រំភើប! កូន​ខ្មែរ​អស្ចារ្យ​ម្នាក់ឡើង​ចែក​រំលែកក្ដី​ស្រឡាញ់​ពីរបាំខ្មែរដល់​ឆាក TED ទៀត

  • 2017-10-05 04:47:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ខ្មែរ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​ Prumsodun Ok បាន​ធ្វើ​ឲ្យ​បរទេស​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ក្រោយ​បង្ហាញ​ខ្លួន​លើ​ឆាក​ TED ហើយ​រៀបរាប់​ពី​វប្បធម៌​ខ្មែរ​ដ៏​រុងរឿង​ ទៅ​កាន់​អ្នក​ទស្សនា​បរទេស​ជា​ច្រើន​នាក់​ដែល​មាន​វត្តមាន​ក្នុង​កម្មវិធី។

លោក​ ឱក ព្រហ្មសុដន្ត្រៈ (Prumsodun Ok) ជា​កូន​ខ្មែរ​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ដទៃ​ទៀត​មាន​មោទនភាព​ជា​ខ្លាំង​ ពេល​ឡើង​មក​​លើ​វេទិកា​ដ៏​អស្ចារ្យ​ ដោយ​បាន​ធ្វើ​បទ​បង្ហាញ​ពី​វប្បធម៌​ និង​ប្រពៃណី​របស់​ខ្មែរ​ទៅ​បរទេស​ឲ្យ​បាន​យល់​ដឹង។​

លោក​ ឱក ព្រហ្មសុដន្ត្រៈ អំឡុង​ពេល​ធ្វើ​បទបង្ហាញ

ជាមួយ​គ្នា​នោះ​ លោក​ក៏​បាន​ចែក​រំលែក​ ក្ដី​ស្រឡាញ់​របស់​ខ្លួន​ ចំពោះ​របាំ​ក្បាច់​បុរាណ​ខ្មែរ អម​ជាមួយ​ពាក្យពេចន៍​ កាយវិការ​ទន់ភ្លន់​ថ្លៃថ្នូរ​ ស័ក្ដិសម​ជា​កូន​ខ្មែរ​ពិតៗ។ នេះ​ជា​មោទនភាព​មិន​អាច​កាត់​ថ្លៃ​បាន​ នៅ​ពេល​ដែល​កម្ពុជា​បាន​ឈាន​ឡើង​លើ​ឆាក​អន្តរជាតិ​ និង​បាន​ធ្វើ​ឲ្យ​ជនជាតិ​ផ្សេង​កាន់​តែ​ស្គាល់​ និង​ឲ្យ​តម្លៃ​ខ្លាំង​ឡើងៗ។

ជាក់​ស្ដែង​ លោក​ ឱក ព្រហ្មសុដន្ត្រៈ មាន​អាយុ​ ៣០​ឆ្នាំ​ គឺ​ជា​ជនជាតិ​ខ្មែរ​អាមេរិក​ ដែល​បាន​បំបែក​កំណត់ត្រា​ថ្មី​មួយ​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​បាន​បង្កើត​ ក្រុម​របាំ​បុរាណ​ខ្មែរ​សម្រាប់​ភេទ​ទី៣​ ដំបូង​បង្អស់​ក្នុង​ពិភពលោក មាន​ឈ្មោះ​ថា​ “Prumsodun Ok & NATYARASA”។ លោក​ត្រូវ​បាន​ជ្រើស​រើស​ជា​សមាជិក​ជាន់​ខ្ពស់​របស់ TED ហើយ​លោក​នឹង​​ត្រូវ​ចូលរួម​ក្នុង​កម្មវិធី​សន្និសីទធំៗ​ប្រចាំ​ឆ្នាំ​ចំនួន​ ២​។ តាមរយៈ​នេះ​ លោក​ក៏​នឹង​ទទួល​បាន​ឱកាស​អស្ចារ្យ​ជា​ច្រើន​ពិ​កម្មវិធី​នេះ​ដែរ។​

បញ្ជាក់​ផងដែរ​ វេទិកា​ TED គឺ​ជា​វេទិកា​ដ៏​ធំ​ដែល​ បុគ្គល​ល្បីៗ​ជា​ច្រើនមក​ពី​ជុំវិញ​ពិភពលោក ​​បង្ហាញ​វត្តមាន​ជា​បន្តបន្ទាប់​ បង្ហាញ​នូវ​បទ​ពិសោធន៍​ ចំណេះ​ដឹង​ទូទៅ​ទាក់ទង​នឹង​ការ​អប់រំ​​ វប្បធម៌​ ជំនួញ​ វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និង​គំនិត​ច្នៃប្រឌិត​ថ្មីៗ​ ដល់​មហាជន​ជា​ច្រើន​ដែល​កំពុង​ទស្សនា​ក្នុង​កម្មវិធី​ផ្ទាល់​ ហើយ​វា​ក៏​ត្រូវ​បាន​ចែកចាយ​ទូទាំង​ពិភពលោក​ទាំងមូល​ និង​បាន​ទទួល​បាន​គាំទ្រ​ជា​ខ្លាំង៕

ប្រភព៖ Asian Life Magazine   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី