មាស ម៉ើ៖ ជ័យជម្នះថ្ងៃមុនធ្វើឲ្យគ្រូ និងកីឡាករថៃខកចិត្តមិនស្ទើរ
- 2017-09-26 07:00:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាស ម៉ើ៖ ជ័យជម្នះថ្ងៃមុនធ្វើឲ្យគ្រូ និងកីឡាករថៃខកចិត្តមិនស្ទើរ
ចន្លោះមិនឃើញ
អ្នកប្រដាល់ជើងខ្លាំងក្នុងទ្រុងរបស់កម្ពុជា មាស ម៉ើ ថា ជ័យជម្នះលើកីឡាករថៃ Saksurin កាលពីយប់ថ្ងៃសៅរ៍ ទី២៣ កញ្ញា កន្លងទៅនេះ ពិតជាធ្វើឲ្យគ្រូបង្វឹកក៏ដូចជាកីឡាករថៃជាច្រើនរូបខកចិត្តមិនស្ទើរនោះទេ។
កីឡាករ មាស ម៉ើ ឲ្យដឹងថា មុនការប្រកួតកើតឡើងមានសិស្សច្បង និងសិស្សប្អូនរបស់អ្នកប្រដាល់ថៃ Saksurin បានសើចហើយនិយាយថាកីឡាករកម្ពុជាម្នាក់នេះ(មាស ម៉ើ)ប្រហែលមិនអាចទប់ដល់ចប់ទឹកទី១នោះទេមើលទៅ ព្រោះឃើញពីរូបរាង និងកាយវិការមើលទៅមិនសូវទំនងទេ។
ម្ចាស់ខ្សែក្រវាត់ KWC របស់ទូរទស្សន៍ MYTV រូបនេះបន្ថែមទៀតថា មានកីឡាករថៃ រួមទាំងគ្រូបង្វឹកច្រើនណាស់ដែលគិតថាកីឡាករជើងខ្លាំងរបស់គេ(Saksurin)ឈ្នះការប្រកួត ព្រោះកីឡាករម្នាក់នេះជាជើងខ្លាំង Muay Thai ហើយការប្រកួតក្នុងទ្រុងកន្លងមកក៏ធ្វើបានល្អទៀត ណាមួយគេហាត់នៅក្លឹបល្បីឈ្មោះបំផុតនៅប្រទេសថៃផងដែរ។
កីឡាករតំណាងឲ្យកម្ពុជាខាងលើបន្តថា ការប៉ះជាមួយ Saksurin ខ្លូនបានមើលវីដេអូដៃគូប្រកួតជិត១០០ដង មើលហើយមើលទៀត និងត្រៀមក្បាច់សម្រាប់ការប៉ះគ្នានេះយ៉ាងល្អផងដែរ ហើយសម្រាប់ការប្រកួតនេះអាចចាតទុកថាជាការប្រកួតដែល មាស ម៉ើ មានការប្រុងប្រយ័ត្នបំផុតជាងណាណាទៅទៀត។ អតីតកីឡាករជម្រើសជាតិយូដូរូបនេះបន្ថែមចុងក្រោយថា ជ័យជម្នះមួយនេះពិតជាមានសារសំខាន់ខ្លាំងណាស់ ហើយអាចជាសារប្រាប់ថាកីឡាវាយក្នុងទ្រុងរបស់កម្ពុជាក៏មិនអន់ដែរ និងពួកគេច្បាស់ជាចាំមុខរបស់ខ្លួនហើយចាប់ពីពេលនេះ។
គូរបញ្ជាក់ថា កីឡាករ មាស ម៉ើ បានផ្ដួលជើងខ្លាំងរបស់ម្ចាស់ផ្ទះថៃឲ្យចុះចាញ់ត្រឹមទឹកទី១ប៉ុណ្ណោះកាលពីថ្ងៃទី២៣ ខែកញ្ញា ២០១៧ កន្លងទៅនេះនៅឯប្រទេសថៃ ទីក្រុង Pataya៕