០​បង្កង​ទើបបាន​១​គីឡូក្រាម​។​ ខែ​នេះ​បង្កង​ធម្មជាតិ​មិនទាន់​ធំ​ពេញ​សាច់​ទេ​នេះ ​គឺ​ចាប់ពី​ខែ​វិច្ឆិកា​ ដល់​ខែ មករា​ឯ​ណោះ​ ទើប​បង្កង​ធំៗ​ល្អ។

«វា​តូច​មែន​ ប៉ុន្តែ​មាន​រសជាតិ​ឆ្ងាញ់​មាន​តម្លៃ​ត្រឹមតែ​ ២២​ដុល្លារ​ក្នុង​១​គីឡូក្រាម ​ខណៈ​បង្កង​ទ​ន្លេ​មានតម្លៃ​តែ​១៨​ដុល្លារ​។» ស្រីអូន​និយាយ​។​ ​

ដោយឡែក​ម្ចាស់​លក់​បង្កង​ម្នាក់​ទៀត​យីហោ​ម៉ាក់​ចង្រិត​នៅ​ខា​ង​លិ​ច​កំពង់​ទូក​ផ្សារណាត់​បាន​ឲ្យ​ដឹង​ ​ថា «បង្កង​ធម្មជាតិ​ឆ្នាំ​នេះ​រំពឹង​ថា​សំ​បូរ​ជាង​ឆ្នាំ​កន្លង​ទៅ​ព្រោះ​អំណោ​យ​ផល​ដោយសារ​ទឹក​បឹង ទ​ន្លេ​អាច​ឡើង​ធំ​ជាង​ឆ្នាំមុនៗ​ជាក់ស្ដែង​គឺ​ចាប់ពី​ឥឡូវ​នេះ​ទៅ​ម៉ូយ​បង្កង​នៅ​តាម​ស្រុក​បូរី​ជល​សារ ស្រុក​អង្គ​រ​បុរី ​ដែល​ដាក់​ព្រួល​របាំង​នៅ​ក្នុង​បឹង​បាន​បង្កង​មក​លក់​អោយ​ខ្ញុំ​បណ្ដើរៗ​គ្រាន់តែ​ថា​ ដើមដៃ​អញ្ចឹង​បង្កង​នៅ​តូចៗ​ប​ន្តិ​ច​។»

ប្រភព​ខាងលើ​បញ្ជាក់​ថា ​បង្កង​ធម្មជាតិ​នេះ​សំ​ដៅ​លើ​បង្កង ​ដែល​នេសាទ​បាន​ពី​ក្នុង​បឹង​ដោយ​ឧបករណ៍​នេសាទ​ផ្សេងៗ​ដូចជា​ របាំង ​ព្រួល​ ដាក់​លប​ ដាក់​សាយឺន​ជា​ដើម ឯ​បង្កង​ទន្លេ​ជា​បង្កង​ដែល​គេ​ចិញ្ចឹម​បែប​ធម្មជាតិ​នៅ​ក្នុង​អាង​ទន្លេ​ ប៉ុន្តែ​មាន​រសជាតិ​ប្រហាក់ ប្រហែលគ្នា​ដែរ​៕​

អត្ថបទ៖ ជិន វេន​

អត្ថបទពេញនិយម