នាវា​កូរ៉េ​ខាង​ជើង​ដោត​ទង់​ជាតិ​កម្ពុជា ត្រូវ​អេហ្សីប​ឃាត់​ទុក មាន​ដឹក​រ៉ុកកែត​ជាង ៣ម៉ឺន​គ្រាប់

  • 2017-10-02 08:55:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាវា​ដ៏​ធំ​មួយ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ដែល​ដោត​ទង់ជាតិ​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​អេហ្សីប​ឃាត់​ទុក​នៅ​ព្រែក​ជីក​ស៊ុយអេ ដោយ​រក​ឃើញ​គ្រប់​រ៉ុកកែត​បង្កប់​ជាង ៣ម៉ឺន​គ្រាប់។ នេះ​បើ​តាម​សារព័ត៌មាន Washington Post ចុះ​ផ្សាយ​ប៉ុន្មាន​ម៉ោង​មុន។

នាវា​ Jie Shun

ប្រភព​ខាង​លើ​បាន​បញ្ជាក់​ថា កាល​ពី​ខែ​សីហា​កន្លង​ទៅ សារ​សម្ងាត់​មួយ​បាន​បញ្ជូន​ពី​ក្រុង Washington ទៅ​កាន់​ទី​ក្រុង​កៃរ៉ូ ប្រទេស​អេហ្សីប ដោយ​អះអាង​ថា​មាន​នាវា​សម្ងាត់​មួយ​កំពុង​បើក​ឆ្ពោះ​ទៅ​កាន់​ព្រែក​ជីក​ស៊ុយអេ។ នាវា​នោះ​មាន​ឈ្មោះ Jie Shun ដោត​ទង់ជាតិ​របស់​ប្រទេស​កម្ពុជា តែ​មាន​ប្រភព​ដើម​នៅ​ប្រទេស​កូរ៉េខាងជើង។

ដោយ​ទទួល​បាន​សារ​សម្ងាត់ មន្ត្រី​គយ​រដ្ឋាករ​របស់​ប្រទេស​អេហ្សីប បាន​រង់​ចំានាវា​នោះ​ចូល​ដែន​ទឹក​របស់​ខ្លួន រួច​ក៏​ឃាត់​ទុក​ដើម្បី​ឆែក​ឆេរ​តែ​ម្ដង។ អាជ្ញាធរ​អេហ្សីប​បាន​ប្រទះ​ឃើញ​រ៉ុកកែត​ជាង ៣​ម៉ឺន​គ្រាប់ លាក់​ទុក​ក្រោម​កេះ​រ៉ែ​ដែក។ តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ដែល​បង្ហាញ​ក្រោយ​មក បាន​ឲ្យ​ដឹង​ថា នោះ​ជា​ការ​រឹប​អូស​អាវុធ​ធំ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ប្រឆាំង​នឹង​កូរ៉េខាងជើង។

រ៉ុកកែត​ដែល​ប្រទះ​ឃើញ

តើ​អាវុធ​នោះ ដឹក​ទៅ​លក់​ឲ្យ​នរណា? រឿង​រ៉ាវ​លម្អិត ជុំវិញ​ការ​ជួញ​ដូរ​អាវុធ​ដ៏​ធំ​នេះ អាច​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ខែ​ដើម្បី​ស្វែង​រក​ការ​ពិត។ ប៉ុន្តែ​អ្នក​ដែល​ទិញ​អាវុធ​ទាំង​នោះ ត្រូវ​គេ​ដឹង​ថា​ជា​ជន​ជាតិ​អេហ្សីប​ផ្ទាល់​តែ​ម្ដង ដោយ​មិន​ទាន់​ដឹង​គោល​បំណង​ច្បាស់​ថា​យក​ទៅ​ធ្វើ​អ្វី​នៅ​ឡើយ​នោះ​ទេ។ ពេល​នេះ អាជ្ញាធរ​កំពុង​បើក​ការ​ស៊ើប​អង្កេត ដោយ​អេហ្សីប​បាន​អះ​អាង​ថា​នឹង​ចូល​រួម​សហការ​ជាមួយ​អង្គការ​សហប្រជាជាតិ ដើម្បី​បំផ្លាញ​អាវុធ​ខុស​ច្បាប់​ទាំង​អស់។

បច្ចុប្បន្ន ប្រទេស​កូរ៉េខាងជើង​កំពុង​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ ព្រម​ទាំង​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​នានា។ យ៉ាង​ណា​ក្ដី គេ​ឃើញ​ថា​របប​ដឹក​នាំ​របស់​ គីម ជុងអ៊ុន នៅ​តែ​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន ដោយ​ការ​ជួញ​ដូរ​អាវុធ​ទៅ​កាន់​ប្រទេស​ជិត​ខាង​មួយ​ចំនួន ដែល​ជា​ប្រភព​ចំណូល​មួយ​សម្រាប់​ជាតិ៕

ប្រភព៖ Washingtonpost   ប្រែ​សម្រួល៖ គង់ វិសាល