ល្បិចថតរូបនៅទីងងឹតឲ្យបានល្អ ជាមួយ iPhone
- 2017-09-09 02:37:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បិចថតរូបនៅទីងងឹតឲ្យបានល្អ ជាមួយ iPhone
ចន្លោះមិនឃើញ
តើអ្នកធ្លាប់មានការលំបាកក្នុងពេលថតរូបជាមួយនឹង iPhone ពេលមានពន្លឺមិនគ្រប់គ្រាន់ដែរឬទេ? ទោះបីជាមានការពង្រឹងក្នុង Sensor របស់ iPhone ជំនាន់ថ្មី ហើយនឹងមាន Tone flash ក៏កាមេរ៉ានៅតែមានការលំបាកពេលគ្មានពន្លឺច្រើនក្នុងទិដ្ឋភាព។ ប៉ុន្តែជាមួយនឹងការប្រើប្រាស់បច្ចេកទេស និង ឧបករណ៍ ត្រឹមត្រូវអ្នកអាចបង្កើតនូវរូបភាពមិនគួរឲ្យជឿជាមួយនឹង iPhone ក្រោមពន្លឺទាបបាន។ ដូច្នេះអ្នកអាចពិនិត្យមើលបច្ចេកទេសនានា ខាងក្រោមសម្រាប់ការផលិតរូបភាពក្រោមពន្លឺទាបជាមួយនឹង iPhone ឲ្យបានល្អ៖
១. កាន់ iPhone អ្នកពេលថតឲ្យបានល្អ
ពេលថតរូបភាពក្រោមពន្លឺទាប អ្វីដែលសំខាន់បំផុតគឺ Shutter speed ដែលមានលើកម្មវិធីថតរូប។ Shutter speed សំដៅលើរយៈពេលដែលពន្លឺប៉ះនឹង Sensor របស់កាមេរ៉ាកំឡុងពេល Exposure។ ក្នុងលក្ខខណ្ឌមានពន្លឺទាប កាមេរ៉ាត្រូវតែប្រើប្រាស់ Shutter speed យឺតដើម្បីអាចឲ្យមានពន្លឺបន្ថែមចូល ក្នុងការថតឲ្យបានស្អាតល្អ ប៉ុន្តែបញ្ហាត្រង់ថា ដោយការប្រើប្រាស់ Shutter speed ទាបក្នុងករណីកាមេរ៉ាអ្នករង្គើកំឡុងពេលថត វាអាចនឹងធ្វើឲ្យរូបភាពព្រាល។
ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរក្សាកាមេរ៉ាឲ្យនៅនឹង ពេលថតក្រោមពន្លឺទាប។ អ្នកអាចកាន់កាមេរ៉ាដោយដៃពីរ ឬអ្នកអាចប្រើប្រាស់ Tripod សម្រាប់ដោះស្រាយបញ្ហានេះ។ ចងចាំថា ពេលអ្នករក្សាកាមេរ៉ានៅនឹង អាចធ្វើឲ្យរូបភាពច្បាស់ល្អ ពេលថតក្រោមពន្លឺទាប។
២. ប្រើប្រាស់ពន្លឺតាមបង្អួចពេលថតរូបខាងក្នុង (Indoors)
ពេលអ្នកថតរូបខាងក្នុង អ្នកប្រហែលជាមានបញ្ហាជាមួយនឹងពន្លឺទាប។ វិធីដែលល្អ អ្នកគួរថតក្បែរនឹងបង្អួច ដើម្បីប្រើប្រាស់ពន្លឺធម្មជាតិ។ ប្រសិនបើបន្ទប់ងងឹត ពន្លឺដែលជះពីខាងក្រៅអាចបន្ថែមលើគុណភាពរូប។ ម្យ៉ាងទៀតចំពោះ ពន្លឺជះតាមបង្អួចប៉ះនឹងធូលីក៏អាចបង្កើតបានជាអារម្មណ៍មួយបែបបានយ៉ាងល្អទៅកាន់រូបភាពផងដែរ។
៣. បង្កើតរូបភាពលក្ខណៈ Silhouette គួរឲ្យភ្ញាក់ផ្អើលពេលថ្ងៃលិច
Subject ពីរដែលពេញនិយមសម្រាប់ការថតរូបក្រោមពន្លឺទាបមាន ថ្ងៃលិច និង រូបភាពលក្ខណៈ Silhouette។ ដើម្បីបង្កើតរូបភាពលក្ខណៈ Silhouette អ្នកត្រូវការប្រភពពន្លឺខ្លាំងនៅពីក្រោយ Subject ហើយព្រះអាទិត្យជាជម្រើសដ៏ល្អ។ ក្រោយចុចលើអេក្រង់ ដើម្បីកំណត់ Focus អ្នកអាចចុចសង្កត់អូសឡើងលើ ឬចុះក្រោមលើអេក្រង់ដើម្បីកែសម្រួល Exposure ប្រសិនបើចាំបាច់។ ជាធម្មតាអ្នកត្រូវការអូសចុះក្រោមដើម្បីធ្វើឲ្យរូបភាពងងឹតបន្តិច ដូច្នេះផ្ទៃមេឃមិនមានភាពភ្លឺខ្លាំងពេក ហើយ Subject នឹងប្រែងងឹតជាលក្ខណៈ Silhouette។
ប្រសិនបើវាមើលទៅមិនដូចជា ថ្ងៃលិចពណ៌មាសល្អ ដែលអ្នកធ្លាប់ឃើញ អ្នកអាចប្រើប្រាស់កម្មវិធីកាត់ត ដើម្បីបន្ថែមពណ៌ និងការកែប្រែច្រើនទៀតទៅនឹង Exposure ប្រសិនបើចាំបាច់។ អ្នកអាចសាកល្បងប្រើប្រាស់ Sunset Filter ក្នុងកម្មវិធី PhotoToaster (គិតលុយ)។ Filter នេះបន្ថែមនូវពន្លឺយ៉ាងស្រទន់ស្អាតទៅលើរូបភាព ហើយក៏បន្ថែមលក្ខណៈ Contrast បន្តិចផងដែរ ដែលបង្កើតបានជាលក្ខណៈ Silhouette បានល្អប្រសើរ។
៤. ចាប់យកបរិយាកាសនៅកន្លែងប្រគំតន្ត្រី
ការថតនូវការប្រគំតន្ត្រីមានភាពពិបាកខ្លាំង ដោយសារពន្លឺលើឆាកពេលខ្លះភ្លឺ ពេលខ្លះងងឹត ។ ការថតរូបក្នុងលក្ខខណ្ឌនេះជាមួយនឹងកាមេរ៉ា DSLR ពិបាកស្រាប់ទៅហើយ ហើយបើជាមួយនឹង iPhone ទៀតស្ទើរតែមិនអាចទៅរួច។ ចងចាំថា អ្នកនឹងមិនទទួលបានប្រភេទរូបភាពជិតៗដែលអ្នកឃើញក្នុងការផ្សព្វផ្សាយពីតន្ត្រីនោះទេ ព្រោះរូបភាពទាំងនោះត្រូវបានថតជាមួយនឹងកាមេរ៉ាកម្រិតខ្ពស់ចុងក្រោយ និង Telephoto lens។ អ្វីដែលល្អបំផុតដែលអ្នកអាចធ្វើបាន ពេលថតរូបជាមួយនឹង iPhone គឺសម្លឹងមើលរូបភាពធំ។
ពិនិត្យមើលលក្ខណៈពន្លឺ និងសកម្មភាពនៃអ្នកចូលរូមជុំវិញអ្នក។ ទិដ្ឋភាពអាចនឹងប្រែប្រួលទៅតាមពន្លឺដែលមានការផ្លាស់ប្ដូរ ដូច្នេះអ្នកគួរជ្រើសរើស Subject មួយ ហើយថតរូបដោយប្រើប្រាស់ Burst mode ដូច្នេះអ្នកអាចជ្រើសរើសរូបមួយណាដែលល្អពេលក្រោយ។
៥. ប្រើប្រាស់អាកាសធាតុចុះអ័ព្ទធ្វើជាផលប្រយោជន៍
ការថតរូបក្នុងលក្ខខណ្ឌចុះអ័ព្ទអាចមានការពិបាកដោយសារតែខ្វះពន្លឺក្នុងទិដ្ឋភាព ប៉ុន្តែក៏អាចបង្កើតបានជារូបភាពបង្ហាញពីអារម្មណ៍គួរឲ្យទាក់ទាញមួយដែរ។ ម្យ៉ាងទៀតអ្វីដែលជាគុណសម្បត្តិពេលថតក្នុងពេលអ័ព្ទនោះ គឺវាអាចលាក់បាំងនូវផ្ទៃខាងក្រោយដែលរំខាន។ លក្ខខណ្ឌចុះអ័ព្ទអាចល្អសម្រាប់ការថតរូបក្នុងព្រៃដែលមានដើមឈើលម្អបន្ថែម។ ពេលលក្ខខណ្ឌអាកាសធាតុធម្មតា ដើមឈើអាចមើលទៅបន្លំគ្នា ហើយពិបាកក្នុងការធ្វើឲ្យអ្វីមួយលេចល្អណាស់។ ទោះជាយ៉ាងណា ពេលមានអ័ព្ទ មានតែដើមឈើដែលជិតនឹងអ្នកប៉ុណ្ណោះនឹងលេចធ្លោដូចដែលអ្នកឃើញក្នុងរូបភាពនេះ។
ចងចាំថា ការថតរូបលក្ខខណ្ឌចុះអ័ព្ទមានពន្លឺទាបក្រោមដើមឈើ ដែលមានន័យថាកាមេរ៉ាអ្នកត្រូវការប្រើប្រាស់ Shutter speed យឺត ដូច្នេះអ្នកត្រូវកាន់ទូរសព្ទឲ្យបានល្អ ឬប្រើប្រាស់ Tripod ដើម្បីការពារកុំឲ្យរូបភាពព្រាល។
៦. ប្រើប្រាស់ប្រភពពន្លឺបន្ថែម
ការប្រើប្រាស់ប្រភពពន្លឺបន្ថែមគឺដើម្បីទូទាត់សម្រាប់ពន្លឺទាបនោះ ដែលជាដំណោះស្រាយល្អ ហើយបើអ្នកអនុវត្តត្រឹមត្រូវ អាចមានលទ្ធផលដ៏គួរឲ្យទាក់ទាញសម្រាប់ការថត។
៧. កាត់តដោយកែប្រែ Exposure
PhotoToaster ជាកម្មវិធីដ៏ល្អមួយ ហើយមុខងារដែលទាក់ទាញនោះគឺ Lighting brushes ដែលមានប្រយោជន៍សម្រាប់តំបន់ងងឹត និងភ្លឺរបស់រូបភាព ប៉ុន្តែកម្មវិធីនេះត្រូវទិញដើម្បីអាចប្រើប្រាស់បាន។ ប្រសិនបើអ្នកកំណត់ពន្លឺលើផ្ទៃមេឃ វានឹងធ្វើឲ្យផ្ទៃខាងមុខងងឹត ហើយប្រសិនបើអ្នកកំណត់ Exposure សម្រាប់ផ្ទៃខាងមុខ វានឹងធ្វើឲ្យផ្ទៃមេឃភ្លឺខ្លាំងដែលនឹងបាត់បង់ភាពលម្អិត។ ដូច្នេះអ្នកគួរឲ្យកាមេរ៉ាកំណត់ Exposure ដោយខ្លួនឯង ដែលនឹងធ្វើឲ្យផ្ទៃមេឃភ្លឺបន្តិច និងផ្ទៃខាងមុខងងឹត ប៉ុន្តែអាចរក្សាបានភាពលម្អិត។ ក្រោយពេលថតរូបភាព អ្នកអាចបើករូបភាពក្នុងកម្មវិធី PhotoToaster។ Lighting brushes អាចរកឃើញបានដោយចុចលើ icon brush នៅខាងលើផ្នែកខាងស្តាំរបស់អេក្រង់។ Lighting brushes ជាជម្រើសទីពីរក្នុងបញ្ជីនោះ។ អ្នកអាចជ្រើសរើស Brush ដែលអ្នកចង់ប្រើប្រាស់ ហើយចុចលើតំបន់ដែលអ្នកចង់ផ្លាស់ប្ដូរ។ ដោយការប្រើប្រាស់បន្សំរបស់ Brush ទាំងនេះ អ្នកអាចធ្វើឲ្យផ្ទៃមេឃងងឹត និងផ្ទៃខាងមុខភ្លឺបានលើរូបភាព។
៨. ប្រើប្រាស់ HDR ដើម្បីបង្កើនភាពលម្អិត
Tools ដែលមានប្រយោជន៍មួយពេលថតក្រោមពន្លឺទាបគឺប្រើប្រាស់ HDR effect។ Tools ទាំងនេះមានប្រយោជន៍សម្រាប់បង្ហាញនូវភាពលម្អិតដែលអាចនឹងបាត់បង់ដោយសារខ្វះពន្លឺ។ អ្នកអាចបង្កើតរូបភាពដែលមាន HDR ពេលកំពុងថត ឬក្រោយពេលថត។ អ្នកអាចសាកល្បងប្រើប្រាស់ HDR effect ក្នុងកម្មវិធី Snapseed ក្រោយថតរូប។ ក្នុងកម្មវិធីនេះមាន HDR mode បួនផ្សេងគ្នា ដែលអាច Customize បានយ៉ាងពេញលេញ។ អ្នកអាចកែប្រែ Filter strength, Brightness និង Saturation។ អ្នកក៏អាចប្រើប្រាស់ Smoothing ដែលមានប្រយោជន៍ពេលប្រើ HDR effect ខ្លាំង ដែលនឹងធ្វើឲ្យរូបភាពមានអុចៗ (ដង្កូវទឹក)។
រូបភាពខាងលើត្រូវបានថតពេលល្ងាច។ កាមេរ៉ា iPhone ល្អគ្រាន់បើក្រោមពន្លឺទាប ប៉ុន្តែនៅមានភាពលម្អិតជាច្រើនបាត់បង់ ហើយផ្ទៃមេឃភ្លឺខ្លាំងដែលក៏បាត់បង់ភាពលម្អិតផងដែរ។ ការប្រើប្រាស់ HDR tool ក្នុង Snapseed អាចបង្ហាញនូវភាពលម្អិតបានល្អ។ អ្នកក៏អាចប្រើប្រាស់ Filter ក្នុងកម្មវិធី Tadaa ដើម្បីកែប្រែពណ៌ និង Tone រូបភាពដែលមើលទៅដូចនឹង គំនូរ ច្រើនជាងរូបថត៕