iPhone 8 Plus សាក​ថ្មសុខៗ​ហើបអេក្រង់រៀបនឹងផ្ទុះ ល្បីផ្អើល​តៃវ៉ាន់​

  • 2017-09-30 02:40:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​សារព័ត៌មាន​តៃវ៉ាន់​​ឲ្យ​ដឹង​ថា​​ស្ត្រី​​ម្នាក់​មាន​ត្រកូល Wu មក​ពី​ទីក្រុង​ Taichung ភាគ​ខាង​លិច​​កោះ​តៃវ៉ាន់​​បាន​ទិញ​ iPhone 8 Plus មក​ប្រើ​ប្រាស់​​កាល​ពី​​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។ iPhone នេះ​ដែរ​រស់​បាន​ត្រឹម​ថ្ងៃ​អង្គារ​ពេល​ថ្ងៃ​ត្រង់​តែ​ប៉ុណ្ណោះ ព្រោះ​តែ​បាន​ផ្ទុះ​​ពេល​កំពុង​សាក​ថ្ម។

​រូបភាព​ ពី​ iPhone 8 Plus ដែល​ផ្ទុះ​នេះ​ត្រូវ​បាន​គេ​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម។ រូបភាព​បាន​បង្ហាញ​ថា​ iPhone 8 Plus មិន​មាន​​ស្លាក​ស្នាម​​ឆេះ​ចេញ​ភ្លើង​អ្វី​នោះ​ទេ ប៉ុន្តែ​បង្ហាញ​ថា​​អេក្រង់​ទូរសព្ទ​បាន​ប៉ោង​​ចេញ​ក្រៅ​ដែល​អាច​បណ្ដាល​មក​ពី​កម្ដៅ​ភាយ​ចេញ​ពី​ថ្ម។

តាម​ការ​ចុះ​ផ្សាយ​ឲ្យ​ដឹង​ដែរ​ថា​ស្ត្រី​ឈ្មោះ​ Wu ​ព្យាយាម​សាក​បញ្ចូល​ថ្ម​នៅ​ពេល​​ថ្ម​សល់​ ៧០%។ ៣ នាទី​ក្រោយ​ទូរសព្ទ​ក៏​ហើប​អេក្រង់​ដូច​បង្ហាញ​ក្នុង​រូបភាព។ ឃើញ​ហេតុការណ៍​ដូច​នេះ​ស្ត្រី​រូប​នេះ​ស្ទុះ​ទៅ​ដក​ឌុយ​សាក​ចេញ​ពី​ទូរសព្ទ​ភ្លែត ដោយ​បារម្ភ​ថា​អាច​ឆេះ​ចេញ​ជា​ផ្កា​ភ្លើង។ គាត់​បន្ថែម​ថា​ បាន​សាក​ទូរសព្ទ​ដោយ​ប្រើ​ឆ្នាំង​សាក​មាន​ក្នុង​ប្រអប់​ស្រាប់។

បញ្ជាក់​ថា iPhone ដែល​ផ្ទុះ​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ក្រុមហ៊ុន​ Apple ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​រក​មូលហេតុ​នាំ​ឲ្យ​ផ្ទុះ​បែប​នេះ។ ត្បិត​ថា​មិន​ទាន់​ដឹង​មូលហេតុ​ ប៉ុន្តែ​មហាជន​មួយ​ចំនួន​បាន​ដាក់​បន្ទុក​លើ​ថ្ម​ ដែល​ផ្គត់ផ្គង់​ដោយ​ Samsung SDI, Amprex Technology Limited, LG Chem។ ពីរ​ក្រុមហ៊ុន​ក្នុង​ចំណោម​ ៣ ក្រុមហ៊ុន​ ជា​អ្នក​ផ្គត់ផ្គង់​ថ្ម​ឲ្យ​ Galaxy Note 7 ដែល​មាន​បញ្ហា​ផ្ទុះ​ថ្ម​កាល​ពី​ឆ្នាំ​មុន។ យ៉ាងណាៗ​នេះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​មួយ​​ដែល​មិន​បាន​ឆ្លង​កាត់​ការ​វិភាគ​ច្បាស់​លាស់​​តែ​ប៉ុណ្ណោះ៕​​​​​​​

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម