៤​​វិធី រើស​​បាន​សាច់​ជ្រូក​ខ្វៃ​ដែល​ល្អ​បំផុត សម្រាប់​សែន​ក្បាល​ទឹក

  • 2017-09-05 02:45:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​មាន​ពិធី​សែន​ក្បាល​ទឹក​រាល់​ឆ្នាំ ជ្រូក​ខ្វៃ​បាន​ក្លាយ​ជា​សំណែន​ដែល​គ្រប់​គ្នា​សម្រុក​ទិញ ប៉ុន្តែ​ពិបាក​សម្រេច​រើស​យក​ជ្រូក​ខ្វៃ​ដែល​មាន​សាច់​ល្អ​ណាស់។ ខាង​ក្រោម​នេះ​គឺ​ជា​​​វិធីសាស្ត្រ​មួយ​ចំនួន​សម្រាប់​​​​​រើស​ជ្រូក​ខ្វៃ​​​ដែល​មាន​សាច់​ល្អ និង​ឆ្ងាញ់​បំផុត គ្រាន់​ទុក​ពិសា​ពេល​សែន​រួច៖

១​ ​ស្បែក​​​រលោង​តឹង​​

​បើ​តាម​សំដី​របស់​អ្នក​ស្រី​ សាង៉ួន​ ដែល​ជា​អាជីវករ​នៅ​ផ្សារ​​បឹង​ទំពុន​បាន​ឲ្យ​ដឹង​ថា​ ​​បើ​ជ្រូក​ណា​ដែល​​មាន​ស្បែក​ជ្រួញ​ គឺ​មាន​ន័យ​ថា​ជា​ជ្រូក​ចាស់​។​ វា​​ត្រូវ​បាន​អ្នក​លក់​យក​ទៅ​កម្ដៅ​ម្ដង​ហើយ​ម្ដង​ទៀត​។​ យល់​ល្អ​គឺ​ទិញ​ជ្រូក​ខ្វៃ​ដែល​មាន​​ស្បែក​តឹង​ រលោង​​ ព្រោះ​​វា​ជា​ជ្រូក​​ខ្វៃ​ថ្មី​​។​

២​ ​ចុច​លើ​ស្បែក

​តាម​បទ​ពិសោធ​ទិញ​សែន​រាល់​ឆ្នាំ អ្នក​ស្រី​ សាង៉ួន​ បាន​ផ្តាំ​​​ថា​ ពេល​ទៅ​ទិញ​ជ្រូក​ខ្វៃ​ត្រូវ​ចុច​ស្បែក​​របស់​វា​មើល​។​ បើ​ចុច​ទៅ​ធ្លុះ​ នោះ​​​មាន​ន័យ​ថា​សាច់​របស់​វា​ផុយ​​។ តែ​បើ​ចុច​មិន​ធ្លុះ​វិញ​​គឺ​ច្បាស់​ណាស់​​​ដែល​ថា​​​សាច់​របស់​​វា​ស្វិត​ជា​មិន​ខាន​។

៣​ ​គីឡូ​របស់​ជ្រូក​

​​ចំណែក​អ្នក​ស្រី​ អ៊ី​ ម៉េង​​ ​ជា​អ្នក​លក់​ចាប់​ហួយ​​មួយ​រូប​​ដែល​តែង​សែន​ជ្រូក​ខ្វៃ​ជា​រៀង​រាល់​ឆ្នាំ​បាន​លើក​ឡើង​ថា​ ប្រសិន​បើ​ជ្រូក​កាន់​តែ​តូច​ នោះ​មាន​ន័យ​ថា​សាច់​វា​ក៏​កាន់​តែ​ឆ្ងាញ់​ដែរ​ គឺ​ចន្លោះ​ពី​៥​ ទៅ​ ១៥​​គីឡូក្រាម​ជា​ដើម​ ព្រោះ​ថា​ជ្រូក​តូច​សាច់​របស់​វា​​ច្រើន​ ហើយ​មិន​សូវ​មាន​ខ្លាញ់​​នោះ​ទេ​ ដែល​ផ្ទុយ​ពី​ជ្រូក​ធំ​ៗ​​ដែល​សំបូរ​ខ្លាញ់​ច្រើន​ (២០-២៥ គីឡូក្រាម​)​។

៤​ ឡ​ខ្វៃ​​ជ្រូក​​​​ល្បី​​

​មិន​តែ​ប៉ុណ្ណោះ​ ​​​​​​​​​​​​​​​​​​​​លោក​​​​ ឡុង​ សេង​លី​​ ជា​អ្នក​លក់​ទូរសព្ទ​ដៃ​​​មួយ​រូប​នៅ​ផ្សារ​បឹង​ទំពុន​បាន​​និយាយ​ថា​​ ​​ចំពោះ​លោក​ផ្ទាល់​គឺ​​គិត​ទៅ​លើ​អ្នក​ខ្វៃ​​ និង​ កន្លែង​ខ្វៃ​ជ្រូក​​។​ លោក​បាន​បន្ត​ថា​​ ​ចង់​បាន​ជ្រូក​ខ្វៃ​​ដែល​​ឆ្ងាញ់​គឺ​ត្រូវ​​តែ​ដឹង​ពី​ប្រភព​របស់​វា​ ​តើ​អ្នក​ដែល​ខ្វៃ​ធ្លាប់​រក​ស៊ី​យូរ​ឆ្នាំ​ ឬ​នៅ​? កន្លែង​ខ្វៃ​មាន​អនាម័យ​ ឬ​អត់​?

អត្ថបទ៖ ចន្ថា

អត្ថបទពេញនិយម