Liverpool កំពុងតាមទិញយ៉ាងប្រកិត ខ្សែបម្រើ Lemar របស់ក្លឹប Monaco
- 2017-08-30 13:20:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool កំពុងតាមទិញយ៉ាងប្រកិត ខ្សែបម្រើ Lemar របស់ក្លឹប Monaco
ចន្លោះមិនឃើញ
ក្រុមអ្នកចាត់ការរបស់ក្លឹបហង្សក្រហម Liverpool ក្នុងថ្ងៃនេះ បានធ្វើដំណើរទៅក្លឹបជើងឯកលីគកំពូលបារាំង Monacoដើម្បីចរចារឿងទិញខ្សែបម្រើលេងបានច្រើនកន្លែង Thomas Lemar ជាមួយនឹងការដេញថ្លៃលើកទីពីរផងដែរ បន្ទាប់ការដេញថ្លៃលើកដំបូងក្នុងថ្ងៃចន្ទត្រូវបានបដិសេធដោយ Monaco។
ក្នុងការដេញថ្លៃលើកទីពីរនេះ គឺក្លឹបហង្សក្រហមបានឲ្យថ្លៃខ្សែបម្រើសញ្ជាតិបារាំងThomas Lemar រហូតដល់ទៅ ៧៤លានផោន បន្ថែមជាមួយនឹងការឲ្យក្លឹប Monaco ខ្ចីជើងខ្សែប្រយុទ្ធសញ្ជាតិបែលហ្សិក Divock Origi។ បើតាមសេចក្ដីរាយការណ៍ អ្នកចាត់ការទូទៅសញ្ជាតិ អាល្លឺម៉ង់ Jurgen Klopp ចង់បានកីឡាកររូបនេះ ចំណែកឯកីឡាករខ្លួនឯងផ្ទាល់ក៏ចង់លេងក្រោមការដឹកនាំរបស់លោក Klopp ផងដែរ។
ការចរចានេះ ធ្វើឡើងបន្ទាប់ពីក្លឹប Monaco ទើបតែទិញជាផ្លូវការបានកីឡាករពីររូបកាលពីយប់មិញគឺ ខ្សែបម្រើប្រយុទ្ធ Staven Jovetic ពីក្លឹប Inter Milan និងខ្សែបម្រើ Keita Balde ពីក្លឹប Lazio ដែលបង្ហាញសញ្ញាថាការដោះដូរនេះអាចទៅរួច។
គួរកត់សម្គាល់ផងដែរថា ក្លឹបហង្សក្រហម Liverpool កាលពីពេលថ្មីៗនេះ ក៏ទើបតែប្រកាសពីការទិញជាផ្លូវការនូវកីឡាករសញ្ជាតិហ្គីណេ ខ្សែបម្រើ Naby Keita ពីក្លឹបអាល្លឺម៉ង់ RB Leipzig ក្នុងតម្លៃ ៥៥លានផោន ហើយខ្សែបម្រើរូបនេះនឹងមកចូលរួមជាមួយក្លឹបនារដូវកាលក្រោយ។
បើសិនជាការចរចាក្នុងការទិញ ខ្សែបម្រើសញ្ជាតិបារាំង Lemar ទទួលបានជោគជ័យ ក្លឹបជើងឯកលីគកំពូលអង់គ្លេស ១៨សម័យមួយនេះ នឹងបំបែកកំណត់ត្រារបស់ខ្លួនក្នុងការនាំយកកីឡាករដែលមានតម្លៃខ្ពស់បំផុតសម្រាប់ក្លឹបមួយនេះ។ សព្វថ្ងៃកីឡាករថ្លៃបំផុតដែល Liverpool បានទិញគឺ ខ្សែបម្រើ Naby Keita ក្នុងតម្លៃ ៥៥លានផោន ដែលទើបនឹងព្រមព្រៀងទិញបាននាពេលថ្មីៗនេះឯង៕