ប្រយ័ត្ន! ​អាហារសល់​ខ្លះ​អាចបង្កគ្រោះថ្នាក់​ដល់​ស្លាប់​បើ​រក្សា​ទុក​មិន​ត្រឹម​ត្រូវ

  • 2017-09-12 06:57:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីនៃ​ក្រសួង​សុខាភិបាល​ ​បានអំពាវ​នាវ​ដលល់​ប្រជាពលរដ្ឋ​ដែល​រក្សាអាហារទុក​ក្នុង​កម្ដៅធម្មតា​លើស​ពី​២ម៉ោង​ហើយ​ មិន​គួរ​បរិភោគបន្តនោះទេ ព្រោះថា​អាច​បង្កគ្រោះ​ថ្នាក់​ដល់​អាយុជីវិត​។

នៅព្រឹក​មិញនេះ​ ​វេជ្ជបណ្ឌិត​ លី​ ​សូវ៉ាន់​ ​ប្រធាន​នាយក​ដ្ឋាន​ប្រយុទ្ធ​ជម្ងឺ​ឆ្លង ថ្លែង​ក្នុង​សិក្ខា​សាលា​ស្ដីពី​ការបង្ការ​ការបំពុល​ចំណី​អាហារ​ និង​ការពុល​ស្រា​ក្នុងកំឡុង​ពេលពិធី​បុណ្យភ្ជំបិណ្ឌ​ ថា​ប្រជាពល​រដ្ឋ​ កុំរក្សា​ទុក​អាហារដែល​សល់ក្នុង​កម្ដៅធម្មតា​ចាប់ពី​ពីរម៉ោង​ឡើង​ហើយ​មិន​ត្រូវ​យក​មក​កម្ដៅបរិភោគ​វិញនោះទេ ព្រោះ​ថា​អាហារ​មួយ​ចំនួន​វានឹង​ខូចគុណភាព​នៅ​ពេល​ចុះត្រជាក់។

លោក​លើកជាឧទាហរណ៍ថា ម្ហូបដែល​គេនិយម​ក្នុងពេលមាន​ពិធីបុណ្យ​ធំៗ ​តួយ៉ាង​ ម្ហូបចាប់ឆាយ​ (សម្លចាប់ឆាយ) ដែលភាគ​ច្រើន​ គេបញ្ចូល​ម្ហូប​ដែល​នៅសល់​ និង​បន្លែ​ផ្សេងៗ​រួមគ្នា​ទុក​ ហើយ​ពេលវា​ចុះ​ត្រជាក់​យូរម៉ោង​ហើយ​ក៏​នៅ​មាន​ប្រ​ជាពល​រដ្ឋខ្លះ​ បន្ត​យកវា​ទៅ​កម្ដៅទៀត​ ដែល​ត្រង់​ចំណុចនេះ​លោក​ថាវាពិតជា​គ្រោះថ្នាក់​ណាស់​។ ​

លោក ​លី សូវ៉ាន់ ណែនាំ​ថា បើ​ចង់​រក្សា​ម្ហូប​ទាំងនោះទុក​ក្នុង​ប្រព័ន្ធ​ត្រជាក់​ត្រូវ​រក្សា​ក្នុង​សីតុណ្ហភាព​ទាបជាង​៥​អង្សាសេ និង​បើ​ដាក់​ក្នុង​ឧបករណ៍​កម្តៅ​ត្រូវ​រក្សា​ឲ្យ​លើ​សពី​សីតុណ្ហភាព​៦០​អង្សាសេ។ លោក​ថា​សីតុណ្ហភាព​ពី៥ទៅ​៦០​អង្សាសេ​ជា​សីតុណ្ហ​ភាព​គ្រោះថ្នាក់។​

វេជ្ជបណ្ឌិត​ លី​ ​សូវ៉ាន់​ ​បន្ថែម​ថា គ្រោះថ្នាក់​នៃការពុលចំណី​អាហារភាគច្រើន​បណ្ដាល​មកពីការរៀប​ចំមិនមាន​អនាម័យល្អ​ ទាំង​ក្នុងចំណី​អាហារ​ ការទុក​ដាក់​ និងការចែកចាយ​ មិន​បាន​ល្អ។

ចំណែក​ការ​ពុល​ស្រា​វិញ លោក​ថា​កើត​ចេញការ​ពិសាស្រា​ដែលផលិត​ ឬ​បិត គ្មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ ដែលអាច​គ្រោះថ្នាក់​ធ្ងន់​ធ្ងរ និងអាច​វិវិត្ត​ទៅ​ស្លាប់​បាន​។

មន្ត្រី​ក្រសួង​សុខាភិបាល​រូបបនេះ បាន​​រំឭក​ដល់​ប្រជាពលរដ្ឋ​ ​បើ​មាន​រោគ​សញ្ញា​បន្ទាប់​ពីញ៉ាំ​អាហារ​ ឬពិសា​ស្រារួច​ ដូចជា ក្អួត​ចង្អោរ ​រាគ​ រមួល​ ឈឺ​ក្បាល​ ឈឺពោះ​ វិលមុខ ងងឹត​ភ្នែក ​សន្លប់​ ប្រកាច់ ​ពិបាក​ដង្ហើ់ម សូមទៅ​រកមជ្ឈមណ្ឌលសុខភាព​នៅ​ជិត​ផ្ទះ​បំផុត​ជាបន្ទាន់​៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម