បាញ់​ថ្នាំ​ក្រហាយ​ភ្នែក​ដាក់​អ្នក​លក់​ ដោយសារ​ខឹង​​មិន​លក់​ស្រា​ឲ្យ (មាន​វីដេអូ)

  • 2017-08-30 12:41:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ទីក្រុង​ Pattaya ប្រទេស​ថៃ បុរស​វ័យ​កណ្ដាល​​ម្នាក់ កាល​ពី​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ពី​បាញ់​ថ្នាំ​ក្រហាយ​ភ្នែក​ទៅ​កាន់​អ្នក​គិត​លុយ ក្នុង​ហាង​លក់​ដូរ​មួយ​កន្លែង​ ​ពី​ព្រោះ​ខឹង​ពួក​គេ​រឿង​មិន​ព្រម​លក់​ស្រា​ឲ្យ​ក្នុង​ម៉ោង​ដែល​ច្បាប់​ហាម​មិន​ឲ្យ​លក់​គ្រឿង​ស្រវឹង។

បើ​តាម​សំដី​បុគ្គលិក​ហាង​នោះ បាន​ឲ្យ​ដឹង​ថា បុរស​ដៃ​ដល់​បាន​ដើរ​ចូល​ទៅ​ក្នុង​ហាង​ដើម្បី​ទិញ​ស្រា ប៉ុន្តែ​ត្រូវ​បាន​អ្នក​លក់​បដិសេធ​មិន​ព្រម​លក់​ឲ្យ ដោយសារ​ជន​នេះ​បាន​មក​ទិញ​ស្រា ក្នុង​ចន្លោះ​ម៉ោង​ដែល​ច្បាប់​ហាម​មិន​ឲ្យ​លក់​គ្រឿង​ស្រវឹង។ ខឹង​រឿង​មិន​លក់​ឲ្យ​ពេក ជន​ដៃ​ដល់​រូប​នេះ បាន​យក​កំប៉ុង​ថ្នាំ​ក្រហាយ​ភ្នែក​មួយ រួច​ធ្វើ​ការ​បាញ់​សំដៅ​ទៅ​កាន់​អ្នក​គិត​លុយ​ពីរ​នាក់ បន្ទាប់​មក​បុរស​រូប​នេះ​បាន​ចូល​ទៅ​រើ​យក​បារី និង​ស្រា​មួយ​ចំនួន​ រួច​ក៏​ដើរ​ចេញ​បាត់​ទៅ។

ក្រោយ​មក​ប៉ូលិស​បាន​ចាប់​ខ្លួន ជន​ដៃ​ដល់​រូប​នេះ នៅ​ទី​តាំង​ច្រក​មួយ​កន្លែង​នៅ​ជិត​ហាង​ដែល​ជន​នេះ​ធ្វើ​សកម្មភាព​បាញ់​ថ្នាំ​ក្រហាយ​ភ្នែក​ទៅ​កាន់​អ្នក​លក់។ ប៉ូលិស​បាន​ឃុំ​ខ្លួន​បុរស​ម្នាក់​នេះ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម។ បើ​តាម​សេចក្ដី​រាយ​ការណ៍ បុរស​នេះ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​យ៉ាង​ខ្លាំង​រហូត​ដល់​មិន​អាច​ឆ្លើយ​សំណួរ​ដែល​ប៉ូលិស​បាន​សួរ​បាន។

គួរ​កត់​សម្គាល់​ផង​ដែរ​ថា ក្នុង​ច្បាប់​ថៃ​សព្វ​ថ្ងៃ អ្នក​លក់​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​លក់​គ្រឿង​ស្រវឹង​ទៅ​កាន់​អ្នក​ទិញ​ក្នុង​ចន្លោះ​ពី​ពេល​ពាក់​កណ្ដាល​អធ្រាត្រ រហូត​ដល់​ម៉ោង ១១​ថ្ងៃ​ត្រង់ និង​ចន្លោះ​ពី​ម៉ោង ២ ដល់ ៥ រសៀល៕

ទស្សនា​វីដេអូ៖

ប្រភព៖ Coconut   ប្រែសម្រួល៖ ហ៊ីម រស្មី