អេហ្ស៊ីប​កំណាយ​ឃើញ​មាំម៉ីប្ដីប្រពន្ធ​ និង​កូនដេកទន្ទឹម​គ្នា ៣៥០០​ឆ្នាំ គួរឲ្យភ្ញាក់ផ្អើល

  • 2017-09-11 02:29:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ប្រទេស​អេហ្សីប​បាន​បង្ហាញ​ឲ្យ​​ឃើញ​កំណាយ​ផ្នូរ​បុរាណ​មួយ​ដែល​ជា​របស់​​ជាង​មាស និង​ប្រពន្ធ​របស់​គាត់​នៅ​ក្បែរ​ទី​ក្រុង Luxor ភាគ​​ខាង​ត្បូង​ប្រទេស​អេហ្ស៊ីប កាលពី​ថ្ងៃ​សៅរ៍​​កន្លង​ទៅ​។

​​ផ្នូរ​បុរាណ​​អាយុ​កាល​ជាង ៣ ៥០០​ឆ្នាំ​នេះ​ស្ថិត​នៅ​​បរិវេណ Draa Abul Nagaa ​មាន​កប់​ទុក​​មាំម៉ី ​មឈូស រូប​ចម្លាក់ ឆ្នាំង និង​វត្ថុបុរាណ​ជា​ច្រើន​ផ្សេង​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ផ្នែក​វត្ថុបុរាណ​អេហ្ស៊ីប។

បុរស​ជា​ប្ដី​មាន​ឈ្មោះ Amenemhat ​និង​ប្រពន្ធ​ឈ្មោះ​ Amenhotep ​ត្រូវ​​បាន​គេ​ឃើញ​​ខូច​ខាត​មួយ​ភាគ​នៃ​សាកសព​ព្រោះ​តែ​ចម្លាក់​ថ្មភក់​។ នៅ​ចន្លោះ​ជើង​អ្នក​ទាំង​ពីរ ឃើញ​​មាន​ម្រាម​ដៃ​កូន​​ប្រុស​តូច​ម្នាក់​ទៀត ខណៈ​កូន​ស្រី​ដេក​ទន្ទឹម​ឪពុក​ម្ដាយ។ ប្រភព​ពី​ក្រសួង​ខាង​លើ​ក៏​បាន​អះអាង​ថា ​ផ្នូរ​នេះ​​ទំនង​ត្រូវ​បាន​គេ​ប្រើប្រាស់​​ឡើង​វិញ។

អ្នក​ជំនាញ​បាន​ធ្វើ​វិភាគ រួច​សន្និដ្ឋាន​បឋម​ថា គ្រួសារ​នេះ​បាន​កើត​ជំងឺ​កាច​សាហាវ។ គួរ​រម្លឹក​ថា កាល​ពី​ខែ​មេសា គេ​ក៏​បាន​រក​ឃើញ​ផ្នូរ​បុរាណ​រាង​អក្សរ T ដែល​​ជា​របស់​ចៅ​ក្រម​ក្រុង​មួយ​ឈ្មោះ Userhat ហើយ​ក្រុម​បុរាណ​វិទូ​ក៏​បាន​រក​ឃើញ​ផ្នូរ​ជា​ច្រើន​​ទៀត​នៅ​បរិវេណ​ខាង​លើ​ក្នុង​​​ឆ្នាំ​នេះ​​ផងដែរ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ ឡេង ភារុណ