De Bruyne៖ Man City នឹង​ពុះពារ​គ្រប់​យ៉ាង បើ​សិន​ចង់​បាន Sanchez មែន

  • 2017-08-30 11:45:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្លឹប​មហា​សេដ្ឋី Manchester City កីឡាករ​ Kevin De Bruyne បាន​និយាយ​ថា បើ​សិន​ជា​ក្លឹប​យក្ស​មួយ​នេះ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​ស៊ីលី Alexis Sanchez ពី​ក្លឹប​កាំ​ភ្លើង​ធំ Arsenal មែន ក្លឹប​មួយ​នេះ​នឹង​ប្រឹង​ប្រែង​គ្រប់​យ៉ាង​ដើម្បី​តាម​ទិញ​កីឡាករ​វ័យ ២៨​ឆ្នាំ​ឲ្យ​ទាល់​តែ​បាន។ ការ​ថ្លែង​នេះ​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា Arsenal បាន​ទាត់​ចោល​សំណើ​សុំ​ទិញ​ Sanchez របស់​ក្លឹប Manchester City ក្នុង​តម្លៃ ៥០លាន​ផោន​ កាល​ពី​ពេល​ថ្មីៗ​នេះ។

ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​ស៊ីលី Alexis Sanchez

ក្នុង​ការ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ Sky Sports ខ្សែ​បម្រើ​ប្រយុទ្ធ​ De Bruyne បាន​និយាយ​ថា៖ "​ច្បាស់​ណាស់ គេ​(Sanchez)​ជា​កីឡាករ​ដ៏​ល្អ​ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​នឹង​មាន​រឿង​អី​កើត​ឡើង​ក្នុង​រដូវ​កាល​ដោះ​ដូរ​កីឡាករ​នេះ​ទេ"។ កីឡាករ​សញ្ជាតិ​បែលហ្សិក​វ័យ ២៦​ឆ្នាំ​រូប​នេះ បាន​បន្ត​ទៀត​ថា៖ "ខ្ញុំ​គិត​ថា ក្លឹប Manchester City ទិញ​លក់​បាន​ល្អ​ណាស់​ក្នុង​រដូវ​កាល​ដោះ​ដូរ​កីឡាករ​នេះ ហើយ​បើ​សិន​ជា​ក្លឹប​ចង់​បាន​គេ(Sanchez)​មែន ក្លឹប​នឹង​ខំ​គ្រប់​យ៉ាង​ដើម្បី​យក​គេ​(Sanchez)ឲ្យ​បាន ហើយ​បើ​សិន​ជា​គេ​(Sanchez)មក​មែន វា​គឺ​ជា​រឿង​ដ៏​ល្អ​សម្រាប់​ក្លឹប"។ De Bryune ក៏​បាន​ថ្លែង​ថែម​ទៀត​ក្នុង​ន័យ​ថា ការ​ទិញ​លក់​កីឡាករ​គួរ​តែ​ធ្វើ​ឡើង​ឲ្យ​បាន​លឿន​ ដើម្បី​ចំណេញ​ដល់​ភាគី​ទាំង​សង​ខាង។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រដូវ​កាល​ដោះ​ដូរ​កីឡាករ​ថ្មី​នេះ មាន​ពាក្យ​ច​ចាម​អារាម​ជា​ច្រើន​ដែល​ថា​​Alexis Sanchez ចង់​ចាក​ចេញ​ពី​ក្លឹប​យក្ស​អង់គ្លេស Arsenal ហើយ​ក្លឹប Manchester City កំពុង​តាម​យ៉ាង​ប្រកិត​ដើម្បី​ទិញ​កីឡាករ​រូប​នេះ បើ​ទោះ​ជា Arsenal ទើប​តែ​បដិសេធ​សំណើ​នេះ​កាល​ពី​ពេល​ថ្មីៗ​នេះ​យ៉ាង​ណា​ក៏​ដោយ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ឈីលី​វ័យ ២៨​ឆ្នាំ​រូប​នេះ កំពុង​ស្ថិត​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នៃ​កុង​ត្រា​របស់​ខ្លួន​ជាមួយ​ក្លឹប​កាំភ្លើង​ធំ​ ហើយ​បើ​សិន​នៅ​តែ​មិន​ព្រម​ចុះ​កុង​ត្រា​ថ្មី​ទេ Arsenal នឹង​មិន​បាន​សូម្បី​តែ​មួយ​កាក់​មួយ​សេន​ពី​ការ​ចាក​ចេញ​របស់​កីឡាករ​រូប​នេះ​នា​រដូវ​កាល​ក្រោយ៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ ហ៊ីម រស្មី