កម្ពុជា ដាក់គម្រោងយកមេដាយច្រើន ពេលវៀតណាមធ្វើម្ចាស់ផ្ទះស៊ីហ្គេម
- 2017-09-01 07:26:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ដាក់គម្រោងយកមេដាយច្រើន ពេលវៀតណាមធ្វើម្ចាស់ផ្ទះស៊ីហ្គេម
ចន្លោះមិនឃើញ
ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ី កម្ពុជាទទួលបានមេដាយសរុបចំនួន១៧ ក្នុងនោះមានមេដាយមាសចំនួន៣ លើប្រភេទកីឡាគុនខ្មែរ តេក្វាន់ដូ និងប៉េតង់។
លទ្ធផលនេះដែរ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគិតថាជាផលល្អមួយ ត្បិតអីកម្ពុជាបានកើនចំនួនមេដាយបើធៀបជាមួយស៊ីហ្គេមកាលពីឆ្នាំ២០១៥កន្លងទៅ។ មួយវិញទៀត លើកនេះដែរក៏កម្ពុជាទទួលបានបទពិសោធច្រើនដែរ ពីការរៀបចំរបស់ម្ចាស់ផ្ទះម៉ាឡេស៊ី។ គោលដៅទៅមុខទៀត ពេលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០១៩នោះ កម្ពុជានឹងប្រឹងប្រែងសម្រួចប្រភេទកីឡាបន្ថែមទៀត និងរៀនសូត្រឱ្យច្រើនដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។
សម្រាប់ការស្វែងរកមេដាយវិញ កម្ពុជាបានដាក់គោលដៅតំឡើងមេដាយមាស ក៏ដូចជាឡើងចំណាត់ថ្នាក់ក្នុងតារាងនៅពេលវៀតណាមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២១។ រយៈពេលនោះ គឺជាពេលល្អបំផុតសម្រាប់កម្ពុជាក្នុងការស្ទាបស្ទង់ និងដាក់ប្រភេទកីឡាណាមានសក្ដានុពលខ្លាំងយកមេដាយ ព្រោះកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមដែរនៅឆ្នាំ២០២៣។
សូមបញ្ជាក់ថាមេដាយទាំង១៧ដែលកម្ពុជារកបាននៅស៊ីហ្គេមលើកនេះរួមមាន មាស ៣ ប្រាក់២ និងសំរឹទ្ធ១២ ឈរនៅចំណាត់ថ្នាក់លេខ៨ក្នុងតារាងមេដាយក្នុងចំណោម១១ប្រទេស៕