វេជ្ជបណ្ឌិត​​ឥណ្ឌា​ឈ្លោះ​គ្នាបែកផ្សែង ពេល​កំពុងវះកាត់​អ្នកជំងឺ​សម្រាលកូន

  • 2017-08-31 02:18:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេជ្ជបណ្ឌិត​​​ឥណ្ឌា ២​រូប ត្រូវ​បាន​បញ្ឈប់​​ពី​ការងារ​បណ្ដោះ​អាសន្ន​ បន្ទាប់​ពី​​វីដេអូ​​ឈ្លោះ​ប្រកែក​តឹង​សរសៃ​ក​ដាក់​​គ្នា​ ពេល​កំពុង​វះកាត់​​ឆ្លង​ទន្លេ​អ្នក​ជំងឺ​​ស្ត្រី​ម្នាក់ ​ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​។

​វីដេអូ​បង្ហាញ​ពី​ហេតុ​ការណ៍​​នេះ​ បាន​កើត​ឡើង​​នៅ​មន្ទីរពេទ្យ Umaid ភាគ​ខាង​ជើង​​រដ្ឋ Rajasthan ​ត្រូវ​បាន​គេ​ចែក​ចាយ​ពាស​ពេញ​អ៊ីនធឺណិត និង​បង្ក​ឲ្យ​មាន​​ការ​ខឹង​សម្បារ​ពី​មហា​ជន​យ៉ាង​ខ្លាំង។ បុគ្គលិក​​មន្ទីរពេទ្យ​​ជាន់​ខ្ពស់​ម្នាក់​ប្រាប់​​អ្នក​យក​ព័ត៌មាន​​ថា ស្ត្រី​ និង​​កូន​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ។

​វេជ្ជបណ្ឌិត​លោក​ស្រី​ Ranjana Desai ជា​ប្រធាន​មន្ទីរពេទ្យ Umaid ទីក្រុង Jodhpur ​ថ្លែង​ថា ទង្វើ​នេះ​​ពិត​ជា​មិន​ត្រឹម​ត្រូវ​ទេ។ ​តាម​​រយៈ​វីដេអូ​បង្ហោះ​លើ​អន​ឡាញ​ វេជ្ជបណ្ឌិត​ទាំង​ពីរ​នេះ ត្រូវ​បាន​គេ​ឮ​ប្រមាថ​​ និង​ឈ្លោះ​ប្រកែក​គ្នា​ខ្លាំង​ៗ​ជា​ភាសា​ហិណ្ឌូ​ថា​ តើ​អ្នក​ជំងឺ​​បាន​ហូប​អាហារ​មុន​ពេល​វះកាត់ ឬ​យ៉ាងណា។

លោក​ស្រី​បន្ត​ថា ​វេជ្ជបណ្ឌិត​ទាំង ២​រូប​ មិន​ត្រូវ​បាន​ព្យួរ​ការងារ​​ជា​ផ្លូវ​ការ​ទេ ​ប៉ុន្តែ​ឲ្យ​ពួក​គេ​ផ្អាក​កិច្ចការ​ទាំង​អស់​នៅ​មន្ទីរពេទ្យ ខណៈ​ដំណើរ​ការ​ស៊ើប​អង្កេត​​ផ្ទៃ​ក្នុង​កំពុង​បន្ត។ ​លើស​ពី​នេះ ​មន្ទីរពេទ្យ​ក៏​កំពុង​​ប្រមូល​សេចក្ដី​ថ្លែង​ការណ៍​​ពី​បុគ្គលិក​ផ្សេង​ៗ​ដើម្បី​​រក​ឲ្យ​ឃើញ​ថា អ្នក​ណា​ជា​អ្នក​ថត​វីដេអូ និង​លេច​ធ្លាយ​លើ​អនឡាញ​​តាម​របៀប​ណា៕

ប្រភព៖ NDTV   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី