ត្បិត​ពិការ​ភ្នែក តែ​យុវតី ដាណែត ចេះ​ឧបករណ៍​ភ្លេង​ពិណពាទ្យ​ស្ទើរ​គ្រប់​មុខ

  • 2017-09-11 05:45:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាក្មេង​ស្រី​ពិការ​ភ្នែក​អាច​មើល​ឃើញ​ព្រាលៗ កញ្ញា គង់ ដាណែត មិន​ត្រឹម​តែ​ចេះ​លេង​ពិណ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចេះ​ឧបករណ៍​ភ្លេង​ពិណពាទ្យ​​ស្ទើរ​គ្រប់​ឧបករណ៍។

មានស្រុក​កំណើត និងរស់​នៅ​ខេត្ត​បាត់​ដំបង​ ដាណែត បាន​មក​ចូល​រួម​លេង​ភ្លេង​ក្នុង​កម្មវិធី​បិទ​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ​ឆ្នាំ​២០១៧​កាល​ពី​ពេលថ្មីៗនេះ នាង​បាន​លេង​ឧបករណ៍​ពិណ​ដែល​ជា​ឧបករណ៍​កម្រ​មាន​អ្នក​ចេះ​ ជូន​ភ្ញៀវ​កិត្តិយស​ដែល​បាន​ចូល​រួម ក្នុង​នាម​ជា​តន្ត្រីករ​កិត្តិយស។

មិន​មែន​មាន​តែ​ឧបករណ៍​ពិណ​ទេ ដែល ដាណែត ចេះ តែ​ក៏​មាន​ឧបករណ៍​រនាត​ឯក រនាតធុង គង​តូច គង​ធំ និង​មាន​ឧបករណ៍​មួយ​ចំនួន​ទៀត​ដែល​ប្អូន​អាច​លេង​បាន។ យុវតី​រូប​នេះ​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ភ្លេង​ពី​អង្គការ​គ្រួសារ​ថ្មី​ បច្ចុប្បន្ន​នាង​រៀន​ថ្នាក់​ទី​១១។

ស្ថិត​ក្នុង​គ្រួសារ​កសិករ​ ក្មេង​ស្រី​វ័យ១៩ឆ្នាំ​រូប​នេះ ​ត្រូវ​រៀន​៨ម៉ោងក្នុង១ថ្ងៃ នៅ​សាលា​រដ្ឋ​៤ម៉ោង​ និង​នៅ​ក្នុង​អង្គការ​៤​ម៉ោង។ ប្អូន​ស្រីរៀន​ភ្លេង​រយៈ​ពេល​២​ឆ្នាំ​ អាច​ចេញ​លេង​ភ្លេង​ក្នុង​កម្ម​វិធី​​ផ្សេង​ៗ​បាន​​ ចំណែក​ប្រាក់ដែល​ទទួល​បាន​ប្រមាណ​៤ម៉ីន​រៀល​ក្នុង​មួយ​រោង។

“ខ្ញុំ​អាច​លេង​ឧបករណ៍​ភ្លេងពិណពាទ្យ​​បាន​ជិត​គ្រប់ ដក​តែ​ស្គរ​ចេញ​ទេ ហើយ​ឧបករណ៍​ដែល​ខ្ញុំ​ចាប់​បាន​ច្រើន​ជាង​គេ​គឺ​រនាត។ ខ្ញុំ​ចេញ​ទៅ​លេង​ភ្លេង​ក្នុង​កម្ម​វិធី​បាន​ច្រើន​មាន​ពិធីបុណ្យ ពិធីការ ​និយាយ​ទៅ​កម្ម​វិធី​អី​ក៏ដោយ​ឱ្យ​តែ​ត្រូវ​ការ​ភ្លេង​ ខ្ញុំ​លេង​បាន​ទាំង​អស់”។

ដាណែត ចេះលេង​ឧបករណ៍​ភ្លេង​ខ្មែរ​តាំង​ពី​អាយុ១០ឆ្នាំម្ល៉េះ ត្បិត​នាង​ចេះ​ឧបករណ៍​ភ្លេង​បាន​យ៉ាង​ច្រើន​ និង​អាច​យក​ចំណេះ​នេះ​ចិញ្ចឹម​ខ្លួន​បាន​ក៏​ដោយ តែ​បំណង​ប្រាថ្នា​ធំ​របស់​នាង​បែរ​ជា​ចង់​ធ្វើ​ជា​គ្រូ​បង្រៀន​អក្សរសាស្ត្រខ្មែរ​នៅ​ថ្នាក់​អនុវិទ្យាល័យ​ទៅ​វិញ។ “ថ្ងៃ​អនាគត​ខ្ញុំ​ចង់​ធ្វើ​ជា​គ្រូ​បង្រៀន​ភាសាខ្មែរ ខ្ញុំ​ចង់​បង្រៀន​កូន​ខ្មែរ​ឱ្យ​មាន​ចំណេះ​ដឹង​ទើប​ពួក​គេ​មិន​តែលតោល។ ហេតុ​ផល​មិន​ច្រើន​ទេ ខ្ញុំស្រលាញ់​ការ​ងារ​នេះ និង​ចង់​ពង្រឹង​អក្សរសាស្ត្រ​ជាតិ​ទៅ​ដល់​កូន​ខ្មែរ​ និង​ចង់​ឱ្យ​ពួក​គេ​មាន​ចំណេះ​ដឹង​ក្នុង​ខ្លួន​ដើម្បី​អាច​ជួយ​ជាតិ​បាន"។

ដាណែត បាន​មក​រៀន​ភ្លេង​នៅ​ក្នុង​អង្គការ​គ្រួសារ​ថ្មី នៅ​ខេត្ត​កំពង់ចាម​តាំង​ពី​អាយុ៨ឆ្នាំ រហូត​ដល់​បច្ចុប្បន្ន។ ​ពេល​កំពុង​សិក្សា​ថ្នាក់​វិទ្យាល័យ​នាង​បាន​ចេញ​ទៅ​លេង​ភ្លេង​ក្នុង​កម្ម​វិធី​តូច​ធំ​ជា​ច្រើន ដោយបានថវិកាបន្តិចបន្តួចសម្រាប់ផ្គត់​ផ្គង់​ការ​សិក្សា​ប្រចាំ​ថ្ងៃ។

អត្ថបទៈ ប៉ូ សាគុន

អត្ថបទពេញនិយម