ប្រធានាធិបតី​រុស្ស៊ី ប្រកាសកម្ទេច​អាវុធគីមី​ជាប្រវត្តិសាស្ត្រ និង​រិះគន់ ដូណាល់ ត្រាំ

  • 2017-09-28 02:18:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌិមៀ ពូទីន ​បាន​ប្រកាស​ថា រុស្ស៊ី​​​នឹង​បំផ្លាញ​អាវុធ​គីមី​នៅ​ថ្ងៃ​ទី ​២៧​កញ្ញា​នេះ​ (ត្រូវ​នឹង​ថ្ងៃ​ទី ២៨​កញ្ញា​ នៅ​កម្ពុជា) ដែល​ជា​​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ និង​បាន​រិះគន់​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ មិន​ធ្វើ​តាម​ច្បាប់​អន្តរជាតិ។​

​បុរស​ខ្លាំង​រុស្ស៊ី​រូប​នេះ បាន​ប្រកាស​តាម​កញ្ចក់​ទូរទស្សន៍​ថា ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​រុស្ស៊ី​បន្សល់​​ទុក​តាំង​ពី​សម័យ​សូវៀត​ហើយ​វា​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​បំផ្លាញ​ជីវិត​រស់​នៅ​លើ​ផែន​ដី នឹង​ត្រូវ​កម្ទេច​ចោល​គ្មាន​ឲ្យ​សល់។ ការ​បំផ្លាញ​​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​ជិត​ភូមិ Kizner សង្កាត់ Urals ​ទីក្រុង​​ក្រឹម​ឡាំង។

​បន្ទាប់​ពី​ថ្លែង​បែប​​នេះ លោក​ក៏​បាន​ចំអក​ក្រុង​វ៉ាស៊ីនតោន​​ថា "សហរដ្ឋ​អាមេរិក​ មិន​បាន​អនុវត្ត​តាម​កាតព្វកិច្ច​អន្តរជាតិ​ឲ្យ​បាន​ពេញ​លេញ​ទេ។ ​នេះ​គឺ​ជា​ព្រឹត្តិការណ៍​​ប្រវត្តិសាស្ត្រ​ពិត​ប្រាកដ និង​ជា​​ការ​បោះ​ជំហាន​ដ៏​ធំ​ក្នុង​ការ​បង្កើត​ពិភព​លោក​ឲ្យ​ទាន់​សម័យ មាន​សមភាព និង​សុវត្ថិភាព"។

លោក​បន្ត​ថា ក្រុង​វ៉ាស៊ីនតោន​ បាន​ពន្យារ​គម្រោង​របស់​ខ្លួន​ការ​បំផ្លាញ​អាវុធ​គីមី​ដោយ​លើក​ឡើង​ថា ​មិន​មាន​មូលនិធិ​គ្រប់​គ្រាន់។ ​ទោះ​យ៉ាង​ណា ពូទីន ​សង្ឃឹម​ទុក​ថា ​អាមេរិក​នឹង​គោរព​​តាម​កាតព្វកិច្ច​ខ្លួន ដែល​ជា​ផ្នែក​មួយ​នៃ​​កិច្ច​ព្រមព្រៀង​​អន្តរជាតិ​ដូច​ប្រទេស​ផ្សេង​ៗ​ទៀត​ធ្វើ​ដែរ៕

ប្រភព៖ RT   ប្រែ​សម្រួល៖ ឡេង ភារុណ