មកដឹងជំនាញ​ទាំង៧ នៅ​កម្ពុជា​ល្បី​រៀន​ចប់​ប្រាក់​ខែ​ អាច​​ដល់​ខ្ទង់​ពាន់​ដុល្លារ

  • 2017-10-05 04:20:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជ្រើស​ជំនាញ​សិក្សា​ឱ្យ​ត្រូវ​នឹង​ទេពកោសល្យ​ពី​កំណើត​ គឺ​ជា​រឿង​សំខាន់​បំផុត​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ឱ្យ​ខ្លួន​ឯង​ ក្លាយ​ជា​មនុស្ស​ពោរពេញ​សមត្ថភាព​ពិត​ប្រាកដ។ ប៉ុន្តែ​ការ​ជ្រើសរើស​ជំនាញ ដែល​សមស្រប​នឹង​សមត្ថភាព បូក​បន្ថែម​នឹង​ឱកាស​ការងារ​ដែល​មាន​ប្រាក់​បៀវត្ស​ខ្ពស់ ក្រោយ​បញ្ចប់​ការសិក្សា គឺ​កាន់​តែ​ល្អ។ ខាង​ក្រោម​នេះ គឺ​ជា​ជំនាញ​សំខាន់​ៗ​មួយ​ចំនួន ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន តាម​រយៈ​ការ​លើក​ឡើង​ពី​អ្នក​ជំនាញ​មួយ​ចំនួន៖

១. គីមី​ចំណី​អាហារ

បើ​តាម​ការ​លើក​ឡើង​របស់​សាស្ត្រាចារ្យ សេរី សុភា លើក​ឡើង​ថា ជំនាញ​នេះ​មិន​សូវ​មាន​និស្សិត​កម្ពុជា​សិក្សា​ច្រើន​ប៉ុន្មាន​ឡើយ ប៉ុន្តែ​អ្នក​ដែល​រៀន​ចប់​មួយ​ៗ ​អាច​ទទួល​បាន​ប្រាក់​បៀវត្ស​ខ្ពស់។ ចំណែក​ឯ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ដែល​បណ្ដុះបណ្ដាល​ទៅ​លើ​ជំនាញ​នេះ ក៏​មិន​សូវ​មាន​ច្រើន​ប៉ុន្មាន​ដែរ។ ចំពោះ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​សាធារណៈ ដែល​មាន​បង្រៀន​ជំនាញ​នេះ​ដូចជា​នៅ សាលា​ពហុ​បច្ចេកទេស (តិចណូ) និង សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជា​ដើម។

២. បច្ចេកទេស​កសិកម្ម

ដោយ​​ជំនាញ​បច្ចេកទេស​កសិកម្ម​ មិន​ត្រឹម​តែ​អាច​ធ្វើការ​បាន​ប្រាក់​ចំណូល​ខ្ពស់​នោះ​ទេ តែ​ប្រសិន​បើ​មាន​លទ្ធភាព​បង្រៀន​បន្ត​ ឫ​បើក​កសិដ្ឋាន​ដោយ​ខ្លួន​ឯង គឺ​កាន់​តែ​ល្អ​ថែម​ទៀត ចំពោះ​និស្សិត​ដែល​សិក្សា​ជំនាញ​នេះ។ ចំណែក​ឯ​តម្រូវ​ធនធាន​មនុស្ស​ទៅ​លើ​ជំនាញ​នេះ ក៏​មាន​ច្រើន​ដែរ​ នៅ​ក្នុង​​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​លើក​ឡើង​បន្ថែម​ទៀត​របស់ ​សាស្ត្រាចារ្យ សេរី សុភា។​

៣. អ្នក​រចនា​ក្រាហ្វិក

ដោយ​ឡែក​បើ​តាម​ការ​លើក​ឡើង​របស់ លោក​ ភួង ឧត្ដម ជា​អ្នក​គ្រប់គ្រង​ក្នុង​ក្រុមហ៊ុន ផ្នែក​ព័ត៌មាន​វិទ្យា​មួយ​លើក​ឡើង​ថា បច្ចុប្បន្ន​តម្រូវ​ការ​ទៅ​លើ​អ្នក​រចនា​ក្រាហ្វិក​ក្នុង​ប្រទេស​កម្ពុជា​កំពុង​កើន​ឡើង​ខ្លាំង។ ប៉ុន្តែ​អ្នក​ដែល​ចេះ​ជំនាញ​នេះ​ច្បាស់​លាស់ លោក​គិត​ថា នៅ​មាន​កម្រិត​នៅ​ឡើយ ហើយ​ចំពោះ​អ្នក​ដែល​មាន​បទ​ពិសោធន៍​ច្រើន និង​ចេះ​ច្បាស់​លាស់​គឺ​អាច​ទទួល​បាន​ប្រាក់​បៀវត្ស​ខ្ពស់​យ៉ាង​ហោច​ណាស់​ក៏​ចាប់​ពី ៤០០​ដុល្លារ​ឡើង​ដែរ។

៤. វិស្វករ​អគ្គិសនី

ចំពោះ​ជំនាញ​នេះ​វិញ ​ហាក់​មិន​សូវ​មាន​និស្សិត​រៀន​ច្រើន​នៅ​ឡើយ។ ចំណែក​ឯ​តម្រូវ​ការ​ធនធាន​មនុស្ស​ទៅ​អ្នក​ជំនាញ​ផ្នែក​នេះ កំពុង​មាន​តម្រូវ​ការ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ទទួល​បាន​ប្រាក់​បៀវត្ស​ខ្ពស់​ទៀត​ផង។ នេះ​បើ​តាម​ការ​លើក​ឡើង​បន្ថែម​ទៀត​របស់​លោក ភួង ឧត្ដម។

៥. បរិស្ថានវិទ្យា

បើ​និយាយ​ពី​ជំនាញ​នេះ​វិញ និស្សិត​កម្ពុជា​មួយ​ចំនួន​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​ឡើយ ប៉ុន្តែ​អ្នក​ដែល​រៀន​ចប់​ចេញ​ធ្វើ​ការ​សុទ្ធ​តែ​ប្រាក់​ខែ​ខ្ពស់ យ៉ាង​ហោច​ណាស់​ក៏​ចាប់​ពី ៤០០​ដុល្លារ​ឡើង​ដែរ មាន​ខ្លះ​ឈាន​ដល់​ខ្ទង់​ពាន់​ដុល្លារ​ទៀត​ផង។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី សាស្ត្រាចារ្យ សេរី សុភា។

៦. ជំនាញ​សវនកម្ម

តាម​ការ​លើក​ឡើង​បន្ថែម​ទៀត​របស់​សាស្ត្រាចារ្យ​ខាងលើ​នេះ ប្រាប់​ថា ​ជំនាញ​សវនកម្ម ប្រសិន​បើ​និស្សិត​សិក្សា​ចេះ​ច្បាស់​លាស់ នឹង​មាន​ឱកាស​ធ្វើ​ការ​ក្នុង​ក្រសួង​សេដ្ឋកិច្ច ឬ​បណ្ដា​ធនាគារ ក្រុមហ៊ុន​ឯកជន​ធំៗ ក្នុង​ការ​ត្រួត​ពិនិត្យ​សំណៅ​ឯកសារ​សំខាន់ៗ និង​ទទួល​បាន​ប្រាក់​ចំណូល​មិន​ធម្មតា​ទេ។

៧. ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ទំនាក់ទំនង

ចំពោះ​ជំនាញ​នេះ​ក្រោយ​បញ្ចប់​ការ​សិក្សា ​និស្សិត​អាច​មាន​ឱកាស​ក្លាយ​ជា​អ្នក​សារព័ត៌មាន​អាជីព អ្នក​ជំនាញ​ថត​ភាព​យន្ត និយាយ​ជា​រួម​គឺ​ពាក់ព័ន្ធ​​នឹង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ចំណែក​ឯ​តម្លៃ​ពលកម្ម​ទៅ​លើ​ការងារ​ទាំង​នេះ​ក៏​ច្រើន​មិន​ធម្មតា​ដែរ៕

អត្ថបទ៖ វឌ្ឍនៈ